កូកាកូឡា វ៉ា​ដាច់ ទឹកអំពៅ ហើយ​!

ភ្នំពេញ: ទឹកអំពៅ​ធ្លាប់ជា​ភេសជ្ជ​:​ពេញនិយម​មួយនៅក្នុង​សង្គម​ខ្មែរ​។ វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​តាមបែប​ធម្មជាតិ​សុទ្ធសាធ ​និង​នាំមក​នូវ​សុខភាព​។ ប៉ុន្តែ​ឥឡូវនេះ វា​មិនជា​ពេញនិយម​ឡើយ​នៅក្នុង​ចំណោម​មនុស្ស​សម័យថ្មី​ដែល​ចូលចិត្ត​តែ​ភេសជ្ជៈកំប៉ុង​លក់​តាម​ហាង​ម៉ាស៊ីនត្រជាក់​។​

ថ្ងៃទី 1 ធ្នូ 2012
ដោយ: វឿន សាវុធ
CEN

កូកាកូឡា វ៉ា​ដាច់ ទឹកអំពៅ ហើយ​!

កូកាកូឡា វ៉ា​ដាច់ ទឹកអំពៅ ហើយ​!

ចាប់​តាំងពី​មាន​ភេសជ្ជៈ​បរទេស​មួយចំនួនវាយលុក​ចូលក្នុង​ទីផ្សារ​កម្ពុជា​មក​មានដូចជា ប៉ិបស៊ី (Pepsi) សាមូរ៉ៃ​ (Samurai) ស្ទី​ង​ (Sting) ស្ព្រៃ​ត៍ ​(Sprite) ហ្វា​ន់តា (Fanta) ​កូកាកូឡា​ (Coca-cola)​ ជាដើម ទឹកអំពៅ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​បេះដូង​ជនជាតិខ្មែរ​។​

លោក គឹម តេង ជា​អាជីវករ​លក់​ទឹកអំពៅ​មួយរូប​នៅ​ម្ដុំផ្សារ​ដើម​គ ដែល​បាន​លក់​ទឹកអំពៅ​អស់​រយៈពេល​ជិត​៦​ឆ្នាំ​ហើយ​មក​នោះ បាន​ប្រាប់ថា ទឹកអំពៅ​មានតម្លៃ​មិន​ថ្លៃ​នោះទេ ហើយ​ងាយ​នឹង​រកប្រាក់​ចំណេញ ព្រមទាំង​លក់ដាច់​ទៀតផង​ ជាពិសេស​នៅ​រដូវក្តៅ​។ តែ​ក្រោយមក​លក់​មិ​នសូវ​ជា​ដាច់​ប៉ុន្មាន​ទេ ដោយ​ភាគច្រើន​គេ​ងាក​ទៅ​ញ៉ាំ​ភេសជ្ជៈ​ថ្មីៗ​វិញ​។​

អាជីវករ គឹម តេង បាន​និយាយថា “​ខ្ញុំ​លក់​ទឹកអំពៅ​ក្នុង​មួយថង់ ឬមួយ​កែវ​តម្លៃ​ពី ​៥០០ ទៅ​ ១.០០០ ​រៀល ហើយ​អំពៅ​ទាំង​ហ្នឹង​ គឺ​ទិញ​ពី​ផ្សារ​ដើម​គ​ផ្ទាល់ ​មាន​ម៉ូយ​ចាំ​បោះ​ស្រាប់​។ ទិញ​ចូលក្នុង​មួយ​បាច់​តម្លៃ​ពី​ ១៣.០០០ ទៅ​ ១៥.០០០ ​រៀល ហើយ​ទិញ​ចូល​ម្តងៗ​ ចាប់ពី​ ៥ ទៅ ​៧​ បាច់​ សម្រាប់​លក់ ពេលខ្លះ​អាច​ទិញ​ចូល​លើស​ហ្នឹង​ អាស្រ័យ​លើ​លក់ដាច់ ឬ​មិន​ដាច់”​​។​

អាជីវករខាងលើ​បាន​និយាយ​បន្តថា “​បើ​ថ្ងៃ​លក់ដាច់​បាន​ពី​ ៧ ទៅ​ ១០ ​ម៉ឺន​រៀល​។ បើ​ថ្ងៃ​លក់​មិន​ដាច់ ​បានតែ​ពី​ ២ ទៅ​ ៥​ ម៉ឺនរៀល​ទេ​ ព្រោះ​មិនសូវមាន​អ្នក​ផឹក ហើយ​ភាគច្រើន​គេ​និយម​ផឹក​តែ​កូ​កា​ច្រើនជាង​”​។​

​អាជីវករដដែល បាន​និយាយ​ទាំង​ទឹកមុខ​ស្មើ​ថា “​ឥឡូវ​បើ​និយាយ​ពី​ទឹកអំពៅ និង​កូ​កា គឺ​កូ​កា​នាំមុខ​ហើយ​! ហើយ​ទាល់តែ​អត់​មាន​លុយ ​បាន​គេ​មក​ផឹក​ទឹកអំពៅ​”​។

