ព្រះបរមអដ្ឋិ​តម្កល់​ក្នុង​កោដ្ឋ​មាស​ និង​ថ្ម​កែវ​ នៅ​ព្រះទីនាំង​ទេវាវិនិច្ឆ័យ​

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៧ កុម្ភៈ​នេះ ព្រះ​រាជពិធី​បុណ្យ​ព្រះបរមសព ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ រយៈ​ពេល​៧​ថ្ងៃ បាន​បិទ​បញ្ចប់​ហើយ។ ព្រះ​រាជពិធី​បុណ្យ​ ក្រោម​ការ​រៀបចំ​របស់​រាជ​រដ្ឋាភិបាល​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធឹកអធម និង​ជា​ប្រវត្តិសាស្ត្រ មិន​ធ្លាប់​មាន​ពី​មុន។ សម្រាប់​លោក ខៀវ កាញារីទ្ធ អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល ព្រះ​រាជពិធី​បុណ្យ​រយៈ​ពេល​៧​ថ្ងៃ​នេះ បាន​បង្ហាញ​ពី​អរិយធម៌​ដ៏​យូរលុង​របស់​កម្ពុជា បង្ហាញ​ពី​ការ​ឯកភាព​ជាតិ​ខ្មែរ និង​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។ រីឯ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​បាន​កោត​សរសើរ​ដ៏​កក់ក្តៅ​បំផុត ជូន​ចំពោះ​រាជ​រដ្ឋា​ភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​រៀបចំ​ព្រះ​រាជពិធី​បុណ្យ​ព្រះបរមសព ថ្វាយ​ព្រះករុណា​ព្រះមហាវីរក្សត្រ។ ជា​ការ​រៀបចំ​ដែល​ព្រះអង្គ ធម្មិកោ ចាត់​ទុក​ថា​បាន​ផ្តល់​ព្រះ​កិតិ្តយស​ដ៏​ធំធេង ​ថ្វាយ​ព្រះ​ករុណា ព្រះមហាវីរក្សត្រ ដែល​ជា​វីរបុរស​នៃ​ប្រទេស​កម្ពុជា​យើង ហើយ​ក៏​ជា​ការ​លើក​កិត្តិយស​ជាតិ​ឲ្យ​បាន​​ខ្ពស់​ដែរ។

ថ្ងៃ ព្រហស្បតិ៍ 07 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI

ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែ គោរព​ព្រះ​បរមធាតុ​សម្តេច​ឪ © Reuters

សេចក្តីរាយការណ៍របស់​​ លី​ ម៉េងហួរ

(03:21)

ព្រះ​រាជពិធី​ដង្ហែរ​​ព្រះ​បរម​អដ្ឋិ​ឬ​ព្រះ​បរមធាតុ​ចេញពី​វាល​ព្រះមេរុ ទៅ​​តម្កល់​ក្នុង​ព្រះបរមរាជវាំង ត្រូវ​បាន​ប្រារព្ធ​ឡើង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ ព្រះ​រាជពិធី​នោះ ជា​ការ​បិទ​បញ្ចប់​នូវ​ព្រះ​រាជពិធី​បុណ្យ​ព្រះបរមសព​រយៈ​ពេល​៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ កុម្ភៈ ដែល​ជា​ថ្ងៃ​ដង្ហែរ​​ព្រះបមសព​សម្តេច​តា​ចេញពី​ព្រះបរមរាជវាំង ទៅ​តម្កល់ និង​ថ្វាយ​ព្រះភ្លើង នៅ​ថ្ងៃ​ទី​៤ កុម្ភៈ។

ព្រះ​បរមអដ្ឋិ​ឬ​ព្រះបរមធាតុ​ ត្រូវ​បាន​តម្កល់​ក្នុង​ព្រះ​បរមកោដ្ឋ ចំនួន​៣ ដែល​មាន​ព្រះបរម​កោដ្ឋ​មាស​ពីរ និង​កោដ្ឋ​ថ្ម​កែវ មក​ពី​ខេត្ត​ពោធិ៍សាត់​មួយ ស្រប​ទៅ​តាម​ព្រះ​រាជ​បណ្តាំ​របស់​សម្តេច​តា។
 
