ប្រធានរដ្ឋសភា​៖ ទេ​សន្ត​ប្រវេសន៍​ការងារ បាន​ក្លាយ​ជា​ចំណោទ​មួយ ក្នុង​បណ្តា​បញ្ហា​សកល ដែល​កើតមាន​នៅ​ដើម​សតវត្ស​ទី​២១

ភ្នំពេញ: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជា​ណាក​ច្រកម្ពុជា បាន​ថ្លែង​បើក​វេទិកាសភា​ស្តីពី “​ការលើកកម្ពស់ និង​កិច្ច​ការពារ​សិទ្ធិ​ពលករ​ទេ​សន្ត​ប្រវេ​សន៍​” នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ដោយ​លើកឡើង​ថា ទេ​សន្ត​ប្រវេសន៍​ការងារ បាន​ក្លាយ​ជា​ចំណោទ​មួយ ក្នុង​បណ្តា​បញ្ហា​សកល ដែល​កើតមាន​នៅ​ដើម​សតវត្ស​ទី​២១​។

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: វឿន សាវុធ​
CEN

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បន្ត​ឲ្យដឹង​ទៀតថា បច្ចុប្បន្ន ស្ទើរ​គ្រប់​ប្រទេស​សុទ្ធតែ​មាន​ការងារ​ធ្វើ​ទេ​សន្ត​ប្រវេសន៍ ក្នុងឋានៈ​ជា​ប្រទេស​បញ្ជូន ជា​ប្រទេស​ឆ្លងកាត់ និង​ជា​ប្រទេស​ទទួល​ពលករ ឬ​អាច​ស្ថិតក្នុង​ស្ថានភាព​ទាំងបី​តែម្តង (​បញ្ជូន ឆ្លងកាត់ និង​ទទួល​ពលករ​)​។ និន្នាការ​ប្រជាសាស្ត្រ គម្លាត​ប្រាក់ចំណូល ស្ថានភាព​សង្គម និង​នយោបាយ ព្រមទាំង​ឱកាស​ការងារ អាច​ជា​មូលហេតុ​នាំឲ្យ​មាន​លំហូរ នៃ​ការធ្វើ​ទេ​សន្ត​ប្រវេសន៍​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បន្ថែមថា ទេ​សន្ត​ប្រវេសន៍​ការងារ បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក្នុង​បរិបទ​ដែល​ការធ្វើ​ទេ​សន្ត​ប្រវេសន៍​ការងារ មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​។ ចំពោះ​ប្រទេស​បញ្ជូន​ពលករ បាន​ទទួល​ត្រលប់​មកវិញ នូវ​លំហូរ​រូបិយប័ណ្ណ ការផ្ទេរ​បច្ចេកវិទ្យា និង​ចំណេះដឹង​។ ចំណែក​ប្រទេស​ទទួល​ពលករ បាន​បំពេញ​នូវ​តម្រូវការ​ទីផ្សារការងារ និង​ជំនាញ ដើម្បី​ជំរុញ​សកម្មា​ភ​សេដ្ឋកិច្ច​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ថា ការពិត​ណាស់​ពលករ​ទេ​សន្ត​ប្រវេសន៍ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ និង​ជា​សមាសភាគ ពុំ​អាច​ខ្វះ​បាន​នៅ​ក្នុង​ជីវភាព​សេដ្ឋកិច្ច និង​សង្គម​ក៏ដោយ ក៏​ប៉ុន្តែ​ពលករ​ទេ​សន្ត​ប្រវេ​សន៍ បាន​ស្ថិតក្នុង​ប្រជា​ពលករ​ងាយ​រងគ្រោះ​។ ស្របពេល​ដែល​ចរន្ត​នៃ​ការធ្វើ​ទេ​សន្ត​ប្រវេសន៍​បាន​កើនឡើង ក៏​មាន​របាយការណ៍​បង្ហាញ​ពី​ការរំលោភ​សិទ្ធិពល​ករ​ទេ​សន្ត​ប្រវេសន៍​។ ការ​ធ្វើ​ទេ​សន្ត​ប្រវេ​សន៍ ពុំ​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​តែ​បញ្ហា​ប្រឈម​។ លើសពីនេះ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ បាន​កើត​មាន​បញ្ហា​ជា​ញឹកញាប់​នៅ​ក្នុង​បរិបទ នៃ​ការធ្វើ​ទេ​សន្ត​ប្រវេសន៍​ពុំ​រៀបរយ​។ ជា​លទ្ធផល​ពលក​រ​ទេសន្តប្រវេសន៍​ទាំង​នោះ ត្រូវបាន​កេងប្រវ័ញ្ច បង្ខំ​ឲ្យធ្វើ​ការ​ក្នុង​ស្ថានភាព​ខ្វះ​អនាម័យ លំបាក គ្រោះថ្នាក់ និង​ខុសច្បាប់ ដោយ​មិន​គិត​ដល់​ការរំលោភបំពាន​លើ​ពលករ​ស្ត្រី​បំរើ​ការងារ​ក្នុងផ្ទះ ដែល​កើតមាន​ជា​ញឹកញាប់​នៅ​កន្លែង​មួយចំនួន​ទៀត​ផង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានបញ្ជាក់​ថា ដើម្បី​ឆ្លើយ​តម​ទៅនឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​នូវ​កាលានុវត្តភាព ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការពង្រីក​មុខរបរ និង​ទីផ្សារ​ការងារ​ក្នុងស្រុក​ជូន​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ និង​សំណង់ ជាដើម​។ ទោះបីជា​យ៉ាងណាក្តី នៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន ដែល​មិន​អាច​ចាប់​យក​ឱកាស​ទាំងនេះ​បាន ហើយ​បាន​ជ្រើសរើស​យក​ការងារ​ទេ​សន្ត​ប្រវេសន៍ ដើម្បី​ការងារ​នៅ​ក្រៅប្រទេស ស្របពេល​ដែល​រាជរដ្ឋាភិបាល កំពុង​ស្វែងរក​ដំណោះស្រាយ​ឲ្យបាន​សមស្រប​សម្រាប់​ការពា​រ​សិទ្ធិ និង​ផលប្រយោជន៍​ដល់​ពលករ​ទេ​សន្ត​ប្រវេសន៍​ទាំង​ក្នុង​ប្រព័ន្ធ​រៀបរយ និង​មិន​រៀបរយ​។

