ភ្នំពេញ: ក្រៅពីបារម្ភចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ក្រុមអង្គការសង្គមស៊ីវិល ដែលរួមមានអង្គការសមាជិកសម្ព័ន្ធទន្លេកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងបណ្តាញសិទ្ធិដីធ្លី និងលំនៅឋាន ក៏បានស្នើសុំឲ្យរដ្ឋសភា ពន្យារពេលអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ហាយដ្រូ ផៅវ័រឡូវើរ សេសាន២ ដែលត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ នីតិកាលទី៤ របស់រដ្ឋសភា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣។
ថ្ងៃទី 14 កុម្ភៈ 2013, ម៉ោង 09:33:AM
ដោយ: លី សិលា
CEN

សេចក្តីព្រួយបារម្ភរបស់សង្គមស៊ីវិល និងសហគមន៍នៅតំបន់សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានលើកឡើងក្នុងសន្និសីទកាសែត នៅអង្គការវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣។
ជាមួយគ្នានោះ ខាងសហគមន៍ដែលរងផលប៉ះពាល់ ក៏បានបែងចែកជាពីរក្រុម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤កុម្ភៈ ឆ្នាំ២០១៣ ដើម្បីដាក់ញត្តិ ២ ដាច់ដោយឡែកពីគ្នា ទៅកាន់ស្ថានទូតចិន និងទៅកាន់រដ្ឋសភា។ ក៏ប៉ុន្តែសម្រាប់ស្ថានទូតចិន គឺគេមិនទាន់ចូលធ្វើការ ដូច្នេះសន្តិសុខមិនបានទទួលយកញត្តិរបស់សហគមន៍ឡើយ។ រីឯរដ្ឋសភា ក៏ស្ទាក់ស្ទើរមិនព្រមទទួលញត្តិរបស់សហគមន៍អ្នករងផលប៉ះពាល់ទេ។
ក្រុមអង្គការសង្គមស៊ីវិល ក៏បានបង្ហាញការមន្ទិលសង្ស័យ និងទុក្ខកង្វល់យ៉ាងខ្លាំង លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនហាយដ្រូ ផៅវ័រឡូវើរ សេសាន២ ដែលរដ្ឋសភា នឹងប្រជុំអនុម័តនៅថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០១៣ មិនបានពិគ្រោះយោបល់ ឲ្យបានទូលំទូលាយជាសាធារណៈ ប្រជាជនដែលរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល និងសង្គមស៊ីវិល។

សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល ដែលបានផ្សព្វផ្សាយនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៣ បង្ហាញថា “យើងខ្ញុំទាំងអស់គ្នា ក៏មានកង្វល់ទៅលើភាពខុសគ្នារវាងតួលេខនៃចំនួនភូមិ និងគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេសាន និងស្រែពក ដែលនឹងរងផលប៉ះពាល់ដោយផ្ទាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២”។
លោក ឈិត សំអាត នាយកប្រតិបត្តិ នៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានលើកឡើងថា របាយការណ៍ពីផលប៉ះពាល់របស់រដ្ឋាភិបាល គឺខុសពីរបាយការណ៍វាយតម្លៃផលប៉ះពាល់របស់ក្រុមហ៊ុន ដូចជា ចំនួនភូមិ
និងចំនួនប្រជាជន ដែលរងផលប៉ះពាល់ ជាដើម។