ព្រះ​បរមអដ្ឋិ​របស់​ព្រះ​មហាវីរក្សត្រ ទាំង​៣​កោដ្ឋ ត្រូវ​បាន​ព្រះមហាក្សត្រ យាង​ដង្ហែរ​ទៅ​​តម្កល់​​ក្នុង​ព្រះបរមរាជវាំង ក្នុង​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ​ បន្ទាប់​ពី​ក្បួន​ដង្ហែរ​ព្រះ​បរមអដ្ឋិ​ដ៏​អធឹកអធម ចេញ​ពី​វាល​ព្រះមេរុ ក្រោម​ព្រះ​រាជាធិបតី​ភាព​ព្រះមហា​ក្សត្រ សម្តេច​ម៉ែ ព្រះ​រាជវង្សានុវង្ស លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​កំពូលៗ របស់​ជាតិ និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី។
 
ព្រះ​រាជពិធី​បុណ្យ​ព្រះបរមសព​ព្រះមហាវីរក្សត្រ ក្នុង​រយៈ​ពេល​៧​ថ្ងៃ​នេះ ត្រូវ​បាន​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល  ចាត់​ទុក​ថា​ជា​មោទនភាព​របស់​កម្ពុជា។
 
លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា “យើង​មាន​មោទនភាព​មែនទែន ដោយសារ​តែ​ប្រទេស​កម្ពុជា​យើង​ដែល​ជា​ប្រទេស​តូច​មែន តែ​ក្នុង​ពេល​រៀបចំ​ព្រះ​រាជពិធី​ថ្វាយ​ព្រះភ្លើង​ព្រះបរមសព យើង​ឃើញ​ថា​មាន​ប្រទេស​ជា​ច្រើន​មក​គោរព​ ហើយ​ទន្ទឹម​នឹង​នោះ យើង​ក៏​មាន​សារព័ត៌មាន​ជា​ច្រើន​ណាស់ បាន​ផ្សាយ​បន្ត​ផ្ទាល់ គឺ​ប្រទេស​ជា​ច្រើន​បាន​យក​ការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ។ ទី១-យើង​បាន​បង្ហាញ​ពី​អរិយធម៌​ដ៏​យូរលុង​របស់​យើង។ ទី២-យើង​បាន​បង្ហាញ​ពី​ការ​ឯកភាពជាតិ​របស់​យើង។ ទី៣-យើង​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​ប្រជា​ពលរដ្ឋ​របស់​យើង គឺ​ថា​នៅ​ពេល​ដង្ហែរ​​ព្រះបរមសព យើង​មិន​មាន​ភាព​រញ៉េរញ៉ៃ​អ្វី​ទេ គឺ​ល្អ​ណាស់។ នេះ​គឺ​សុទ្ធសឹង​ជា​ចំណុច​សំខាន់”។
 
ចំណែក​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ជា​អតីត​ព្រះ​លេខា​ផ្ទាល់​របស់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ ក៏​បាន​មាន​ព្រះ​បន្ទូល​កោត​សរសើរ​ដ៏​កក់ក្តៅ​បំផុត ជូន​ចំពោះ​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​រៀបចំ​ព្រះរាជពិធី​បុណ្យ​ព្រះបរមសព ថ្វាយ​ព្រះករុណា​ព្រះមហាវីរក្សត្រ។ ជា​ការ​រៀបចំ​ដែល​ព្រះអង្គ​ចាត់​ទុក​ថា បាន​ផ្តល់​ព្រះកិតិ្តយស​ដ៏​ធំធេង​ថ្វាយ​​ព្រះករុណា​ព្រះមហាវីរក្សត្រ ដែល​ជា​វីរបុរស​នៃ​ប្រទេស​កម្ពុជា​យើង ហើយ​ក៏ជា​ការ​លើក​កិត្តិយស​​ជាតិ​ឲ្យ​ខ្ពស់​ដែរ។
 
