នៅព្រឹកថ្ងៃទី៩មករានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយសមាគមស៊ីក្លូ ដើម្បីអភិរក្សស៊ីក្លូ នៅក្នុងវិស័យទេសចរណ៍។ តាមលទ្ធផលកិច្ចប្រជុំ អាជ្ញាធរ បានតម្រូវឲ្យសមាគមស៊ីក្លូ រៀបចំឲ្យស៊ីក្លូ តាមលក្ខណៈបច្ចេកទេស ហើយអ្នកធាក់ស៊ីក្លូ ដឹកអ្នកទេសចរ តាមរយៈក្រុមហ៊ុនទេសចរណ៍ ក៏ត្រូវមានប័ណ្ណសម្គាល់ត្រឹមត្រូវផងដែរ។
ថ្ងៃ ពុធ 09 មករា 2013
ដោយ លី ម៉េងហួរ
RFI
ក្រុមសមាគមអ្នកធាក់ស៊ីក្លូបង្វែរទិសដៅទៅរកអតិថិជនទេសចរបរទេស © លាងដឺលុច
កិច្ចប្រជុំស្តីពីការអភិរក្សស៊ីក្លូ ក្នុងវិស័យទេសចរណ៍ ត្រូវបានធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានអំពាវនាវឲ្យមានការថែរក្សា នូវស៊ីក្លូ ដែលកំពុងតែប្រឈមនឹងការបាត់បង់ នាពេលសព្វថ្ងៃ។
តាមកិច្ចប្រជុំ នៅក្នុងទីក្រុងភ្នំពេញ សព្វថ្ងៃនេះ មានស៊ីក្លូ ត្រឹមតែ ៥១៧ គ្រឿង កំពុងតែធ្វើអាជីវកម្ម ដឹកភ្ញៀវទេសចរ តាមរយៈក្រុមហ៊ុនទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងកិច្ចប្រជុំ ដោយតម្រូវឲ្យស៊ីក្លូ ដែលត្រូវបានគេប្រើប្រាស់សម្រាប់តែដឹកអ្នកទេសចរ ត្រូវមានដំបូល តុបតែងចង្កៀង និងមានចំណាំងផ្លាត ហើយអ្នកធាក់ស៊ីក្លូ ត្រូវមានឯកសណ្ឋាន ជាដើម។
ដើម្បីធានាសុវត្ថិភាពដល់អ្នកទេសចរ លោករដ្ឋមន្ត្រី ក៏តម្រូវឲ្យអ្នកធាក់ស៊ីក្លូ ត្រូវមានប័ណ្ណបើកបរ ហើយស៊ីក្លូត្រូវធានានូវសោភណ្ឌភាព និងស្របតាមលក្ខណៈបច្ចេកទេស។
ក្នុងនោះ អាជ្ញាធរ ក៏បានតម្រូវឲ្យស៊ីក្លូ ដឹកអ្នកទេសចរ ត្រូវរត់លើផ្លូវ ពីវត្តភ្នំ តាមផ្លូវព្រះនរោត្តម ទៅវិមានឯករាជ្យ និងផ្លូវព្រះសីហនុ សុធារស ផ្លូវស៊ីសុវត្ថិ ទៅមុខព្រះបរមរាជវាំង ហើយត្រឡប់ ទៅកាន់វត្តភ្នំវិញ។
កិច្ចប្រជុំក៏បានកំណត់ទីតាំងចំណតស៊ីក្លូ ដឹកភ្លៀវទេសចរ ចំនួន ២កន្លែង គឺនៅចំណតរថយន្តវត្តបុទុម ខាងត្បូងព្រះបរមរាជវាំង និងមួយទៀត នៅខាងត្បូងសាលពិព័រណ៌វត្តភ្នំ។ ក្នុងនោះ ក៏ត្រូវរៀបចំជាពិសេសនូវចំណតអាទិភាព សម្រាប់ស៊ីក្លូ នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងនៅតាមគោលដៅទេសចរណ៍ផងដែរ។
លោក អ៊ឹម សម្បត្តិ ប្រធានសមាគមស៊ីក្លូ បានឲ្យដឹងថា អ្នកធាក់ស៊ីក្លូ ដែលជាសមាជិកសមាគមស៊ីក្លូ បានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារទេសចរណ៍ ចំនួន ៨ នៅភ្នំពេញ ដើម្បីដឹកភ្ញៀវទេសចរ កំសាន្តទីក្រុងភ្នំពេញ។
សមាគមស៊ីក្លូ ក៏បានទំនុកបម្រុងដល់អ្នកធាក់ស៊ីក្លូ នូវសេវាជួសជុល និងថែទាំស៊ីក្លូ ផ្តល់កន្លែងស្នាក់នៅ ចំណាយលើថ្លៃទឹក និងភ្លើង ផ្តល់អាវយឺត សម្រាប់ពាក់ ពេលដឹកភ្លៀវទេសចរ។ ក្នុងនោះ ក៏មានការអប់រំពីបញ្ហាថ្នាំជក់ ជំងឺអេដស៍ ច្បាប់ចរាចរណ៍ និងគ្រឿងស្រវឹង ជាដើម។
សូមរម្លឹកថា ស៊ីក្លូ បានកើតមាននៅក្នុងប្រទេសកម្ពុជា នៅពេលបារាំង ធ្វើអាណានិគមលើប្រទេសកម្ពុជា ចន្លោះពីឆ្នាំ១៨៦៣ រហូតដល់ឆ្នាំ១៩៥៣។ មកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន ទេសចរណ៍ បានរៀបចំជាកញ្ចប់ទេសចរណ៍តាមស៊ីក្លូ ដើម្បីដឹកជញ្ជូនអ្នកទេសចរបរទេស ទៅទស្សនារមណីយដ្ឋាននានា នៅភ្នំពេញ ដូចជា វត្តភ្នំ ព្រះបរមរាជវាំង និងទីកន្លែងកម្សាន្តបែបប្រវត្តិសាស្ត្រមួយចំនួនទៀត៕
——————————————-
Government should help C Clo to stay in business.
ទន្ទឹមនឹងនេះ ក៏សូមជួយអប់រំណែនាំអ្នកដឹកភ្ញៀវឱ្យមានការយល់ដឹងអំពីវប្បធម៌ជាតិ
និងអំពីបំណិនក្នុងការនិយាយស្តីជាមួយភ្ញៀវផង។ជាពិសេសអាក្បកិរិយាចំពោះភ្ញៀវ។
សូមទោស សូមកែពាក្យ អាប្បកិរិយា មកជា អាកប្បកិរិយា វិញ។
Gov’t should conservation natural resources and border including other national heritage