ភ្នំពេញៈ យុវជន ៩០ នាក់ ក្នុងនោះមានពីសែរាជវង្ស ចំនួន ១០អង្គផង នឹងកោរសក់ ស្លៀកស ពាក់ស បួសមុខព្រះភ្លើង នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព សម្តេចឪ នរោត្តម សីហនុ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ។
Wednesday, 26 December 2012
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍
លោក គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ដែលដឹកនាំកិច្ចប្រជុំ គណៈកម្មាការ រៀបចំព្រះរាជពិធីបុណ្យព្រះបរមសព កាលពីម្សិលមិញ បានថ្លែងថា មានយុវជន ៩០ នាក់ ត្រូវស្លៀកស ពាក់ស និងកោរសក់ សម្រាប់ការដង្ហែព្រះសព។ លោកបន្តថា៖ «យើងនឹងជ្រើសរើសយុវជន១០អង្គ ពីគ្រួសាររាជវង្ស ១១នាក់ ពីរាជធានី និង ៦៩នាក់ ពីខេត្តចំនួន២៣ (បីនាក់ក្នុងមួយខេត្ត) ដែលត្រូវកោរសក់ និងស្លៀកស ពាក់ស សម្រាប់ពិធីដង្ហែព្រះសព»។ លោកបន្ថែមថា មន្រ្តីរដ្ឋាភិបាលចំនួន ៩០ នាក់ រួមមាន រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីតុលាការ សាលារាជធានី និងសាលាខេត្ត ត្រូវតែកាន់ផ្កាឈូកជ័រ ដើរនៅក្នុងក្បួនដង្ហែព្រះរាជសព។ ពួកគេមិនប្រើផ្កាឈូកពិតទេ ដោយសារវាមិននៅស្រស់បានយូរ។
ជាងនេះទៀត នឹងមានមន្រ្តីចំនួន ១៨០នាក់ ពីរាជធានី ខេត្ត ក្រុង កាន់ផ្កាឈូក និងស្លៀកពាក់ស។
លោក គង់ សំអុល បន្តថា ក្បួនដង្ហែនេះ នឹងមានក្រុមភ្លេងប្រពៃណី ហើយអ្នកលេងភ្លេង ១៣នាក់ត្រូវស្លៀកពាក់ស។ ក្រុមភ្លេងអ៊ិស្លាម និងគណៈប្រតិភូរបស់ពួកគេ គឺមានបុរសចំនួន៩០នាក់ ហើយពួកគេ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីផ្ទាល់របស់ពួកគេ។ បុរស ៩០ នាក់ ជាក្រុមភ្លេងចិន និងគណៈប្រតិភូរបស់ពួកគេ និង៩០នាក់ទៀត ជាក្រុមភ្លេងវៀតណាម និងគណៈប្រតិភូរបស់ពួកគេ។
លោក គង់ សំអុល ឲ្យដឹងទៀតថា ពួកគេអាចនឹងដាក់បញ្ចូលគ្នា ប្រសិនបើជនជាតិនីមួយៗមិនមានអ្នកចូលរួមបានចំនួន ៩០ នាក់ ហើយពួកគេត្រូវតែស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ពួកគេ ហើយអាចកាន់ផ្កាឈូកប្រសិនបើពួកគេចង់កាន់។
លោកបានថ្លែង ថា មានភ្លៀវកិត្តិយសចំនួន៩០ នាក់ សេដ្ឋី ៤០នាក់ និងទីប្រឹក្សា ៥០នាក់ ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងពិធីនេះដែរ។ លោក គង់ សំអុល បញ្ជាក់ថា៖ «យើងមិនត្រឹមតែមានមនុស្សចូលរួមពិធីនេះទេ ប៉ុន្តែយើងថែមទាំងមានឡានធំពីរ រៀបចំដើមឈើ ដែលពោរពេញទៅដោយសត្វព្រៃជាច្រើនប្រភេទ បង្ហាញពីការកាន់ទុក្ខ ចំពោះម្ចាស់របស់ពួកគេ ដែលបានយាងចូលទិវង្គតចាកចេញឆ្ងាយពីពួកគេ»។ គណៈកម្មាធិការរៀបចំបុណ្យព្រះសពនឹងអនុវត្តសាកល្បង ក្បួនដង្ហែនេះចំនួនពីរលើកមុនពេលដល់ថ្ងៃហែពិតប្រាកដ។