លោក ឈិត សំអាត បានបន្ថែមថា ផ្អែកតាមសេចក្តីថ្លែងហេតុ បានបញ្ជាក់ថា ប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន ៦ ភូមិ ត្រូវជា ៥១៥ គ្រួសារ នៅឆ្នាំ២០១០ ហើយនឹងកើនឡើងដល់ ៧៩៧ គ្រួសារ នៅឆ្នាំ២០១៤។ ផ្ទុយទៅវិញ របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញ ដែលរៀបរៀងដោយក្រុមហ៊ុន ឃី ខនសាលធេន (ខេមបូឌា) (Key Consultant Cambodia) និងទទួលស្គាល់ ដោយក្រសួងបរិស្ថាន និងក្រុមហ៊ុនអគ្គិសនីវៀតណាម ក្នុងខែធ្នូ ឆ្នាំ២០០៩ បានបង្ហាញថា គម្រោងនេះ នឹងបណ្តាលឲ្យមានផលប៉ះពាល់ចំនួន ៨ ភូមិ ស្ថិតក្នុង ៤ ឃុំ ក្នុងស្រុកសេសាន ដែលមានប្រជាជនសរុប ១.០២៥ គ្រួសារ នៅឆ្នាំ២០០៨ និងអាចកើនឡើងរហូតដល់ ១.៥២៩ គ្រួសារ នៅឆ្នាំ២០១២។
ចំណែកលោក មៀច មាន អ្នកសម្របសម្រួលបណ្តាញការពារទន្លេ៣ ក៏បានលើកឡើងថា រាជរដ្ឋាភិបាល មិនបានពិភាក្សាជាមួយនឹងប្រជាសហគមន៍ ដែលរងផលប៉ះពាល់ក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ នៅស្រុកសេសាននោះឡើយ។ រីឯសំណង ក៏មិនដឹងជារាជរដ្ឋាភិបាលត្រូវគិតគូរដូចម្តេច ជាពិសេសលើដំណាំហូបផ្លែ ដូចជា ដើមដូង ជាដើម។
លោក មៀច មាន ក៏បានឲ្យដឹងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ ក៏នឹងនាំឲ្យប៉ះពាល់ដល់ធនធានត្រីផងដែរ។
សូមរម្លឹកថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន២ មាន ៣ មាត្រា បានកំណត់ពីការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ឲ្យក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន២ ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងអនុវត្តន៍គម្រោង រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន២ និងកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន២ ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២។
ក្នុងសេចក្តីព្រាងច្បាប់ ដែលមាន ៣ មាត្រានោះ ក៏បានកំណត់ថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តរាល់នីតិវិធី ដើម្បីអនុវត្តន៍លិខិតធានាទូទាត់នេះ។ ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់។
លិខិតធានារបស់រាជរដ្ឋាភិបាល លើការទូទាត់ សម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសាន២ ចំនួន ៦ ទំព័រ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ សរសេរជូនលោកប្រធានក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន២ (Hydro Power Lower Sesan 2 Co., Ltd.) ដែលជាបង្កើតឡើងដោយក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
ក្នុងសេចក្តីថ្លែងហេតុ នៃសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន២ ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ បង្ហាញថា សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ បានអនុម័តជាឯកច្ឆន្ទ លើគម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនី សេសានក្រោមទី២ អនុភាពដំឡើង ៤០០ មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង ដែលត្រូវអនុវត្តន៍ដោយក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន២។
