ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ៣ ទាមទារឲ្យបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ វិញ បើទោះបីជារាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនចិន បន្តផែនការសាងសង់ទំនប់វារីអគ្គិសនីនេះនៅពេលឆាប់ៗយ៉ាងណាក្ដី។
ដោយ រដ្ឋា វីសាល
2013-02-13
វិទ្យុអាស៊ីសេរី
តំណាងប្រជាពលរដ្ឋរស់នៅតាមដងទន្លេចំនួន ៣ គឺទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ជាង ១០នាក់ នឹងនាំយកញត្តិទាមទាររបស់ពលរដ្ឋដាក់ជូនស្ថានទូតប្រទេសចិន ប្រចាំកម្ពុជា និងរដ្ឋសភានៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣។
អ្នកភូមិរស់នៅតាមដងទន្លេសេសាន ក្នុងឃុំស្រែគរ លោក សុត ខឿន មានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ តំណាងអ្នកភូមិបានធ្វើដំណើរទៅទីក្រុងភ្នំពេញ ដើម្បីត្រៀមដាក់ញត្តិជូនមន្ត្រីស្ថានទូតប្រទេសចិន និងមន្ត្រីរដ្ឋសភាជាតិ។
លោកបន្តថា មូលហេតុនាំឲ្យប្រជាពលរដ្ឋស្នើសុំបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ គឺដោយសារផលប៉ះពាល់ពិតជាកើតមានច្រើនមកលើប្រជាពលរដ្ឋ ហើយដំណោះស្រាយផលប៉ះពាល់រហូតមកទល់នឹងពេលនេះ ក្រុមអាជ្ញាធរពាក់ព័ន្ធមិនបានឆ្លើយតបឲ្យប្រជាពលរដ្ឋបានដឹងច្បាស់លាស់ ហេតុនេះទើបប្រជាពលរដ្ឋសម្រេចចិត្តដាក់ញត្តិទាមទារនេះ៖ «គាត់ថា មិនចង់ឲ្យមាន ព្រោះថា ប្រជាពលរដ្ឋរងគ្រោះខ្លាំងណាស់ គិតយូរទៅរងគ្រោះរុះរើភូមិឋាន ធ្វើផ្ទះសម្បែងថ្មី ដំណាំដាំដុះយូរឆ្នាំ ព្រៃកប់ខ្មោចស្អីៗទាំងអស់»។
រដ្ឋសភាគ្រោងនឹងប្រជុំអនុម័តច្បាប់ស្ដីពីសំណងផលប៉ះពាល់ប្រជាពលរដ្ឋដែលត្រូវប្ដូរទៅតាំងទីលំនៅថ្មីនៃគម្រោងវិនិយោគសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនចម្រុះ គឺក្រុមហ៊ុនក្នុងស្រុកជាមួយក្រុមហ៊ុនមកពីប្រទេសវៀតណាម និងក្រុមហ៊ុនអគ្គិសនីដ៏ធំមកពីប្រទេសចិន ឈ្មោះ ឡាង ចាង ហាយដ្រូ ផៅវ័រ (Lan Canc Hydro Power) សាងសង់ក្នុងគម្រោងទឹកប្រាក់ជាង ៧៨១លានដុល្លារ។
មេឃុំស្រែគរ លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់កាលពីខែវិច្ឆិកា ឆ្នាំ២០១២ អាជ្ញាធរខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋអ្នករងផលប៉ះពាល់បានជួបពិភាក្សាគ្នាស្ដីពីដំណោះស្រាយផ្ដល់ទីតាំងដីសង់លំនៅឋានថ្មីសម្រាប់ប្រជាពលរដ្ឋជម្លៀសចេញពីភូមិ ក៏ប៉ុន្តែរហូតមកទល់ថ្ងៃនេះ មិនទាន់ឃើញមានចំណាត់ការបែបណានៅឡើយ។
