ស្វាយរៀង: រយៈពេល២ថ្ងៃមកហើយ មានកម្មករ កម្មការិនី ប្រមាណជា៥ពាន់នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាធេន និងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង តាំងពីថ្ងៃទី១១ ដល់ព្រឹកទី១២ ខែកុម្ភៈនេះ បានធ្វើកូដកម្មទាមទារលក្ខខណ្ឌអត្ថប្រយោជន៍ការងារមួយចំនួនពីបណ្តាថៅកែរោងចក្រ។
ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: ចន្រ្ទា
CEN
ក្រុមកម្មករបានធ្វើកូដកម្មទាមទារលក្ខខណ្ឌអត្ថប្រយោជន៍ការងារដូចជា ៖ ទី១ ប្រាក់ខែគោលពី១២០ដុល្លារទៅ១៥០ដុល្លារ ប៉ុន្តែកន្លងមកខាងក្រុមហ៊ុនបានឲ្យប្រាក់ខែគោលកម្មករពី៥៩ដុល្លារទៅ៦៤ដុល្លារតែប៉ុណ្ណោះ។ ទី២ លុយជំនាញពេញច្បាប់៣០ដុល្លារ។ ទី៣ ទាមទារលុយថ្លៃរថយន្តឈ្នួលចំនួន១៥ដុល្លារ ក្នុងកម្មករម្នាក់រយៈពេល១ខែ។ ទី៤ ករណីសុំច្បាប់ ក្រុមហ៊ុនបានឲ្យភ្លាមៗនាពេលកន្លងមក ក្រុមហ៊ុនឲ្យសុំច្បាប់រយៈពេល៣ថ្ងៃមុន ហើយបន្តមកទៀតឲ្យខាងរដ្ឋបាល ឬក្រុមហ៊ុនកុំឲ្យបាត់ប្រាក់ខែកម្មករច្រើនពេក។ ទី៥ សុំឲ្យខាងរដ្ឋបាលកុំឲ្យកាត់លុយពន្ធច្រើនពេក។
មកទល់ពេលគេពុំដឹងថាការទាមទាររបស់ក្រុមកម្មករ នៅតាមបណ្តារោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាធេន និងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន សម្រេចបានលទ្ធផលយ៉ាងណានោះទេ។
មកដល់វេលាម៉ោង៩និង២០នាទីព្រឹកដដែលនេះ ក្រុមកម្មករបានបញ្ឈប់ធ្វើការទាមទារនៅមុខរោងចក្រ ហើយបានវិលត្រឡប់ទៅផ្ទះវិញអស់ហើយ ដោយពុំបានលទ្ធផលអ្វីទាំងអស់។ ចំណែកខាងសហជីពនៅក្នុងរោងចក្រទាំងនោះ កំពុងតែប្រជុំគ្នាដើម្បីរកដំណោះស្រាយ ្ជាមួយថៅកែរោងចក្រ។
ចំណែកឯខាងរោងចក្របាននិយាយថា ការទាមទារប្រាក់ខែនោះ គឺទាល់តែមានការសម្រេចពីរាជរដ្ឋាភិបាល មិនទាន់សម្រេចថាយ៉ាងណានោះទេ ទាល់តែដល់ចុងខែកុម្ភៈទើបបានដឹងលទ្ធផល៕