ផ្អើល​​ឆេះ​ផ្ទះ​តារា​កំប្លែង​ល្បី​នាយ កុយ ថ្ងៃ​ចូល​ឆ្នាំ​ចិន

Monday, 11 February 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

កណ្តាលៈ ទូង​ឆាង ទូង​ឆាង ទូឆាង​ ទូឆាង! ខណៈ​ពេល​ដែល​សំឡេង​បទ​ភ្លេង​លោត​ម៉ុង​សាយ​កំពុង​បន្លឺ​ឡើង​យ៉ាង​ក្លៀវ​ក្លា ផ្សែង​ធូប​ទៀន​ឆេះ​ត្របាញ់​ឡើង​លើ​ដង្គោល អ្នក​ជាប់​សែ​ស្រឡាយ​ចិន​កំពុង​ប៉ាយ​សំពះ​ឱន​ងើប​ៗ​នៅ​ក្នុង​បរិយា​កាស​ដ៏​រីក​រាយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀត​ណាម​ ឆ្នាំ​ម្សាញ់ នោះ ស្រាប់​តែ​ព័ត៌​មាន​ដ៏​រន្ធត់​មួយ​បាន​បន្លឺ​ឡើង​ថា ផ្ទះ​របស់​តារា​កំប្លែង​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស លោក ជួង ជី ហៅ កុយ កំពុង​ត្រូវ​បាន​អណ្តាត​ភ្លើង​លេប​ត្របាក់​​ ដែល​ធ្វើ​ឲ្យ​ទស្ស​និក​ជន​មួយ​ចំនួន​ដែល​កំពុង​តែ​រីក​រាយ​នោះ ភ្ញាក់​ខ្លួន​ក្រញាង​តែ​ម្តង ប៉ុន្តែ​លោក ជួង ជី ហៅ កុយ​ បាន​បញ្ជាក់​ថា មាន​ការ​ឆេះ​តិច​មែន ប៉ុន្តែ​មិន​ធ្ងន់​ធ្ងរ​ដូច​គេ​និយាយ​ទេ​។

ក្នុង​ថ្ងៃ​សែន​ចិន​ គ្រប់​ក្រុម​គ្រួសារ​ដែល​មាន​ជាប់​សែ​ស្រឡាយ​ចិន​ទាំង​អស់​​បាន​រៀប​ចំ​សែន​ព្រេន​ដូន​តា​របស់​ខ្លួន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ប៉ុន្តែ​ភ្លាម​នោះ ខណៈ​កំពុង​តែ​រីក​រាយ​នឹង​កម្ម​វិធី​នេះ ស្រាប់​តែ​មាន​ការ​និយាយ​ត​ៗ​គ្នា​ថា ផ្ទះ​របស់​តារា​កំប្លែង​នាយ កុយ ​មាន​អគ្គិ​ភ័យ​កើត​ឡើង។ ជាមួយ​គ្នា​នោះ វិទ្យុ ABC ក៏​បាន​ធ្វើ​ការ​ផ្សាយ​ភ្លាម​ៗ​សម្រាប់​ជា​ដំណឹង​ដល់​មហា​ជន​ផង​ដែរ​ ដែល​ព័ត៌​មាន​នេះ​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​មិន​តិច​ទេ​ដល់​បណ្តា​ទស្ស​និក​ជន ពិសេស​អ្នក​ដែល​ធ្លាប់​តែ​គាំទ្រ​​តារា​កំប្លែង​ជើង​ចាស់​ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់​នេះ​។

អ៊ំ​ស្រី​ ម៉ាក់ វ៉ុន វ័យ​៥៣​ឆ្នាំ ​ជា​អ្នក​ស្រឡាញ់​ចូល​ចិត្ត​នាយ កុយ ​និយាយ​ថា៖«​ខ្ញុំ​បាន​ឮ​គេ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ផ្ទះ​នាយ​កុយ​ឆេះ អូយ​ខ្ញុំ​ភ័យ​ណាស់ មិន​ដឹង​គាត់​យ៉ាង​ណា​ហើយ​ទេ បើ​គេ​ថា ផ្ទះ​គាត់​ឆេះ​ខ្លាំង​ដែរ។ ខ្ញុំ​ក៏​មិន​បាន​ដឹង​ច្បាស់​ដែរ​ថា វា​បណ្តាល​មក​ពី​អ្វី តែ​ឮ​គេ​ថា មក​ពី​អុជ​ធូប​ទៀន​មិន​ប្រយ័ត្ន។ ឥឡូវ​នេះ មិន​ដឹង​ជា​យ៉ាង​ណា​ទេ»។

ផ្ទះ​របស់​តារា​កំប្លែង​​លំដាប់​ល្បី​ឈ្មោះ​ជាប់​ៗ​គ្នា​ជា​ច្រើន​ជំនាន់​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​អាសយ​ដ្ឋាន​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​តា​ជ្រូក ស្រុក​ស្អាង ខេត្ត​កណ្តាល។

