អ្នកកាសែត ភ្នំពេញ​ប៉ុស្តិ៍ ចូល​បំភ្លឺ​តុលាការយោធា ពាក់ព័ន្ធ​អត្ថបទ​រឿង​ដី​របប​យោធា​

ភ្នំពេញ: អ្នកយក​ព័ត៌មាន របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក ប៊ុត រស្មី​គង្គារ ត្រូវបាន​តុលាការ​យោធា កោះហៅ​សាកសួរ​បឋម កាល​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១២ វេលា​ម៉ោង ៨ ព្រឹក​។ បន្ទាប់ពី​សាកសួរ​អស់​ពេល​ជិត ២ ម៉ោង ពាក់ព័ន្ធ​នឹង​អត្ថបទ​កាសែត និយាយ​​ពី​ដី​របប​យោធា នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ រួចមក ចៅក្រម​តុលាការ​យោធា លោក ប៉ោ​ក ប៉​ន ដែល​ជា​អនុប្រធាន​តុលាការយោធា មិន​បាន​ឃុំខ្លួន​អ្នកកាសែត​នោះ​ទេ​។​

ថ្ងៃទី 24 ធ្នូ 2012
ដោយ: លី សិលា
CEN

លោក ប៊ុត រស្មីគង្គារ អ្នកកាសែត ភ្នំពេញប៉ុស្តិ៍ ក្រោយពីចេញពីតុលាការយោធា កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)

លោក ប៊ុត រស្មីគង្គារ អ្នកកាសែត ភ្នំពេញប៉ុស្តិ៍ ក្រោយពីចេញពីតុលាការយោធា កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)

អ្នកកាសែត ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​ខ្មែរ និង​អង់គ្លេស លោក ប៊ុត រស្មី​គង្គារ បានឲ្យ​ដឹងថា ចៅក្រម​តុលាការ​យោធា បាន​ប្រាប់​រូប​លោក​ថា លោក​ចូលមក​បំភ្លឺ​តុលាការ​ពេល​នេះ មិនមែន​ជា​ជន​ត្រូវ​ចោទ​អ្វី​ទេ គឺ​តុលាការ​គ្រាន់តែ​ចង់​ឲ្យ​លោក បំភ្លឺ​ពាក់ព័ន្ធ​នឹង​អត្ថ​បទ​កាសែត ដែល​បាន​ចេញផ្សាយ​ថា “​មន្ត្រីជាន់ខ្ពស់ យក​ដី​របប​ទ័ព នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ លក់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ពីរ​”​។​

អ្នកកាសែត លោក គង្គារ បាន​សរសេរ​អត្ថបទ​មួយ ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា ដែល​រង​ការចោទប្រកាន់ ពី​កូនទាហាន​របស់ខ្លួន ប្រមាណ ១៥០០​នាក់​ថា បាន​កាត់​ដី​របប​ទ័ព លក់​ទៅឲ្យ​ក្រុមហ៊ុន​វៀតណា​មមួយ នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

អត្ថបទ​នោះ បាន​ចុះផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែមិថុនា ឆ្នាំ ២០១២ កន្លងទៅ ( នៅ​ក្នុង​វិបសាយ​របស់​ភ្នំពេញ​ប៉ុស្តិ៍ http://www.postkhmer.com/) ក្រោម​ចំណងជើង​ថា “​គេ​ថា មន្ត្រីជាន់ខ្ពស់​យក​ដីរ​បប​ទ័ព លក់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​”​។​

ក្រោយ​ការចេញផ្សាយ​អត្ថបទ​នេះ ធ្វើឲ្យ​មន្ត្រី​យោធា​ជាន់ខ្ពស់ លោកនាយ​ឧត្តម​សេនីយ៍ គន់ គីម អគ្គមេបញ្ជាកា​រង នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ប្រតិកម្ម និង​ធ្វើ​លិខិត​បំភ្លឺ​។ នៅពេលនេះ ក៏​មាន​ដីកា​កោះហៅ​អ្នកយក​ព័ត៌មាន កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក ប៊ុត រស្មី​គង្គារ ឡើង​តុលាការ​យោធា​។​

យ៉ាងណាក៏ដោយ លោក គង្គារ បាន​បន្ថែមថា លោក​ចៅក្រម បានទាមទារ​ឲ្យ​រូប​លោក បង្ហាញ​ពី​អំណះអំណាង និង​ប្រភព​ព័ត៌មាន ដែល​ប្រាប់​លោក អំពី​ដំណឹង​នៃ​ការលើកឡើង​ថា មន្ត្រី​ជាន់ខ្ពស់​យោធា យក​ដី​របប​កងទ័ព ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​វៀតណាម នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។

​លោក គង្គារ បាន​បន្តថា លោក​ក៏​បាន​ធ្វើតាម​សំណើ​របស់​លោក​ចៅក្រម ហើយ​បង្ហាញ​​នូវ​ប្រភព​នានា ដែល​រាយការណ៍​ជូន​លោក អំពី​អ្វីដែល​លោក​បាន​សរសេរ ក្នុង​អត្ត​បទ​កាសែត​នោះ​។​

​យ៉ាងណាក៏ដោយ លោក ប៊ុត រស្មី​គង្គារ ដែល​ជា​អតីត​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​ធ្វើការ​ខាង​ព្រំដែន បាន​លើកឡើង​ថា ការ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​មុខ​តុលាការយោធា ពាក់ព័ន្ធ​នឹង​ដីកា​នា​ថ្ងៃ​ចន្ទ​នេះ មិនមែន​ជា​ការគំរាមកំហែង ឬក៏​ត្រូវ​ចៅក្រម ដាក់​គំនាប មក​លើ​វិជ្ជាជីវៈ ដែល​លោក​បំពេញ​ការងារ​អាជីព ជា​អ្នកកាសែត​នោះឡើយ​៕

What Next?

Recent Articles