ភ្នំពេញ: ក្រុមកម្មកររោងចក្រកាត់ដេរ យ៉ុងវ៉ា ទី១ និងយ៉ុងវ៉ា ទី២ នៅតាខ្មៅ ខេត្តកណ្តាល បានធ្វើកូដកម្ម បិទផ្លូវជាតិលេខ២១ ពីរង្វង់មូលតាខ្មៅ ទៅកាន់ផ្ទះសម្តេច ហ៊ុន សែន នៅតាំងក្រសាំង។
ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: ចៅចិត្រ
CEN
កូដកម្ម បិទផ្លូវនោះ ត្រូវបានធ្វើឡើង ចាប់តាំងពីព្រឹកម៉ោង ៦ និង ៣០ នាទី រហូតដល់ម៉ោង ១១ និង ៣០ នាទីនេះ មិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា C.CAWDU បានឲ្យដឹងថា ក្រុមកម្មករជាង ៧០០០ នាក់ នៅរោងចក្រ យ៉ុងវ៉ា១ និងយ៉ុងវ៉ា២ បានទទូចឲ្យថៅកែរោងចក្រកាត់ដេរ បើកប្រាក់ខែ នៅខែមករា ព្រោះមកដល់ថ្ងៃទី១២កុម្ភៈនេះ កម្មករមិនទទួលបានប្រាក់ខែ ស្របពេលនឹងឮដំណឹងថា រោងចក្រយ៉ុងវ៉ា បិទទ្វារ លែងដំណើរការ។ ម្យ៉ាងទៀត ក្នុងខែមករាកន្លងមក កម្មករមិនមានការងារអ្វីធ្វើទេ។ ដូច្នេះកម្មករ ទទូចសុំឲ្យរដ្ឋាភិបាល មេត្តាគិតគូដល់កម្មករ ដោយដកប្រាក់តម្កល់ ដែលថៅកែរោងចក្រយ៉ុងវ៉ា បានដាក់មុនពេលបើកអាជីវកម្មនោះ មកបើកប្រាក់ខែឲ្យកម្មករ។
លោក អាត់ ធន់ ដែលតាមឃ្លាំមើលកម្មករតវ៉ា ក៏បានបន្ថែមថា ក្រុមកម្មករ ក៏បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការខេត្តកណ្តាល ឲ្យចេញដីការក្សាការពារ ដើម្បីកុំឲ្យក្រុមហ៊ុន ដឹកសំភារៈរោងចក្រចេញ មុនពេលដោះស្រាយប្រាក់ខែ និងប្រាក់អតីតភាពការងាររបស់កម្មករ។
ជាការកត់សម្គាល់ ក្នុងដើមឆ្នាំ២០១៣នេះ កូដកម្មរបស់កម្មករកាត់ដេរ ហាក់ដូចជាផ្ទុះឡើងច្រើនកន្លែង នៅទូទាំង។ កម្មករ ទាមទារលក្ខខណ្ឌការងារ និងជាពិសេសទាមទារតម្លើងប្រាក់ខែ ដែលសព្វថ្ងៃទទួលបានត្រឹមតែ ប្រាក់ខែគោល ៦១ ដុល្លារ។
កិច្ចប្រជុំចរចារឿងតម្លើងប្រាក់ខែកម្មករ នឹងធ្វើឡើងជាថ្មីទៀត នៅថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០១៣ រវាងសមាគមថៅកែរោងចក្រ សហជីពកម្មករ និងតំណាងរាជរដ្ឋាភិបាល ដែលមានក្រសួងសង្គមកិច្ច និងក្រសួងការងារ៕