ជាមួយ​ការ​និយាយ​ត​ៗ​គ្នា​មិន​ចេះ​ចប់​ជុំវិញ​ព័ត៌​មាន​នេះ លោក ជួង ជី ហៅ នាយ កុយ ក៏​មិន​ទុក​ឲ្យ​ការ​ចង់​​ដឹង​ចង់​ឮ​របស់​ទស្សនិក​ជន​នេះ​ស្ថិត​នៅ​ក្នុង​មន្ទិល​ដែរ ដោយ​លោក​បាន​ចេញ​មុខ​មក​បញ្ជាក់​កាល​ពី​ល្ងាច​ម្សិល​មិញ​(​ថ្ងៃ​ទី​១០ មករា) ថា ផ្ទះ​របស់​លោក​ពិត​ជា​មាន​អគ្គិ​ភ័យ​ឆាប​ឆេះ​មែន ប៉ុន្តែ​ស្ថាន​ភាព​មិន​ធ្ងន់​ធ្ងរ​ខ្លាំង​ដូច​អ្វី​ដែល​គេ​ផ្អើល​និយាយ​ពី​មួយ​ទៅ​មួយ​នោះ​ទេ​។

តារា​កំប្លែង​លោក ជួង ជី ហៅ​កុយ បាន​មាន​ប្រសាសន៍​ថា៖​ «​ការ​ពិត​អ៊ីចេះ​ទេ វា​ឆេះ​ជំនាង​ផ្ទះ​នៅ​ពេល​យើង​អុជ​ធូប​សែន​ហ្នឹង គឺ​យើង​អុជ​​ធូប​ចោល​ ហើយ​ខ្ញុំ​បាន​ចេញ​មក​ក្រៅ​អស់ ពេល​នោះ​វា​ក៏​​ឆេះ​ឡើង​តែ​ម្តង​ តែ​សំណាង​ល្អ​ ពេល​បង​ខ្ញុំ​គាត់​ឡើង​​ទៅ​ឃើញ ក៏​ផ្អើល​នាំ​គ្នា​ពន្លត់​តែ​ម្តង​ទៅ តែ​អត់​មាន​អ្វី​ខ្លាំង​ក្លា​នោះ​ទេ»។

លោក​បាន​បន្ត​ថា៖«​ការ​ឆេះ​ហ្នឹង​អត់​មាន​អី​ធំ​ដុំ​ទេ តែ​ខាង​វិទ្យុ ABC នោះ​បាន​ផ្សាយ​ដែរ គឺ​គេ​ផ្សាយ​​ពង្រីក​ឲ្យ​កាន់​តែ​ធំ​ឡើង តាម​ពិត​អត់​ទេ​»។

តារា​កំប្លែង​ដែល​កំពុង​វក់​វី​នឹង​ការ​ច្រៀង​កាត់​សក់​កូន​កំ​លោះ​ក្រមុំ​នៅ​រដូវ​រៀប​មង្គល​ការ​រូប​នេះ​បាន​បញ្ជាក់​ថា អគ្គិ​ភ័យ​នេះ​មិន​បាន​បង្ក​ការ​ខូច​ខាត​អ្វី​នោះ​ទេ ហើយ​ក៏​មិន​មាន​អ្នក​មាន​គ្រោះ​ថ្នាក់​នោះ​ដែរ​៕

What Next?

Recent Articles

2 Responses to "ផ្អើល​​ឆេះ​ផ្ទះ​តារា​កំប្លែង​ល្បី​នាយ កុយ ថ្ងៃ​ចូល​ឆ្នាំ​ចិន"

  1. យក្សមាឌល្អិត says:

    វិទ្យុ ABC ចេះធ្វើខ្លួន “ក្អែកមួយ ជាក្អែកដប់” ទៅកើតដែរ។ ធ្វើចឹងប៉ះពាល់ដល់អ្នកទទួលព័ត៍មាន
    ធ្វើឲ្យពួកគាត់វិនិច្ឆ័យសភាពការណ៏ខុស។
    .
    សូមបណ្តាញសារព័ត៍មានទាំងឡាយ សូមរក្សាសច្ចភាព និង សុក្រិតភាពព័ត៍មានសម្រាប់ប្រិយ
    មិត្តអ្នកអាន អ្នកស្តាប់ អ្នកតាមដាន។
    .
    អរគុណ!

  2. killer says:

    គ្រាន់បើជាងពួកអាឆ្កែហ៊ុន សែន និងកូនចៅឆ្កែរបស់វា ដែលតែងតែបិទបាំងអំពីរលាមករបស់ខ្លួន ចំពោះប្រជាពលរដ្ឋដែរ អាឆ្កែ