ភ្នំពេញៈ អង្គការសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI)បានរៀបចំកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំនិងធ្វើសច្ចាប្រណិធានសម្រាប់អ្នកឡើងកាន់តំណែងថ្មី ក្រោយអង្គការដែលមានអាយុកាលជាង៣ឆ្នាំនោះ បានឈានចូលដល់អាណត្តិថ្មីនៅឆ្នាំ២០១៣នេះ។
Monday, 07 January 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ
JCI ជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណេញមួយដែលបានចាប់ផ្តើមដំណើរការនៅកម្ពុជាក្នុងឆ្នាំ២០០៩ ក្រោយពេលដែលពិភពលោកបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះដើម្បីបន្តបណ្តុះបណ្តាល ផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តយុវជនសហគ្រិនវ័យក្មេងឲ្យក្លាយជាអ្នកជំនួញវ័យក្មេងជំនាន់ក្រោយរបស់កម្ពុជា។
អស់រយៈពេលពេញមួយឆ្នាំ២០១២ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងសាខាទាំងពីរ គឺសាខាភ្នំពេញ និងចតុមុខ បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការសង្គមដូចជា កម្មវិធីរើសសំរាម រត់ផងរើសផង ចាំអង្កាល់ទៀត សាងសង់ដើម្បីស្នាមញញឹម ដាំដើមឈើ និងកម្មវិធីចែករំលែកសម្ភារសិក្សាដល់សិស្សក្រីក្រ និងកុមារកំព្រា នៅតាមតំបន់ដាច់ស្រយាលជាដើម។
ដោយឡែកសម្រាប់ឆ្នាំ២០១៣នេះ ក្រៅពីការឡើងសច្ចាប្រណិធានចូលកាន់តំណែងថ្មីរបស់លោក អ៊ីវ គឹមសួរ ក្រោយផុតអាណត្តិប្រធានឆ្នាំ២០១២លោក គួច សុខលី អង្គការមួយនេះក៏រៀបចំកិច្ចប្រជុំលើកឡើងពីគម្រោងថ្មីៗសម្រាប់ឆ្នាំ២០១៣ផងដែរ។ លោក គួច សុខលី ប្រធាន JCI ២០១២និយាយថា៖«ទោះបីអាណត្តិឆ្នាំ២០១២របស់ខ្ញុំបានបញ្ចប់ តែសមាជិកនិងអ្នកស្ម័គ្រចិត្តរបស់ពួកយើង ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយដល់ការអភិវឌ្ឍសង្គមកម្ពុជារហូត»។
ក្រោយការសច្ចាប្រណិធានឡើងកាន់តំណែងប្រធាន JCI ថ្មីឆ្នាំ២០១៣ លោក អ៊ីវ គឹមសួរ បាននិយាយថា៖«នៅក្នុងឆ្នាំ២០១៣នេះ ពួកយើងនឹងនាំយកជេស៊ីអាយកម្ពុជា ទៅកាន់ឆាកអន្តរជាតិឲ្យកាន់តែច្រើន និងបន្តចែករំលែកសេចក្តីស្រឡាញ់ និងស្នាមញញឹមដល់ប្រជាជនកម្ពុជាបន្ថែមទៀត»៕
