អនុប្រធាននៃអាជ្ញាធរជាតិបោសសម្អាតមីនកម្ពុជា លោក ប្រាក់ សុខុន និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែកុម្ភៈ បានចុះហត្ថលេខាទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ (Germany) ប្រចាំនៅប្រទេសកម្ពុជា លោក ហ្វូវហ្គែង ម៉ូសេ (Woftgang Morse) ទទួលជំនួយចំនួនជាង ១លាន ១សែនអឺរ៉ូ (euro) ស្មើនឹងជាង ១លាន ៤សែនដុល្លារអាមេរិក សម្រាប់ចំណាយលើការបោសសម្អាតមីននៅឆ្នាំ២០១៣ នេះ។
ដោយ សុខ សេរី
2013-02-13
វិទ្យុអាស៊ីសេរី
អនុប្រធាននៃអាជ្ញាធរជាតិបោសសម្អាតមីនកម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងពិធីចុះហត្ថលេខាទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ (Germany) ប្រចាំកម្ពុជា លោក ហ្វូវហ្គែង ម៉ូសេ (Woftgang Morse) [ឆ្វេង] កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣។ RFA/Sok Serey
ជំនួយឥតសំណងនេះ គឺផ្តល់ជូនអង្គការបោសសម្អាតគ្រាប់មីនកម្ពុជា (ស៊ីម៉ាក់ = CMAC) សម្រាប់ចំណាយលើការបោសសម្អាតគ្រាប់មីននៅក្នុងខេត្តចំនួនពីរ គឺខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលមានផ្ទៃដីចម្ការមីនទំហំជាង ៩២០ហិកតារ។
ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ នៅគ្រាដែលការសិក្សាស្រាវជ្រាវមួយ រយៈពេល ៣ឆ្នាំកន្លងមក បានរកឃើញថា កម្ពុជា នៅមានផ្ទៃដីចម្ការគ្រាប់មីនចំនួនជាង ១.៤០០គីឡូម៉ែត្រក្រឡាទៀត។
នៅក្នុងការបោសសម្អាតគ្រាប់មីនរយៈពេល ២០ឆ្នាំកន្លងមកនោះ អង្គការស៊ីម៉ាក់ បានបោសសម្អាតគ្រាប់មីនជាច្រើនលានគ្រាប់ នៅលើផ្ទៃដីចំនួនជាង ៨០០គីឡូម៉ែត្រក្រឡា។
លោក ប្រាក់ សុខុន បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ជំនួយនេះគឺជួយដល់ប្រជាពលរដ្ឋក្នុងការរស់នៅដោយសុវត្ថិភាព និងជួយដល់គម្រោងអភិវឌ្ឍន៍នានានៅខេត្តចំនួន២នោះ៖ «ប្រជាជនកម្ពុជា យើងតែងនឹកដឹងគុណជានិច្ច ពីព្រោះវាជាចំណែកនៃការលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីនផង និងការរំដោះដីដើម្បីឲ្យប្រជាពលរដ្ឋយើងបានបង្កបង្កើនផលផង។ ជាទូទៅ មានប្រទេសច្រើនដែរដែលបន្តជួយជាប់ជានិច្ចចំពោះវិស័យសកម្មភាពមីននេះ ប៉ុន្តែខាងអាល្លឺម៉ង់ គាត់ជួយជាប់លាប់»។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ នៅប្រទេសកម្ពុជា លោក ហ្វូវហ្គែង ម៉ូសេ បានមានប្រសាសន៍ជាភាសាអង់គ្លេសថា ជំនួយនេះ គឺនៅគ្រាដែលគម្រោងបោសសម្អាតគ្រាប់មីនកន្លងមកបានទទួលលទ្ធផលគួរឲ្យពេញចិត្ត។
លោកបានបន្តថា ការបោសសម្អាតគ្រាប់មីនកាលពីឆ្នាំ២០១២ កន្លងមកនេះ គឺបានបោសសម្អាតគ្រាប់មីនចំនួនជាង ៣.៦០០គ្រាប់ នៅលើផ្ទៃដីចំនួនជាង ៤៥០ហិកតារ។ ក្រៅពីនេះ អង្គការស៊ីម៉ាក់ បានបំផ្លាញចោលគ្រាប់មីនមិនទាន់ផ្ទុះចំនួនជាង ២៣ពាន់គ្រាប់។
កម្ពុជា បានក្លាយជាភាគីនៃអនុសញ្ញាទីក្រុងអូតាវ៉ា (Ottawa) ប្រទេសកាណាដា (Canada) តាំងពីឆ្នាំ១៩៩៧ កន្លងមក ក្នុងការប្រឆាំងការប្រើប្រាស់គ្រាប់មីន ផលិតគ្រាប់មីន និងស្តុកគ្រាប់មីន។ កម្ពុជា បានរងគ្រោះដោយសារគ្រាប់មីនជាច្រើនលានគ្រាប់ តាំងពីមានសង្គ្រាមទសវត្សឆ្នាំ១៩៧០ កន្លងមក។
ប្រទេសអាល្លឺម៉ង់ បានផ្តល់ជំនួយឥតសំណងចំនួនជាង ១៥លានដុល្លារអាមេរិក ហើយ ជូនប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៩ កន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។