លោកបន្តថា ប្រជាពលរដ្ឋបានតវ៉ាជាច្រើនលើក មិនចង់ចាកចេញពីភូមិរបស់ពួកគាត់ទេ ពីព្រោះអាជ្ញាធរពាក់ព័ន្ធមិនបានឆ្លើយតបទៅនឹងដំណោះស្រាយសំណងផលប៉ះពាល់ទាក់ទិនផ្ទះសម្បែង ផលដំណាំ និងទ្រព្យសម្បត្តិពលរដ្ឋបានជាក់លាក់៖ «ឯកឧត្តម ឡូយ សូផាត គាត់ជជែកជាមួយក្រុមហ៊ុនចិន តែពីសំណងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ គាត់ជជែកតែរឿងហ្នឹង តែរឿងសំណងដំណាំដាំដុះដើមស្វាយ ដើមខ្នុរ ដែលដាំអាយុវែង។ល។ និង ។ល។នេះ អត់មាននិយាយពីសំណង»។
រាជរដ្ឋាភិបាលរំពឹងថា ការអភិវឌ្ឍន៍ស្ថានីយវារីអគ្គិសនីសេសានក្រោម២ នឹងទទួលបានចំណូលពន្ធសរុបជាមធ្យមប្រមាណជាង ២៩លានដុល្លារអាមេរិក (២៩.៥៩) ក្នុង១ឆ្នាំ ដោយមិនគិតដល់ពន្ធដទៃទៀតនៃការការចែកចាយថាមពលអគ្គិសនីលក់បន្តឲ្យអ្នកប្រើប្រាស់។
អ្នកសម្របសម្រួលអង្គការកណ្ដាលការពារទន្លេបី លោក មៀច មាន មានប្រសាសន៍ថា រដ្ឋសភាជាតិគួរតែពន្យារពេលអនុម័តច្បាប់នេះជាបណ្ដោះអាសន្នហើយតម្រូវឲ្យសិក្សាផលប៉ះពាល់ និងដំណោះស្រាយសំណងបានជាក់លាក់៖ «សិក្សាប្រឹក្សាយោបល់ជាមួយសហគមន៍សាដើមឡើងវិញទៅនឹងទិន្នន័យដើមដែលធ្វើការសិក្សាពីមុនមកឲ្យមានលក្ខណៈច្បាស់លាស់ជាមួយពួកគាត់សិន»។
វិទ្យុអាស៊ីសេរីនៅថ្ងៃអង្គារ ទី១២ ខែកុម្ភៈ មិនអាចទាក់ទងអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត សុំអធិប្បាយបញ្ហានេះបានទេ។ យ៉ាងនេះក្ដី កន្លងទៅនេះលោកធ្លាប់បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធបានសិក្សាហ្មត់ចត់ និងមានគម្រោងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋត្រឹមត្រូវ ពីព្រោះគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋមានលក្ខណៈប្រសើរជាងទីតាំងចាស់ រួមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រសម្រាប់បម្រើវិស័យកសិកម្មជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បញ្ហាការកសាងទំនប់វារិអគ្គិសនី ជាបញ្ហាធំំណាស់ទាក់ទងនឹងការរស់នៅរបស់ប្រជាជននៅនឹងតំបន់កសាងដោយផ្ទាល់ និងប្រជាជននៅខាងលើនិងខាងក្រោមសំណង់កសាងដោយប្រយោល បញ្ហាបរិស្ថាន ជីវសាស្រ្តចំរុះ ទឹកជំនន់ គ្រោះរាំងស្ងួត ដោយការកសាងទំបន់វារីអគ្គិសនីនៅពាក់កណ្តាលខ្សែទឹកយ៉ាងនេះ (ជាធម្មតា គេកសាងនៅដើមប្រភពទឹក ដូចជា កំចាយ ឬតាតៃ មានប៉ះពាល់តែមិនដូចករណីទន្លេសេសានក្រោមពីរនៅនោះទេ។ វានឹងផ្តល់ផលប៉ះពាល់មិនខុលពីការកសាងទំនប់វារីអគ្គីសនីសាយបូរីនៅឡាវនោះទេ។ សូមរដ្ឋាភិបានសិក្សាផលប៉ះពាល់ឲ្យល្អិតល្អន់ និងស្តាប់សំឡេងពីប្រជាមតិផង។
ពួកនេះមិនដែលគិតអំពីផលប្រយោជន៍ជាតិនិងពលរដ្ឋម្ដងណាទេ ពួកនេះជាពួក អាត្មានិយម,
គ្រួសារនិយម,បក្សពួកនិយម ចង់អ្នកឯទៀតយ៉ាងមេចក៍ពួកនេះមិនឈឺក្បាលដែរ។
បើបងប្អូនមិនព្រមថយ គេរៀបចំគម្រោងរបៀបភូមិប្រម៉ា ហើយចោទបងប្អូនថាចង់បង្កើតតំបន់អបគមន៍ ចប់……….នេះគឺវិធីអភិវឌ្ឍន៍ជួយអ្នកមានសម្លាប់អ្នកក្រ ឬជានយោបាយឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន……………..