ភ្នំពេញ: ក្នុងរយៈពេល ៤ ថ្ងៃ គិតចាប់ពីថ្ងៃសែន និងថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានសម្លាប់មនុស្ស ៤៣ នាក់ និងរបួសធ្ងន់ស្រាលសរុប ១៦៥ នាក់។ ចំនួនអ្នកស្លាប់នេះបានកើនឡើង ៧៩ % បើធៀបនឹងឆ្នាំ២០១២។ នេះបើតាមរបាយការណ៍របស់ប៉ូលិសនាយកដ្ឋានសណ្តាប់ធ្នាប់របស់ក្រសួងមហាផ្ទៃ។
ថ្ងៃទី 13 កុម្ភៈ 2013
ដោយ: លី សិលា
CEN
របាយការណ៍បង្ហាញថា ក្នុងរយៈពេលចូលឆ្នាំចិន គិតចាប់ពីថ្ងៃទី៩កុម្ភៈ ដែលជាថ្ងៃសែន រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលជាថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំចិនរយៈពេល ៣ ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍រុប ៩៣ ករណី បណ្តាលឲ្យមានមនុស្សស្លាប់ ៤៣ នាក់ របួសធ្ងន់ ៩៧ នាក់ និងរបួសស្រាល ៦៨ នាក់។ មូលហេតុចម្បង គឺអ្នកបើកបរស្រវឹង បើកបរលឿន និងជ្រែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់។
របាយការណ៍ប៉ូលិសបង្ហាញថា នៅថ្ងៃសៅរ៍ ទី៩កុម្ភៈ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ២ នាក់ និងរបួស ១៥ នាក់ផ្សេងទៀត។ នៅថ្ងៃអាទិត្យ ទី១០កុម្ភៈ ដែលជាថ្ងៃចូលឆ្នាំចិនថ្ងៃទី១ ក្នុងចំណោមបុណ្យចូលឆ្នាំចិន ៣ ថ្ងៃ មានអ្នកស្លាប់ ១៥ នាក់ និងរបួស ៥៩ នាក់។ ចំណែកនៅថ្ងៃចន្ទ ទី១១កុម្ភៈ មានមនុស្សស្លាប់ ១៨ នាក់ និងរបួស ៥៥ នាក់។ រីឯនៅថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ មានមនុស្សស្លាប់ ៨ នាក់ និងរបួស ៣៦ នាក់។
របាយការណ៍ក៏បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ទាំងនោះភាគច្រើនបង្កឡើងដោយការបើកបរលឿនហួសកំណត់ ការធ្វេសប្រហែស ហើយអ្នកបើកបរភាគច្រើន ស្ថិតក្នុងសភាពស្រវឹង។
ក្នុងពេលមានបុណ្យទានម្តងៗ ពិសេសបុណ្យចូលឆ្នាំចិននេះ ចរាចរណ៍តាមដងផ្លូវមមាញឹក ដោយការដើរកម្សាន្ត។
របាយការណ៍ប៉ូលិស ក៏បានបង្ហាញថា នៅឆ្នាំ២០១២ នៅទូទាំងប្រទេសគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៤.៣០៥ ករណី ធ្វើឲ្យមនុស្សស្លាប់ ចំនួន ១.៨៩៤ នាក់ របួសធ្ងន់ ៤.៣៨៨ នាក់ និងរបួសស្រាល ៣.០៧៩ នាក់៕ S