ចាប់​ជនជាតិ​ចិន​ជិត ១០០នាក់​ពី​បទ​សង្ស័យ​ជម្រិត​ទារ​ប្រាក់​ឆ្លងដែន

អាជ្ញាធរ​កម្ពុជា ដោយ​សហការ​ជាមួយ​ប៉ូលិស​អាំងទែ​ប៉ូល​របស់​ចិន​បាន​បើក​ប្រតិបត្តិការ​ជាថ្មី​ដើម្បី​បោសសម្អាត​បណ្តាញ​ឧក្រិដ្ឋជន​ចាប់​ជម្រិត​ឆ្លងដែន​ជន​ជាតិចិន​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ក្នុង​ប្រតិបត្តិ​ការដែល​បាន​បើក​ធ្វើព្រមៗគ្នា​ក្នុង​គោលដៅ​ជាច្រើន​កាស​ពីថ្ងៃ​សៅរ៍​ម្សិលមិញ សមត្ថកិច្ច​ចម្រុះ​បាន​ប្រមូល​ជនសង្ស័យ​ជនជាតិ​ចិន​ជិត ១០០ នាក់ និ​ប​រឹបអូស​វត្ថុតាង​បានជា​ច្រើន​ទៀត។ ជនសង្ស័យ​ទាំងនោះ​នឹងត្រូវ​បញ្ជូនទៅ​ប្រទេស​ចិន​វិញ​ដើម្បី​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ខ្លួន។

ថ្ងៃ អាទិត្យ 06 មករា 2013
ដោយ ប៉ែន បូណា
RFI

ប៉ូលីស​កម្ពុជា និង​អាំងទែប៉ូល​ចិន ចាប់​ខ្លួន​ជន​សង្ស័យ​ជម្រិត​ប្រាក់​ជនជាតិ​ចិន © RFI-ចាន់ណា

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

(02:12)

យ៉ាងហោចណាស់​មាន​ជន​ជាតិចិន​ជាង ៨០ នាក់​ដែល​ជាប់​សង្ស័យ​បទ​បង្កើត​បណ្តាញ​ចាប់​ជម្រិត​ឆ្លងដែន​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ចុង​សប្តាហ៍​នេះ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជនជាតិ​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ។ ប្រតិបត្តិ​ការដែល​ដឹកនាំ​ដោយ​ប៉ូលិស​ក្រសួងមហាផ្ទៃ​កម្ពុជា សហការ​ជាមួយ​ប៉ូលិស​អាំងទែ​ប៉ូល​ចិន​ត្រូវបាន​បើក​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ក្នុង​គោលដៅ​ចំនួន ៧ កន្លែង ក្នុង​ខណ្ឌ​ចំនួន ៤ នៃ​រាជធានី​ភ្នំពេញ។

ជន​ជាតិចិន​ទាំងនោះ ជាប់ចោទ​ពីបទ​ជម្រិត​ទារប្រាក់​ឆ្លងដែន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត។
ប៉ូលិស​ក៏បាន​រឹបអូស​សម្ភារៈ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា VOIP ដើម្បី​ចាប់​មនុស្ស​ជម្រិត​ទារប្រាក់​ឆ្លងដែន​ផងដែរ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏ដូចជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែរ​មិនអាច​ទាក់ទង​បានទេ​នៅថ្ងៃនេះ ប៉ុន្តែ ប្រភពពី​មន្ត្រីប៉ូលិស​ដែល​ចុះ​អនុវត្ត​ផ្ទាល់​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ទៅតាម​ពាក្យបណ្តឹង​របស់​អាជ្ញាធ​រ​ចិន និង​ដោយមាន​កិច្ចការ​សហការ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប៉ូលិស​អាំងទែ​ប៉ូល​ចិន។
 
ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua បាន​ផ្សាយ​ឲ្យ​ដឹងថា ជន​ជាតិចិន​ទាំងនោះ​ជាប់​សង្ស័យថា​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​ចាប់​ជនជាតិ​ចិន​នៅឯ​ប្រទេស​ចិន​ជម្រិត​ទារប្រាក់​តាម​ប្រព​ន្ធ័​អាំងទែ​ណែ​ត VOIP ។ លោក ឆាយ ស៊ីណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​ត្រូវបាន ទីភ្នាក់ងារ​ដដែល​ដក​ស្រង់​សម្តី​ថា ជនសង្ស័យ​ទាំងនោះ​នឹងត្រូវ​ប្រគល់​ឲ្យ​រដ្ឋាភិបាល​ចិន​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។
 
នេះ​គឺជា​លើក​ទី៥ហើយ​ដែល​ប៉ូលិស​កម្ពុជា​សហការ​ជាមួយ​ប៉ូលិស​ចិន​បាន​បើក​ប្រតិបត្តិការ​គាស់​រំលើង​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជនជាតិ​ចិន។ យោងតាម​របាយការណ៍​របស់​ប៉ូលិស គិត​ចាប់ពី​ឆ្នាំ២០១០ មក មាន​ជនជាតិ​ចិន​មិនតិចជាង ៥០០ នាក់​ទេ​ត្រូវបាន​ចាប់ខ្លួន​នៅ​កម្ពុជា និង​បញ្ជូន​ចេញពី​ទៅកាន់​ប្រទេស​ចិន​វិញ​ក្នុង​សំណុំរឿង​ជម្រិត​ទារប្រាក់​ឆ្លងដែន​នេះ។  
 
បណ្តាញ​ឧក្រិដ្ឋជនទាំងនេះ​បាន​យក​ទឹកដី​កម្ពុជា​ធ្វើជា​ទីតាំង​ឈរជើង​ដើម្បី​ធ្វើ​សកម្មភាព​ជម្រិត​ទារប្រាក់​រហូតដល់​រាប់រយ​លាន​ដុល្លារ​អាមេរិក។ ជនសង្ស័យ​សង្គមងងឹត​ទាំង​នោះបាន​ប្រមូល​ផ្តុំគ្នា​ទាំងហ្វូងៗ មាន​ប្រុស​មាន​ស្រី នៅក្នុង​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន​ផង៕

What Next?

Recent Articles