ភ្នំពេញ: មេដឹកនាំសហជីពកម្មករធំៗ ចំនួន ៦ ដែលជាសមាជិកនៃក្រុមប្រឹក្សាការងារ នឹងជួបប្រជុំគ្នា នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយមានការសម្របសម្រួលពីអង្គការពលកម្មអន្តរជាតិ ILO ដើម្បីកំណត់ប្រាក់ខែ សម្រាប់ចរចាជាមួយថៅកែរោងចក្រ។ នេះបើតាមលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា C.CAWDU។
ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: លី សិលា
CEN
លោក អាត់ ធន់ ដែលជាមេដឹកនាំសហជីពកម្មករ និងជាសមាជិកក្រុមប្រឹក្សាការងារ បានឲ្យដឹងថា នៅថ្ងៃទី១៨ និងថ្ងៃទី១៩កុម្ភៈខាងមុខនេះ សហជីពកម្មករ នឹងជួបប្រជុំគ្នា ក្រោមការសម្របសម្រួលរបស់អង្គការ ILO ដើម្បីកំណត់ពីកម្រិតប្រាក់ខែគោលកម្មករ ដែលត្រូវយកទៅចរចាជាមួយថៅកែរោងចក្រកាត់ដេរ នៅថ្ងៃទី២៦កុម្ភៈ។
លោក អាត់ ធន់ បានបន្ថែមថា សហជីពរបស់លោក នៅតែរក្សាជំហរ ទាមទារការតម្លើងប្រាក់ខែគោលដល់កម្មករកាត់ដេរ ឲ្យបានចំនួន ១៥០ ដុល្លារអាមេរិក ដើម្បីឲ្យកម្មករមានកម្រិតជីវភាពរស់នៅសមរម្យ ខណៈដែលប្រាក់ខែគោលរបស់កម្មករ សព្វថ្ងៃ មានត្រឹមតែ ៦១ ដុល្លារប៉ុណ្ណោះ។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិច្ចប្រជុំពិភាក្សា អំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនី ធ្វើការនៅតាមរោងចក្រកាត់ដេរ សម្លៀកបំពាក់ និងផលិតផលស្បែកជើង ដែលមានការចូលពីស្ថាប័នក្រសួងសង្គមកិច្ច ក្រសួងការងារ ជាមួយតំណាងភាគីនិយោជក ថៅកែរោងចក្រ និងភាគីសហជីពតំណាងកម្មករ ព្រមទាំងអង្គការ ILO និងអង្គការដៃគូពាក់ព័ន្ធ។
កិច្ចប្រជុំនោះ បានឯកភាពជាគោលការណ៍លើការតម្លើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ហើយថា នឹងមានការជួបប្រជុំសម្រេចពីការតម្លើងប្រាក់ខែដល់កម្មករ ក្នុងនាមក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣។ ក្នុងនោះ កិច្ចប្រជុំរវាងមេដឹកនាំសហជីពកម្មករ ដើម្បីកំណត់ជំហររួមតែមួយ លើការតម្លើងប្រាក់ឈ្នួលអប្បបរមា ដែលត្រូវចរចាជាមួយថៅកែរោងចក្រ ក៏ត្រូវធ្វើឡើងឲ្យបានមុនថ្ងៃទី២៦កុម្ភៈ ក្រោមការសម្របសម្រួលពីអង្គការ ILO៕