អង្គជំនុំជម្រះតុលាការកំពូល ចេញសេចក្តីសម្រេច លើ បណ្តឹងសាទុក្ខ របស់សហព្រះរាជអាជ្ញា ទាក់ទងនឹង វិសាលភាព នៃសំណុំរឿង ០០២/០១

ភ្នំពេញ: អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(​អ​.​វ​.​ត​.​ក​) កាលពី​ថ្ងៃទី​៨​ខែកុម្ភៈ ​ឆ្នាំ​២០១៣ បានចេញ​សេចក្តីសម្រេច​របស់ខ្លួន​លើ​បណ្តឹងសាទុក្ខ​ភ្លាមៗ​របស់​សហ​ព្រះរាជអាជ្ញា ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដែល​បាន​បដិសេធត្រង់​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពន្លាត់​វិសាលភាព​នៃ​ការជំនុំជម្រះ​ក្តី​ទីមួយ​ក្នុង​សំណុំរឿង​០០២​។​

ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: កូឡាប
CEN

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី​១១​ខែកុម្ភៈ ឆ្នាំ​២០១៣ បាន​លើកឡើងថា អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​បដិសេធ​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ខាងលើ ដោយហេតុថា ​ការ​បំបែក​កិច្ចដំណើរការ​នីតិវិធី​សំណុំរឿង ០០២ នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១១ និងសេចក្តីសម្រេច​ជា​បន្តបន្ទាប់​ដែល​ពាក់ព័ន្ធ ខ្វះ​នូវ​ភាពច្បាស់លាស់ និង​ខ្វះ​សំអាង​ហេតុ​គ្រប់គ្រាន់ និង​ដោយហេតុថា អង្គជំនុំជម្រះ​សាលាដំបូង​បាន​បំបែក​កិច្ចដំណើរការ​នីតិវិធី​សំណុំរឿង ០០២/០១ ដោយ​មិនបាន​ផ្តល់ឱកាស​គ្រប់គ្រាន់​ដល់​ភាគី​នានា​ក្នុងការ​ចូលរួម​ដាក់​សារ​ណា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អង្គជំនុំជម្រះ​តុលាការ​កំពូល ទទួលស្គាល់​នូវ​កត្តា​នានា ដែល​ទំនងជា​ញ៉ាំង​ឲ្យ​អង្គជំនុំជម្រះ​សាលាដំបូង​សម្រេច​បំបែក​កិច្ចដំណើរការ​នីតិវិធី ដើម្បី​ធ្វើ​ឲ្យ​ការជំនុំជម្រះ​ក្តី​ប្រព្រឹត្តទៅបាន​ឆាប់រហ័ស និង​ងាយស្រួល​គ្រប់​គ្រងជាង​មុន​។ អង្គជំនុំជម្រះ​តុលាការ​កំពូល​បានបញ្ជាក់​បន្ថែមទៀតថា អង្គជំនុំជម្រះ​សាលាដំបូង​នៅតែមាន​អំណាច​ក្នុងការ​វាយតម្លៃ​ឡើងវិញ​នូវ​វិធីសាស្ត្រ​ក្នុងការ​បំបែកសំណុំរឿង ០០២ ដោយ​អញ្ជើញ​ភាគី​នានាដាក់​សារ​ណា ហើយ​ធ្វើការ​ពិចារណា​លើ​រាល់​កត្តា និង​ផលប្រយោជន៍​ស្របច្បាប់​នានា​របស់​ភាគី​ពាក់ព័ន្ធ​។ សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល​កំណត់​ត្រឹមតែ​ការ​បំបែក​កិច្ចដំណើរការ​នីតិវិធី​សំណុំរឿង​០០២ តែប៉ុណ្ណោះ​ ប៉ុន្តែ​មិនមាន​អានុភាព​ទៅលើ​សវនាការ​ឬ​ដំណើរការ​នី​តិ​វិធី​លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង ០០២ ដែល​បាន​ដំណើរការ​រហូតមកដល់​បច្ចុប្បន្ននេះ​ទេ​៕

What Next?

Recent Articles