កិច្ចប្រជុំ​ចរចា ​រឿង​កូដកម្ម​របស់​កម្មករ​រោងចក្រ នៅ​បាវិត ត្រូវ​ពន្យារ​ពេល ទៅ​ដើម​សប្តាហ៍​ក្រោយ​

ខេត្តស្វាយរៀង: កិច្ចប្រជុំ​ចរចាដោះស្រាយ​កូដកម្ម​របស់​កម្មករ​រោងចក្រជិត ២ ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង និង​មេន​ហាត​ធេន នៅ​បាវិត ខេត្ត​ស្វាយរៀង ដែល​គ្រោង​នឹង​ជួប​ប្រជុំ​ដោះស្រាយនៅ​ព្រឹក​ថ្ងៃទី​១៤​កុម្ភៈ​នេះ ត្រូវបាន​ពន្យារពេលទៅ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​។ មូលហេតុ មក​ពី​ភាគី​ពាក់ព័ន្ធមិន​មាន​វត្តមានក្នុង​កិច្ចប្រជុំ​ចរចា ក្រោម​ការសម្របសម្រួល​ពី​អាជ្ញាធរខេត្ត និង​ក្រសួង​ការងារ​។​

ថ្ងៃទី 14 កុម្ភៈ 2013
ដោយ: លី សិលា
CEN

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​បាន​ឃ្លាំមើល​កូដកម្ម​របស់​កម្មករនៅ​បាវិត បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​កុម្ភៈ ឆ្នាំ​២០១៣ ថា ថៅកែ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ក៏បាន​សម្រេច​ឲ្យ​កម្មករបន្ត​ឈប់សម្រាក រហូត​ដល់​ដើម​សប្តាហ៍​ក្រោយ ខណៈ​ដែល​ការចរចា​ដោះស្រាយ​កូដកម្ម​នោះនឹង​ធ្វើឡើង នៅ​ថ្ងៃ​ចន្ទ​។​

​មេដឹកនាំ​សហជីព លោក ប៉ាវ ស៊ីណា ក៏​បាន​​បន្ថែមឲ្យដឹងថា ដោយឡែក​សម្រាប់​ករណី​កូដកម្ម​របស់​រោងចក្រ ឡុង​ប្រាយ ដែល​ផលិត​អំពូល​អគ្គិសនី ដែល​បាន​កំណត់​ថានឹង​ជួប​ប្រជុំ​ចរចា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក៏​បាន​ពន្យារពេលលើក​ទៅធ្វើ​នៅ​ថ្ងៃ​ចន្ទ​ផងដែរ​។

​សូម​រម្លឹកថា កម្មករ​ជិត ២ ម៉ឺន​នាក់ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន និង តាយសេង នៅ​ទីក្រុង​បាវិត បាន​ផ្ទុះ​កូដកម្មទ្រង់ទ្រាយ​ធំ​ទាំងអស់គ្នា កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ ឆ្នាំ​២០១៣​។ ក្រុមកម្មករ នៅ​រោងចក្រ​កាត់ដេរ រោងចក្រ​ផលិត​កង់ ពូក និង​ផលិត​គ្រឿង​អគ្គិសនី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង និង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហា​តធេន ដែល​មាន​រោងចក្រ​សរុប​ជាង ៣០ រោងចក្រ បាន​ធ្វើ​កូដកម្ម ទាមទារ​ដំឡើង​ប្រាក់ខែ​ពី ១២០ ទៅ ១៥០ ដុល្លារ ព្រមទាំង​លក្ខខណ្ឌ​ការងារ​មួយចំនួន ដូចជា ធ្វើការ​ថែម​ម៉ោង ត្រូវធ្វើ​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត ជាដើម​។​

​អាជ្ញាធរ បាន​កំណត់​ថា នឹង​ប្រជុំស្វែងរក​ដោះស្រាយនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​កុម្ភៈ ឆ្នាំ​២០១៣ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​ការងារ អាជ្ញាធរខេត្ត ខាង​សមាគម​រោងចក្រ​កាត់ដេរ តំណាង​អភិបាលខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

​កូដកម្ម​នោះ បាន​កើតឡើង​ជា​បញ្ហា​ក្តៅគគុក រយៈពេល ៤ ទៅ ៥ ថ្ងៃ​ហើយ ដែល​មន្ត្រី​មន្ទីរ​ការងារ ក៏ដូចជា​អាជ្ញាធរ​ដែនដី ព្យាយាម​សម្របសម្រួល តែ​មិន​សះជា ដោយសារ​តែ​ក្រុម​កម្មករ ទាមទារ​ហួសហេតុលើស​ច្បាប់​ការងារ ដូចជា ប្រាក់​ថែម​ម៉ោង រួម​ទាំង​ការ​ដំឡើង​ប្រាក់ខែ​។ រីឯ​ថៅកែ​រោងចក្រ មាន​ជំហរ​រឹងត្អឹង​ផងដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ហាស់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕​ S

What Next?

Recent Articles