ព្រះវិហារ: ចាប់ពីរដូវវស្សាមកដល់ ព្រៃតំបន់ភ្នំប៉ែកខាងលើ បានឆេះជារៀងរាល់ថ្ងៃ ដោយម្ដងឆេះត្រង់នេះ ម្ដងឆេះត្រង់នោះ រហូតរាលដាលមកដល់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលស្ថិតនៅក្នុងចំណុចស្រមោច ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។
ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: បាយ័ន
CEN
ភ្លើងឆេះព្រៃជារៀងរាល់ថ្ងៃនេះហើយ ត្រូវបានសត្វព្រៃគ្រប់ប្រភេទ បានរត់យកអាយូស ព្រោះព្រៃពួកគេធ្លាប់រស់នៅ បានឆេះបំផ្លាញអស់ទៅហើយ។

បើយើងទៅដល់តំបន់នោះ គេនឹងឃើញព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយបរិស្ថានគូលែនព្រហ្មទេពផង និង គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើផង បានឆេះហុយផ្សែងម្ដងឃើញត្រង់នេះ ម្ដងឃើញត្រង់នោះ រួមជាមួយនឹងការកាប់បំផ្លាញព្រៃឈើផងនោះ ធ្វើឱ្យព្រៃឈើបានបាត់បង់ក្លាយទៅជាវាលរហោឋាន ដូចតំបន់ដទៃដែរ។ តំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ត្រូវបានការពារដោយព្រះរាជក្រឹត្យ ព្រោះថាទីនោះ ជាជម្រកសត្វព្រៃដ៏ធំមួយ ដែលរស់នៅក្រោយគេហើយតំបន់គេចាត់ទុកថា ជាតំបន់ព្រៃដ៏ច្រើន ហើយឱ្យសត្វព្រៃគ្រប់ប្រភេទស្នាក់អាស្រ័យបាន ប៉ុន្ដែឥឡូវនេះ ព្រៃឈើបានបាត់បង់ជាច្រើន គួរឱ្យនឹកស្មានមិនដល់។
ការបាត់បង់ព្រៃឈើដែលជាជម្រកសត្វព្រៃជាសំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដែលតំបន់នោះមានប្រភេទសត្វគ្រប់ប្រភេទដូចជា ដំរី, ខ្លា, ខ្ទីង, ប្រើស, រមាំង, សត្វខ្លាឃ្មុំ, គោព្រៃ, ពស់ និងសត្វស្លាបដ៏កម្រជាច្រើនប្រភេទទៀត បានរស់នៅប្រមូលផ្ដុំគ្នានៅតំបន់នោះ ដែលជាហេតុធ្វើឱ្យរាជរដ្ឋាភិបាលកំណត់យកតំបន់នោះជាតំបន់ ការពារសត្វព្រៃដ៏សំខាន់មួយ ដែលត្រូវការពារដោយព្រះរាជក្រឹត្យ។

ជាមួយនឹងការបាត់បង់ព្រៃឈើ សត្វព្រៃក៏ត្រូវបាត់បង់ ព្រោះថា ក្រៅពីសត្វមួយចំនួនត្រូវបានឆេះបំផ្លាញងាប់ដោយភ្លើងព្រៃ នៅមានសត្វមួយចំនួនបានរត់ចេញពីកន្លែងដែលធ្លាប់រស់នៅ ហើយគេចទៅតំបន់ឆ្ងាយ អាចចូលទៅក្នុងព្រៃទឹកដីថៃ និងទឹកដីឡាវក៏មាន ដោយសារទឹកដីកម្ពុជាចេះតែអស់ព្រៃបន្ដិចម្ដងៗ។ ឧទាហរណ៍ជាក់ស្ដែងមួយ ព្រៃស្អាក ស្ថិតនៅក្នុងស្រុកវ៉ារិន ខេត្ដសៀមរាបផង និងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យផង ដែលពីមុនសម្បូរទៅដោយសត្វព្រៃ និងមានព្រៃដ៏ស្អាតក្រាស់ ឥឡូវព្រៃស្អាកមានន័យថា ព្រៃដែលចូលមិនចុះ ឥឡូវព្រៃនោះក្លាយទៅជាព្រៃស្អាត ព្រោះថា គេកាប់ក្លាយទៅជាវាលរហោឋានអស់ទៅហើយ។ កុំឱ្យព្រៃតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្លាយដូចជាព្រៃស្អាកបច្ចុប្បន្ន។

ថ្មីៗនេះអ្នកយកព័ត៌មានគេហទំព័រ CEN បានចុះទៅកាន់តំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ហើយបានជួបដោយផ្ទាល់ពីចម្ងាយសត្វខ្លាឃ្មុំជំទង់មួយក្បាល កំពុងតោងឡើងដើមឈើ ដោយសារតែព្រៃនៅព័ទ្ធជុំវិញរបស់ខ្លួនវាកំពុងតែឆេះហុយ ហើយខ្លាឃ្មុំនោះរកច្រកចេញពុំបាន ក៏បានតោងឡើងទៅលើដើមឈើខ្ពស់មួយ ដើម្បីគេចចេញពីសេចក្ដីស្លាប់។ ករណីនេះយើងបានថតរូបភាពពីចម្ងាយថែមទៀតផង។ ក្រោយពីថតរូបរួច យើងបានចាកចេញទៅ ហើយខ្លាឃ្មុំនោះមិនដឹងមានវសនាយ៉ាងណានោះទេ៕ S