លោក សំអុល បានថ្លែងថា៖ «យើងនឹងសាកល្បងលើកទីមួយនៅថ្ងៃទី១៩ មករា និងមួយលើកទៀតនៅថ្ងៃទី២៦ មករា ប៉ុន្តែយើងនឹងពិភាក្សា អំពីបញ្ហានេះទៀត ថាតើយើងនឹងអនុវត្តនៅពេលថ្ងៃ ឬនៅពេលយប់ ពីព្រោះយើងមិនចង់រំខានដល់ប្រជាជន ដែលត្រូវបិទផ្លូវមួយចំនួននោះទេ»។ លោក គង់ សំអុល នឹងស្នើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យប្រជាជន បានឈប់សម្រាករយៈពេលពីរថ្ងៃនៅថ្ងៃទី១ និង ៤ កុម្ភៈ (ថ្ងៃដែលព្រះបរមសពសម្តេចឪត្រូវដង្ហែចេញពីព្រះបរមរាជវាំង និងថ្ងៃទី៤ ដែលជាថ្ងៃថ្វាយព្រះភ្លើង)។ លោក សំអុល បានថ្លែងទៀតថា គណៈកម្មាធិការ នឹងប្រកាសទៅគ្រប់ស្ថានទូតទាំងអស់ក្នុងប្រទេសកម្ពុជា ឲ្យដឹងអំពីពិធីនេះ ប៉ុន្តែភ្ញៀវបរទេសនៅក្រៅប្រទេសនឹងមិនត្រូវបានអញ្ជើញនោះទេ ប៉ុន្តែពួកគេត្រូវបានស្វាគមន៍ប្រសិនបើពួកគេមកចូលរួម។ មន្រ្តីជាន់ខ្ពស់ត្រូវបានអនុញ្ញាតឲ្យចូលទៅកន្លែងព្រះមេរុ ហើយមន្រ្តីធម្មតាត្រូវត្រឡប់ទៅផ្ទះវិញ ពីព្រោះកន្លែងនោះ អាចទទួលយកបានត្រឹមតែប្រហែល ៣០០០ នាក់ ប៉ុណ្ណោះ។ លោកថ្លែងទៀតថា យើងនឹងមិនអញ្ជើញមនុស្សធម្មតាចូលទេ ពីព្រោះវាធ្វើឲ្យខូចសណ្តាប់ធ្នាប់ ប៉ុន្តែពួកគេអាចមើលពិធីនេះបាន តាមកញ្ចក់ទូរទស្សន៍ ដែលយើងធ្វើសម្រាប់ពួកគេ»។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកាលពីម្សិលមិញថា គេគួរតែដាក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់ សម្រាប់ប្រជាជន មកពីតាមបណ្តាខេត្ត ទស្សនា។ លោកបន្តថា៖«យើងអាចជួល ឬទិញផ្ទាំងអេក្រង់ដើម្បីចាក់ឲ្យប្រជាជនរបស់យើងមើល»។
លោក ស ខេង ឲ្យដឹងថា នឹងមាននគរបាល កងរាជអាវុធហត្ថ អង្គរក្ស និងមន្រ្តី CMAC ជាង ១ ម៉ឺន នាក់ និងមន្រ្តីសុខាភិបាលចំនួន៧២នាក់ដើម្បីការពារសុវត្ថិភាព និងសុខភាពក្នុងអំឡុងពិធីនោះ។
លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា គេត្រូវតែដាក់អេក្រង់ទូរទស្សន៍បញ្ចាំងទៅមនុស្សដទៃៗទៀត ដើម្បីបញ្ចៀសការប្រជ្រៀតជាន់គ្នាណាមួយ។ លោកបន្តថា៖ «យើងអាចជួលផ្ទាំងអេក្រង់ធំៗចំនួន១៤ ដើម្បីចាក់ការផ្សាយបន្តផ្ទាល់ ឲ្យប្រជាជនមើលពិធីដង្ហែព្រះបរមសព ហើយយើងដាក់នៅកន្លែងមួយចំនួន ដូចជានៅពហុកីឡដ្ឋានអូឡាំពិក កោះពេជ្រ សួនសេរីភាព មជ្ឈមណ្ឌលវប្បធម៌ចេនឡា សួនច្បារផ្សារចាស់ រង្វង់មូលចោមចៅ ចម្ការព្រីង អតីតបេនឡានព្រែកលៀប បេនឡានវាលស្បូវ មាត់ទន្លេនៅតាខ្មៅ និងកន្លែងដទៃៗទៀត»។
គណៈកម្មាធិការនេះ នឹងអំពាវនាវ ទៅវត្តអារាមទូទាំងប្រទេស ឲ្យទូងស្គរ នៅពេលជាមួយគ្នា នៅពេលបូជាព្រះបរមសព ព្រះបាទនរោត្តម សីហនុ ហើយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក៏ត្រូវរក្សាភាពស្ងៀមស្ងាត់ផងដែរ៕ PS