ចាប់តាំងពី ចុងខែកញ្ញា ឆ្នាំ ២០១២ មក ក្នុងកម្មវិធី “តន្ត្រី លើទឹក” របស់ទូរទស្សន៍ ហង្សមាស គេមិនបានឃើញ ពិធីការិនី ចាន់ ស្រីរ័ត្ន ទៀតទេ ប៉ុន្តែកញ្ញា សារាយ សក្ខណា ដែលជា តារាសម្តែងនោះ ចូលមកធ្វើ ជាពិធីការិនី ជំនួសវិញ ។
Written by ភ្នំពេញដេលីញូវ
Sunday, 04 November 2012
ស្របពេលជាមួយនឹង ការដែលគេ មិនបានឃើញ កញ្ញា ចាន់ ស្រីរ័ត្ន ឡើងធ្វើជា ពិធីការិនី នៅក្នុងកម្មវិធី “តន្ត្រីលើទឹក” ក៏មានការ លេចចេញនូវ ពាក្យចចាម អារ៉ាម ផ្សេងៗគ្នា និយាយអំពី ការខ្ទាតចេញ របស់នាង ពីកម្មវិធីនេះ ដោយខ្លះថា អាចមកពី នាងនិយាយ មិន បានល្អ ទើបគេ ដកចេញ យ៉ាងដូច្នេះ ខ្លះថាមកពីនាង រវល់ ការងារក្រៅ ច្រើនពេក ដូចជាការថត សម្តែងរឿង ការដើរម៉ូដ ការថតស្ប៉ត ផ្សេងៗ ដែលថ្មីៗនេះ នៅក្នុង ស្ប៉តផ្សាយ ពាណិជ្ជកម្ម របស់គ្រឹះស្ថាន មីក្រូហិរញវត្ថុ ប្រាសាក់ គេមានការ ចាប់អារម្មណ៍ លើ រូប នាង… ដូច្នេះ អាចនាង គ្មានពេល គ្រប់គ្រាន់ក្នុ ងការធ្វើជា ពិធីការិនី ខ្លះថាអាចមក ពីនាងមាន បុរសមានទ្រព្យ ណាម្នាក់ ជួយជ្រោមជ្រែង និងឧបត្ថម្ភ ដល់នាង ទើបនាងដក ខ្លួន ចេញពីការ ធ្វើជា ពិធីការិនី ព្រោះកាលពីថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ ២០១២ កន្លងមក គេបាន ឃើញនាងធ្វើ ពិធីខួបកំណើត នៅឯឆ្នេរសមុទ្រ អូរឈើទាល ។
ពេលជួបសម្ភាសកញ្ញា ចាន់ ស្រីរ័ត្ន បានឱ្យដឹងថា ចំពោះការ ដែលនាង ចេញពី កម្មវិធី “តន្ត្រីលើទឹក” គឺ មិនមែន ដោយសារ មានបញ្ហាអ្វី នោះទេ សំខាន់មកពី មួយរយៈនេះ មាន ការងារ មមាញ្ញឹកខ្លាំង ក្នុងការសិក្សា របស់នាង ហេតុនេះ ទើបនាងសុំ ទៅអ្នក គ្រប់គ្រង ផ្អាកបន្តិចសិន តែក៏មិន បោះបង់ ចោលការងារ ជាពិធីការិនី នេះដែរ ព្រោះនាងបាន ជាប់ កិច្ចសន្យា ដល់ទៅ ប្រាំឆ្នាំឯណោះ ។
ចំពោះការដែល គេថាឃើញនាង ធ្វើពិធីខួប កំណើត នៅឆ្នេរសមុទ្រ អូរឈើទាល កាលពី ចុងខែកញ្ញា ឆ្នាំ ២០១២ កន្លងទៅនោះ នាងបាន ទទួលស្គាល់ថា គឺជាការពិត តែមិន មែនមាន បុរសណា ជួយឧបត្ថម្ភ ជ្រោមជ្រែង ដល់នាងដែរ សំខាន់គឺនាង បានធ្វើ ពិធីខួប កំណើត ក្នុងលក្ខណៈ ជាក្រុមគ្រួសារ ប៉ុណ្ណោះ ដោយគ្រាន់តែ ចំណាយតិចតួច មិនចាំ បាច់ មានអ្នក ឧបត្ថម្ភ នោះឡើយ ។
ចាន់ ស្រីរ័ត្ន ក៏បានថ្លែង អំណរគុណដល់ ទស្សនិកជន ដែលចាប់ អារម្មណ៍ចំពោះ នាង និង សន្យា ព្យាយាមនិយាយ ឱ្យបានកាន់តែ់ ល្អឱ្យទទួលបាន ការគាំទ្រ ពីទស្សនិកជន ក្នុង ការធ្វើជា ពិធីការិនី របស់នាង នាពេល អនាគត ពិសេសអ្នក គ្រប់គ្រងនិងអ្នក ផលិតកម្ម វិធី សិល្បៈរបស់ ទូរទស្សន៍ ហង្សមាស ដែលបានបង្ក លក្ខណៈ ងាយស្រួល និង បានផ្តល់ ឱកាស ដល់នាងក្នុងការ បានក្លាយខ្លួន ធ្វើជា ពិធីការិនី ។
ជួបជាមួយលោក វណ្ណា ដែលជាអ្នក ផលិតកម្មវិធី សិល្បៈនៃ ស្ថានីយ ទូរទស្សន៍ ហង្សមាស កាលពីថ្ងៃ ទី ១០ ខែតុលា ឆ្នាំ ២០១២ កន្លងទៅ បានរៀបរាប់ ឱ្យដឹងថា ចំពោះការ ដាក់កញ្ញា សារាយ សក្ខណា ឱ្យចូលធ្វើជា ពិធីការិនី ក្នុងកម្មវិធី “តន្ត្រីលើទឹក” ជំនួសកញ្ញា ចាន់ ស្រីរ័ត្ន មិនមែន ដោយសារ មានបញ្ហាអ្វីទេ ហើយនេះ ក៏មិនមែន ជាការ ដកចេញ ដែរ គឺគ្រាន់តែឱ្យ សម្រាកសិន ហើយក៏ដើម្បី បំពេញតាម បំណងរបស់ Sponsor ស្មាត ម៉ូបាល ដែលចង់ បានកញ្ញា សារាយ សក្ខណា ជាអ្នកធ្លាប់ ថតស្ប៉តផ្សាយ ពាណិជ្ជកម្មឱ្យ ស្មាត ម៉ូបាល នាពេល កន្លងទៅ ជាពិធីការិនី សម្រាប់កម្មវិធី នោះ ។ ដូច្នេះក្នុង ការរកស៊ី និង ដើម្បី ជាការផ្លាស់ប្តូរ បរិយាកាស ផងនោះ ត្រូវតែដាក់ សារាយ សក្ខណា ជំនួស ចាន់ ស្រីរ័ត្ន តែនៅពេល មាន កម្មវិធីថ្មីទៀត គឺនឹងដាក់ ចាន់ ស្រីរ័ត្ន ឱ្យធ្វើជា ពិធីការិនី ដដែល ៕
