កម្លាំង​ជាង​មួយ​ម៉ឺន​នាក់ នឹង​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​កិច្ចប្រជុំ​កំពូល​អាស៊ាន​

ភ្នំពេញ: ​កម្លាំង​ប៉ូលិស​ជាង​មួយ​ម៉ឺន​នាក់ នឹងត្រូវ​ប្រើប្រាស់ដើម្បី​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ នៅក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត​។​

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: គ្រីទិច
CEN

​មន្ត្រីជាន់ខ្ពស់​ប៉ូលិស ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីន​ហួរ ដែល​បាន​រាយការណ៍​ថា “​យើង​នឹង​ប្រើប្រាស់​គ្រប់​វិធានការ​សន្តិសុខ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​កិច្ចប្រជុំ​នៅ​ពេល​ខាងមុខ​នេះ​”​។​

​លោក គៀត ច័ន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​នគរបាលជាតិ បាន​មានប្រសាសន៍ថា កម្លាំង​សន្តិសុខនឹង​មាន​ដាក់​តាម​ព្រលានយន្តហោះ វិមាន​សន្តិភាព សណ្ឋាគារ ផ្ទះសំណាក់ និង​តាម​ដងផ្លូវ​។ ចំណែក​នៅ​ពេលយប់ ក៏​នឹង​មាន​ការឆែកឆេរ​អាវុធ​ផងដែរ​។​

​មេដឹកនាំ​កំពូលៗ មកពី ១៧ ប្រទេស នឹង​ចាប់ផ្តើម​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១២ ខណ​:​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ចំណែក​មន្ត្រី​ជាន់ខ្ពស់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន នឹង​ធ្វើដំណើរ​ជា​បន្តបន្ទាប់​មក​កាន់​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ខណៈ​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន ត្រូវបាន​ប្រកាសថា នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​នោះ ក៏​នឹង​មាន​វត្តមាន​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​មហាអំណាច រួមមាន ប្រធានាធិបតី​អាមេរិក លោក អូ​បា​ម៉ា ប្រធានាធិបតី​រុស្ស៊ី លោក វ​ល្លាដឺ​មៀរ ពូ​ទីន និង​លោក​នាយករដ្ឋមន្ត្រី​ចិន វេន ជា​បាវ ជាដើម​៕​ S

What Next?

Recent Articles