អឿន ដាលីស កំពុងមមាញឹក ក្នុងការធ្វើជា ពិធីការិនី នៅតាម បណ្តាខេត្ត នានា ស្របពេល ប្រភពព័ត៌មាន ពីអ្នក នៅប្រទេស អូស្ត្រាលី បានឱ្យ ដឹងថា គូស្នេហ៍ អឿន ដាលីស កំពុងទន្ទឹង រង់ចាំ មើលផ្លូវនាង ត្រឡប់ទៅវិញ តែ អឿន ដាលីស បែរជា ចំណាយ ពេលវេលា ជាមួយ ការងារសិល្បៈ នៅក្នុងស្រុកខ្មែរ ទៅវិញ បើទោះជា នាងបានបង់ ប្រាក់ដើម្បី បន្តការសិក្សា អស់រាប់ម៉ឺន ដុល្លារ តែនាង បែរជាសុំ ព្យួរការសិក្សា សិន ។
Written by ភ្នំពេញដេលីញូវ
Tuesday, 13 November 2012
បីខែមកហើយដែល អឿន ដាលីស បានត្រឡប់ មក ស្រុកខ្មែរវិញ ទោះជា យ៉ាងនេះក្តី នាងមិនបាន បង្ហាញខ្លួន នៅក្នុងកម្មវិធី ជួបជុំមិត្តភក្តិ សិល្បៈ ណាម្នាក់ទេ ក្រៅពីធ្វើជា ពិធី ការិនី នៅទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ក្នុងកម្មវិធី “តន្ត្រីសម័យ យុវវ័យ” ដែលមាន ផ្សាយផ្ទាល់ រៀងរាល់ ថ្ងៃអាទិត្យ ភាគច្រើននាង ជាប់រវល់ធ្វើ ពិធីការិនី នៅតាមបណ្តា ខេត្តនានា ។ អ្នកសិល្បៈ ដែលមានការ ស្និទ្ធស្នាល ជាមួយនាង ម្នាក់ៗ និយាយថា អឿន ដាលីស កំពុង ខិតខំ សន្សំប្រាក់កាស ដើម្បីត្រឡប់ ទៅអូស្ត្រាលី វិញ ។ ជាក់ស្តែង នៅក្នុងខែ កញ្ញា អឿន ដាលីស ចេញទៅ ធ្វើពិធីការិនី នៅតាមបណ្តា ខេត្តផ្សេងៗ ជាប់គ្នា ពេញមួយ សប្តាហ៍ ដូចជា ខេត្តបាត់ដំបង និង សៀមរាប ជាដើម ។ ថ្មីៗនេះ អឿន ដាលីស ត្រូវបានគេ ហៅថតឈុត ផ្សព្វផ្សាយ ពាណិជ្ជកម្ម ធំមួយ ទាក់ទង នឹង ច្បាប់ចរាចរ ដោយ អឿន ដាលីស បាន ឱ្យដឹងថា នាងសប្បាយចិត្ត ដែលបាន ចូលរួម ថតឈុតទាំងនោះ ដើម្បីជាសារ អប់រំដល់ បងប្អូនខ្មែរ ឲ្យចេះស្រឡាញ់ អាយុជីវិត របស់ខ្លួន និង ចេះការពារ និង ចៀសវាង គ្រោះថ្នាក់ ដោយចៃដន្យ ។ រយៈពេល ខ្លីសោះ ដែល អឿន ដាលីស ត្រឡប់មក កាន់ វិស័យ សិល្បៈវិញ តែនាងនៅតែ មានហាងឆេងល្អ ត្រូវបានគេ ហៅថត ជាបន្តបន្ទាប់ ។
ត្រឡប់មកពី អូស្ត្រាលី លើកនេះ អឿន ដាលីស កាន់តែ ស្រស់ស្អាត ដោយសារ តែរូប សម្រស់ នេះហើយ ដែលជាដើមទុន ជួយដល់នាង ទទួលបាន ការងារច្រើន ។ ការងារកាន់ តែ មមាញ្ញឹក បានធ្វើឱ្យ អឿន ដាលីស មិនចង់ត្រឡប់ ទៅប្រទេស អូស្ត្រាលី វិញទេ ។ ទាំង អ្នកក្នុង និង ក្រៅសិល្បៈ ដែលមានការ ស្និទ្ធស្នាល ជាមួយ អឿន ដាលីស បានលួច ខ្សឹប សួរថា ដាលីស ជាស្រីស្អាត សម្បូរស្នេហ៍ មួយរូប ដែលមានគូស្នេហ៍ ជាអ្នកមាន ចុះហេតុអ្វី នាងនៅតែខំ ប្រឹងធ្វើការងារ នៅស្រុកខ្មែរ ?