យ៉ាងណា​ក៏ដោយ ព្រះអង្គម្ចាស់ ធម្មិកោ បាន​សម្តែង​ព្រះទ័យ​សោក​ស្តាយ​ចំពោះ​ការ​រៀបចំ​ព្រះរាជពិធីបុណ្យ​ព្រះបរមសព ដែល​បាន​ផ្តល់​អាទិភាព​ដល់​ភ្ញៀវ​អន្តរជាតិ និង​ភ្ញៀវ​ជាតិ ដោយ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ទឹកចិត្ត​របស់​ប្រជារាស្ត្រ ដែល​ខំ​ស្កាត់​មក​ពី​បណ្តា​ខេត្ត​ឆ្ងាយៗ មិន​បាន​មក​ថ្វាយ​បង្គំលា​ព្រះករុណា នៅ​ពេល​ថ្វាយ​ព្រះភ្លើង។
 
ក៏​ប៉ុន្តែ​លោក ខៀវ កាញារីទ្ធ ក្នុង​នាម​រាជ​រដ្ឋាភិបាល បាន​សូម​អធ្រាស្រ័យ​ដល់​ការ​មិន​អនុញ្ញាត​​​ឲ្យ​មហាជន​ចូល​មុខ​ព្រះបរមរាជវាំង និង​ទៅ​វាល​ព្រះមេរុ ក្នុង​ពេល​ថ្វាយ​ព្រះភ្លើង ព្រះបរមសព។ មូលហេតុ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ប្រតិភូ​បរទេស​ផង និង​ដើម្បី​ធានា​នូវ​របៀបរៀបរយ​ផង៕

————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

3 Responses to "ព្រះបរមអដ្ឋិ​តម្កល់​ក្នុង​កោដ្ឋ​មាស​ និង​ថ្ម​កែវ​ នៅ​ព្រះទីនាំង​ទេវាវិនិច្ឆ័យ​"

  1. ទង្វើរបស់ មនុស្ស គឺ មិនអាច ផ្គាប់ចិត្ត របស់មនុស្ស បានល្អ ១០០%នោះទេ ដូច្នេះ រមេងតែងតែ មានពាក្យថាសោកស្តាយ មិនចេះ ចប់ ។ សូមបងប្អូន ត្រូវប្រកាន់ចិត្ត ជាព្រះ កុំប្រកាន់ចិត្ត ជាមា ។

  2. ដោយសារតែបងប្អូនប្រកាន់ចិត្ត ជាព្រះ កុំប្រកាន់ចិត្ត ជា នេះហើយទើបខ្មែររងទុកដល់ថ្នាក់ហ្នឹង បាតទឹកដីបានការជួយស្រោស្រងយកអាសាគ្នា គិតតែសំងំសុខរៀងៗខ្ឡួន។
    តាមឯកសារកាលពីសម័យបុរាណ គឺស្រុកខ្មែរនៅសម័យកាល់រើកចំរើន គឺប្រកាន់យកព្រហ្មសាសនា
    មានតែអ្នកដែលត្រូវគេកាប់និងកាំបិតទេទើបដឹងថាវាឈឺប៉ុណ្ណា
    បើរឿងអាក្រកៗកើតមកលើខ្លួនលោកផ្ទាល់វិញខ្ញុំមិនដឹងថា លោកអាចធ្វើចិត្តតាមអ្វីដែលលោកមានប្រសាសន៍ដែរឬអត់?

  3. ក្មេងជំនាន់ក្រោយ says:

    ទាំងស្តេចនិងមន្រ្តី ខ្មែរគ្មានមនសិការ ការពារទឹកដីនោះទេ ម្នាក់ៗគិតតែផលប្រយោជន៍គ្រួសារនិយម តែប៉ុណ្ណោះ។ និយាយឲ្យចំ​សម្បូរមនុស្សហៃអើរណាស់ មិនយូរទេលោកនឹងដឹងថាវាយ៉ាងណា? ដូចប្រទេសចំប៉ាជាមេរៀន និងប្រទេសឡាវសព្វថ្ងៃនេះ។
    សោកស្តាយ កាត់ក្តីពួកខ្មែរក្រហម ប៉ុន្តែគោរពមេខ្មែរក្រហម យ៉ាងម៉េចទៅវិញខ្មែរ?