​សម្តេច​ប្រធានរដ្ឋសភា ក៏បាន​លើកឡើង​ថា ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ និង​ផែនការ​យុទ្ធសាស្ត្រ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ការនាំចេញ​ពលកម្ម​ជា​ផ្លូវការ​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​បង្កើន​សុខុមាលភាព និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ជំនាញ កាត់បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ និង​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បន្តថា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ការបញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​បរទេស​នេះ រាជរដ្ឋាភិបាល​បាន​ចាត់​វិធានការ​សមស្រប​ជាច្រើន​សំដៅ​ការពារ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ការរត់ពន្ធ​មនុស្ស ការរំលោភ​លើ​រូបរាងកាយ និង​ផ្លូវភេទ និង​ការកេងប្រវ័ញ្ច​នានា ដូចជា​៖

១) ការចេញ​អនុក្រឹត​ស្តីពី ការគ្រប់គ្រង​លើ​ការបញ្ជូន​ពលករ​ខ្មែរ ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស តាមរយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​

២) ការបង្កើន​គណៈកម្មាធិកា​រ​ជាតិ ដឹកនាំ​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ការរត់ពន្ធ​ធ្វើ​អាជីវកម្ម ពលករ​លើ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​ដែល​ជា​យន្តការ​អន្តរក្រសួង​

៣) ការបង្កើត​គណៈកម្មាធិកា​រ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​បរទេស ដែល​ជា​ទី​ភ្នាក់ងារ​ជ្រើសរើស​សាធារណៈ ដើម្បី​ជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ទៅ​ធ្វើការ​នៅ​បរទេស ជា​ពិសេស​ការងារ​នៅ​សាធារណៈរដ្ឋ​កូរ៉េ តាម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​

៤) ការបង្កើត​គោលនយោបាយ​ស្តីពី ទេ​សន្ត​ប្រវេសន៍​ការងារ​

៥) ឯកសារ​ណែនាំ​តម្រង់​ទិស​មុន​ចេញដំណើរ​

៦) សៀ​ភៅ “​ធ្វើដំណើរ​ដោយ​ភាព​វៃឆ្លាត​-​ធ្វើ​ការងារ​ដោយ​ភាព​វៃឆ្លាត​”