ការពិត អឿន ដាលីស ត្រូវត្រឡប់ ទៅវិញ នៅអំឡុង ខែកញ្ញា តែពេលនេះ បែរជា ពន្យារពេល ជាច្រើន ខែទៀត ។ បើតាមប្រភព ព័ត៌មាន ដែលស្គាល់គ្នា ជាមួយ អឿន ដាលីស បានឱ្យដឹងថា ដាលីស នៅតែស្រឡាញ់ អាជីពជា ពិធីការិនី នាងមិន ចង់បោះបង់ អាជីព នេះឡើយ បើមានឱកាស នាងនៅតែបន្ត ដូចដើម ។ ជាក់ស្តែង គ្រាន់តែ មកដល់ ស្រុក ខ្មែរវិញភ្លាម នាងបានទាក់ទង ទៅស្ថានីយ ទូរទស្សន៍ ដើម្បី ទទួលបាន តំណែងរបស់ ខ្លួនវិញ បើទោះបីជា នាងបាន ចាកចេញ ពីទីនោះ ជាងមួយ ឆ្នាំហើយក្តី ។
តាមសម្តីម្តាយ អឿន ដាលីស បញ្ជាក់ប្រាប់ថា ពេលដែល ដាលីស ទៅនៅ អូស្ត្រាលី នាងស្នាក់នៅ ជាមួយ បងស្រី របស់នាង ។ ការស្នាក់នៅ គឺបងស្រីនាង ជាអ្នកទទួល ខុសត្រូវ ចំណែករឿង ចាយវាយ ប្រចាំថ្ងៃ និងថ្លៃបង់សាលា ត្រូវចំណាយ ប្រាក់ផ្ទាល់ខ្លួន ។ អ្នកស្រី បន្តទៀតថា “ដាលីស នឹងស្នាក់នៅ ស្រុកខ្មែរ ពីរទៅបីខែ ទៀត ទើបនាង ត្រឡប់ទៅ វិញ ពីព្រោះនាង ចង់ចំណាយ ពេលវេលា ជាមួយ ក្រុមគ្រួសារ ពីព្រោះប៉ុន្មាន ខែនេះ សុខភាពខ្ញុំ មិនសូវល្អផង ទើបនាង មិនចង់ឃ្លាត ឆ្ងាយពីខ្ញុំ ។ មុននឹង មកស្រុកខ្មែរ នាងបាន សុំ ព្យួរ ការសិក្សា ជាច្រើនខែ នាងថែមទាំង បានបង់ប្រាក់ ថ្លៃសាលា រួចរាល់ហើយ ដូច្នេះនាង នឹងត្រឡប់ទៅវិញ ដើម្បីឱ្យទាន់ វគ្គសិក្សាថ្មី” ។
ម្តាយ អឿន ដាលីស នៅតែព្យាយាម លាក់បាំងពី ជីវិតឯកជន របស់ អឿន ដាលីស ទោះបីជា មានមនុស្ស ជាច្រើន បានដឹង និង បានស្គាល់ ពីមុខមាត់ពិត គូស្នេហ៍របស់ នាងក៏ ដោយ ។ បើតាមប្រភព ព័ត៌មានពីអ្នក នៅអូស្ត្រាលី បានប្រាប់ថា គូស្នេហ៍ អឿន ដាលីស កំពុងទន្ទឹង រង់ចាំផ្លូវនាង ត្រឡប់ទៅវិញ ឆាប់ៗ តែនាងសុំ ពន្យារពេល ប៉ុន្មានខែទៀត ដោយលើក ហេតុផលថា ចាំមើល សុខភាពម្តាយ របស់នាង ល្អប្រសើរ ជាងមុនសិន ៕