​ចំណែក​អ្នកស្រី ទន់ ហុង ជា​អាជីវករ​មួយរូប​នៅ​ផ្សារ​សំណង់​១២ ដែលជា​អ្នកលក់​តែ​ភេសជ្ជៈ ប៉ិបស៊ី សាមូរ៉ៃ ស្ទី​ង ស្ព្រៃត៍ ហ្វា​ន់តា និង​កូកាកូឡា រយៈពេល ​៥​ឆ្នាំ ​មកហើយ​នោះ បាន​ឲ្យ​ដឹងថា រាល់​ភេសជ្ជៈ​ទាំងអស់​ដែល​លក់ដាច់​ខ្លាំងជាងគេ​ គឺ ស្ទី​ង និង​កូ​កា​។ តែ​មុខរបរ​នេះ​លក់​មិនសូវ​ជា​ចំណេញ​ប៉ុន្មាន​ទេ ដោយ​គ្រាន់តែ​លក់បាន​ប្រាក់​ជាប្រចាំ​ប៉ុណ្ណោះ​។​

​អ្នកស្រី ទន់ ហុង បាន​និយាយថា “​ខ្ញុំ​លក់​កូ​កា​ដប​ជ័រ​មួយ​ដប​តម្លៃ​ ២.៥០០​ រៀល បើ​កំប៉ុង​គឺ​ ១.៦០០ ​រៀល​ ក្នុង​មួយ​កំប៉ុង ហើយ​អា​ដប​កែវ​មួយ​ ១.៧០០​ រៀល​។ អី​វ៉ាន់ទាំងនេះ​យកមក​ពី​ស្តង់​ផ្សារ​អូ​ឡាំ​ពិ​ក តែ​ពេលខ្លះ​គេ​ដឹក​មក​ឲ្យ​ដល់ផ្ទះ​។ តម្លៃ​ទិញ​ចូល ​កូ​កា​ដប​ជ័រ​គឺ​ ៥ ​ដុល្លារ​ មួយ​ឡូត៍​មាន​ ១២ ​ដប បើ​ដប​កែវ​ពី​ ៤,៥ ទៅ ​៥ ​ដុល្លារ​ មាន​ ២៤​ ដប​ ក្នុង​មួយ​កញ្ច្រែង ហើយ​ពួក​កំប៉ុង​តម្លៃ​ ៨​ ដុល្លារ​ ក្នុង​មួយ​កេស ​មាន ​២៤​ កំប៉ុង​”​។​

​អ្នកស្រី​អាជីវ​ករ​ខាងលើនេះ បាន​និយាយ​បន្តថា “​ក្នុង​មួយថ្ងៃ​ខ្ញុំ​លក់បាន​ពី ​៥ ទៅ​ ៦​ ម៉ឺន​រៀល សម្រាប់​ថ្ងៃ​ធម្មតា បើ​ថ្ងៃ​លក់ដាច់​ពី​ ១០ ទៅ​ ១៥​ ម៉ឺន​រៀល ​ក្នុង​មួយថ្ងៃ (​តែ​គាត់​មិនបាន​ចាំ​ថា ​លក់​ក្នុង​មួយថ្ងៃ​បាន​ប៉ុន្មាន​ដប​ទេ​)​ ហើយ​ទិញ​ស្តុក​ទុក​ច្រើន​កេស​ទៀតផង​”​​។​

​គាត់បាន​ប្រាប់​បន្តទៀតថា “​អ្នកទិញ​ផឹក​ភាគច្រើន​គឺជា​ក្មេងៗ និង​យុវវ័យ​។ មនុស្ស​ចាស់​មិនសូវ​ទិញ​ផឹក​ទេ ខ្លាច​ទឹកនោម​ផ្អែម និង​ឈឺក្រពះ​”​​។​

​សម្រាប់​អ្នក​ដែល​ទទួល​ទានភេសជ្ជៈ​ បាន​ទទួលស្គាល់ថា ពួកគេ​ពិតជា​ចូលចិត្ត​កូកាកូឡា ជាង​ទឹកអំពៅ​។​

​កញ្ញា វូ​ច ឈី​ម ជា​និស្សិត​ឆ្នាំ​ទី​២​ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​និយាយថា “​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​កូកាកូឡា​ណាស់ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ ហើយ​ទាន់សម័យ​ផង​។ តែ​ឥឡូវ​រាង​កាត់បន្ថយ​ខ្លះ​ហើយ ​ព្រោះ​ខ្លាច​កើត​ទឹកនោមផ្អែម និង​រលាក​ក្រពះ”​។​

​រីឯយុវជន កាំ​ង ឃៀង ជា​បុគ្គលិកក្រុមហ៊ុន​ឯក​ជនមួយ បាន​និយាយថា “​ខ្ញុំ​ចូលចិត្ត​ផឹក​កូកាកូឡា​ណាស់ ព្រោះ​ទម្លាប់​ផឹក​តាំងតែ​ពី​ក្មេង​មកហើយ”​៕​ SK

What Next?

Recent Articles

2 Responses to "កូកាកូឡា វ៉ា​ដាច់ ទឹកអំពៅ ហើយ​!"

  1. លុលបុត្រខ្មែរ says:

    ខ្ញុំភាគច្រើនផឹកទឹកអំពៅ តែពិបាករកទិញ ព្រោះមានអ្នកលក់តិតនៅតាមផ្លូវ​ មិនដូច បិបស៊ី កូការកូឡា ឬស្ទីងនោះទេ អាស្រ័យហេតុនេះហើយទើបដណ្តើមទីផ្សារចាញ់គេ ដូច្នេះសូមខំប្រឹងធ្វើ Marketing បន្តិចទៅ

  2. Cheath យួន says:

    ខ្ញំធ្លាប់ផឹកទឺកអំពៅតែវាធ្វើទុកពោះពេកវារាគរោះដោយសារទឹកអំពៅលាយទឹកច្រើនព្រោះចង់ចំណេញច្រើន។