៧) ប្រព័ន្ធ​ទិន្នន័យ​ទេស្ត​ប្រវេសន៍​ការងារ គំរូ​កិច្ចសន្យា និង​សេវា​រក​ការងារ​។​ល​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​បន្ថែមទៀតថា ក្រៅពីនេះ កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ នៃ​ការយោគយល់​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ ព្រមទាំង​ជា​ហត្ថលេខី​នៃ​សេចក្តីប្រកាស និង​អនុសញ្ញា​អន្តរជាតិ ដូចជា សេចក្តីប្រកាស​អាស៊ាន ស្តីពី ការលើកកម្ពស់ និង​កិច្ច​ការពារ​សិទ្ធិ​ពលករ​ទេ​សន្ត​ប្រវេ​សន៍ អនុសញ្ញា​ស៊ី​-​ដ និង​អនុសាសន៍​ទូទៅ​លេខ ២៦ ស្តី​ពី​ពលករ​ទេ​សន្ត​ប្រវេសន៍​ជា​ស្ត្រី អនុសញ្ញា​អន្តរជាតិ​ស្តីពី កិច្ច​ការពារ​ពលករ​ទេ​សន្ត​ប្រវេសន៍ និង​សមាជិក​គ្រួសារ ដែល​ជា​មូលដ្ឋាន​គតិយុត្ត សម្រាប់​កិច្ច​ការពារ​សិទ្ធិ​ពលករ​ទេ​សន្ត​ប្រវេ​សន៍​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បន្តថា ការលើកកម្ពស់ និង​កិច្ច​ការពារ​សិទ្ធិ​ពលករ​ទេ​សន្ត​ប្រវេ​សន៍ គឺ​ចំណែក​សំខាន់បំផុត នៃ​ការការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស​។ សភា​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការរួមចំណែក​ការងារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេ​សន្ត​ប្រវេសន៍ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ទេសន្តប្រវេសន៍​ការងា​រ​ដំណើរការ​លើ​មាគ៌ា​មាន​របៀបរៀបរយ សុខុមានភាព និង​ត្រឹមត្រូវ​តាមច្បាប់ ដោយ​អនុម័ត​ច្បាប់​ស្តីពី ការអនុម័ត​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ស្តីពី​ការគ្រប់គ្រង​ការប្រើប្រាស់​ហត្ថ​ពលកម្ម​។ តាមដាន​យោគយល់​ទាំង​ទ្វេភាគី និង​ពហុភាគី​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បន្តទៀតថា ទន្ទឹមនឹងនេះ សភា​បាន​បង្កើត​កិច្ចសន្ទនា និង​ធ្វើ​ការគាំទ្រ​មតិ ទាំង​នៅ​ថា្នក់​ជាតិ និង​តំបន់​លើ​បញ្ហា​ទេ​សន្ត​ប្រវ​សេន៍​ការងារ ជាពិសេស​នៅក្នុង​ក្របខ័ណ្ឌ នៃ​មហាសន្និបាត​អន្តរ​អាស៊ាន (​អាយ​ប៉ា​) ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរ​សភា និង​ផ្នែក​ពាក់ព័ន្ធ នៃ​បណ្តា​ប្រទេស​បញ្ជូន ប្រទេស​ទទួល និង​ប្រទេស​សំចត ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន និង​មេរៀន​ពិសោធន៍​ល្អៗ ក្នុង​គោលដៅ​បង្កើន​ការគ្រប់គ្រង​ពលករ​ទេ​សន្ត​ប្រវេសន៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ប្រសាសន៍ថា “​ជាមួយគ្នានេះ ខ្ញុំ​សូម​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជំរុញ​អនុវត្ត​កិច្ចព្រមព្រៀង និង​អនុស្សរណៈ នៃ​ការយោគយល់ ដែល​មាន​ស្រាប់ និង​ពិនិត្យ​លទ្ធភាព​ក្នុង​ផ្ទាល់​សច្ចាប័ន លើ​អនុញ្ញា​អន្តរជាតិ​ដែល​ពាក់ព័ន្ធ ដើម្បី​ជា​មូលដ្ឋាន​គតិយុត្ត ការពារ​សិទ្ធិ​ពលករ​ទេ​សន្ត​ប្រវេ​សន៍​”​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បញ្ជាក់ទៀតថា ក្រសួង​មាន​សមត្ថកិច្ច ក៏ដូចជា​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ គួរ​ផ្តល់​ព័ត៌មាន​ចាំបាច់​ពី​ប្រពៃណី ទំនៀមទម្លាប់ ស្ថានភាព​ច្បាប់ និង​គោលនយោបាយ នៃ​បណ្តា​ប្រទេស​ទទួល​ពលករ ដើម្បី​ឲ្យ​ពលក​រយើង​អាច​សម្រប​ខ្លួន​មុន ចេញដំណើរ​ទៅ​ធ្វើការ​នៅ​បណ្តា​ប្រទេស​ទាំងនោះ​៕​

What Next?

Recent Articles