សេចក្តីថ្លែងហេតុ បង្ហាញថា អនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងខាងលើ តម្រូវឲ្យរាជរដ្ឋាភិបាលផ្តល់ការធានាពីរប្រភេទ គឺ៖ ទី១-ការធានាលើការទូទាត់ថ្លៃទិញថាមពលអគ្គិសនី ក្នុងករណីអគ្គិសនីកម្ពុជាមិនធ្វើការទូទាត់ និងទី២-ការធានាលើការទូទាត់ថ្លៃទិញមធ្យោបាយគម្រោង ក្នុងករណីដែលក្រុមហ៊ុន មិនអាចអនុវត្តន៍គម្រោងបាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ប្រធានសក្តិផ្នែកនយោបាយ។
កន្លងមក រដ្ឋសភា ក៏ធ្លាប់បានអនុម័តយល់ព្រមឲ្យរាជរដ្ឋាភិបាល ផ្តល់ការធានាលើការទូទាត់ សម្រាប់គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីជាច្រើនរួចមកហើយ រួមមាន គម្រោងសាងសង់វារីអគ្គិសនី គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី។
សេចក្តីថ្លែងហេតុដដែល បង្ហាញថា ថ្លៃគម្រោងវារីអគ្គិសនីសេសានក្រោម២ សរុបចំនួន ៧៨១,៥២ លានដុល្លារ ដោយវិនិយោគក្រោមរូបភាព សាងសង់-អាជីវកម្ម-ផ្ទេរ ( Build-Operate-Transfer BOT ) រយៈពេលសម្បទាន ៤៥ ឆ្នាំ ( សាងសង់ ៥ ឆ្នាំ និងធ្វើអាជីវកម្ម ៤០ ឆ្នាំ )។ ក្នុងនោះ ថ្លៃសំណង់ ចំនួន ២៤៦,៤៧ លានដុល្លារ និងគ្រឿងម៉ាស៊ីន ឧបករណ៍ បរិក្ខារ ចំនួន ២៣២,៦៣ លានដុល្លារ។ ទុនផ្ទាល់របស់ក្រុមហ៊ុន ៣០% ស្មើនឹង ២៣៤,៤៦ លានដុល្លារ និងកម្ចីពីធនាគារ ៧០% ស្មើនឹង ៥៤៧,០៦ លានដុល្លារ ជាមួយអត្រាការប្រាក់ ៦,៥% ក្នុងមួយឆ្នាំ និងរយៈពេលសងបំណុល ១៥ ឆ្នាំ។
ក្នុងសេចក្តីថ្លែងហេតុដដែល ក៏បានបង្ហាញពីអត្ថប្រយោជន៍នៃគម្រោងទំនប់វារីអគ្គិសនី សេសានក្រោម២ ដោយកម្ពុជានឹងទទួលបានប្រភពថាមពលដ៏ធំ ដែលមិនធ្លាប់មាន រួមចំណែកឯករាជ្យភាព និងសន្តិសុខថាមពល បង្កើតឱកាសការងាររាប់ពាន់ ដល់ពលករ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ក្នុងតំបន់ដោយប្រយោល ជាដើម។
ក្រៅពីនោះ ក្រុមហ៊ុន ត្រូវឧបត្ថម្ភដល់អគ្គិសនីកម្ពុជា នូវទឹកប្រាក់ចំនួន ៥០០ ពាន់ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬសរុបរួម ២០ លានដុល្លារ ក្នុងរយៈពេលសម្បទាន ៤០ ឆ្នាំ សម្រាប់ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស។
ចំណែកចំណូលពន្ធចូលថវិការដ្ឋពីគម្រោងទំនប់វារីអគ្គិសនីនេះ ជាមធ្យម ២៩,៥៨៩ លានដុល្លារ ក្នុងមួយឆ្នាំ ឬសរុបរួម ១.១៨៣,៥៥ លានដុល្លារ ក្នុងរយៈពេលសម្បទាន ៤០ ឆ្នាំ ដោយមិនគិតចំណូលអាករលើតម្លៃបន្ថែម ( VAT ) ពន្ធលើបៀវត្សរ៍ និងចំណូលពន្ធដទៃទៀត។
យ៉ាងណាក៏ដោយ សេចក្តីថ្លែងហេតុ ក៏បានបង្ហាញថា ក្រុមហ៊ុន ត្រូវចំណាយ ៣៨,៧១ លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់ ប៉ះប៉ូវគោលនយោបាយសាងសង់លំនៅដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា នៅតំបន់តាំងពីលំនៅថ្មី។ គម្រោងនេះ មានប្រជាជនរងផលប៉ះពាល់សរុបចំនួន ៧៩៧ គ្រួសារ នៅក្នុងឃុំ៣ គឺឃុំក្បាលរមាស ចំនួន ៣ភូមិ រួមមាន៖ ភូមិក្បាលរមាស ភូមិស្រែស្រណុក និងភូមិច្រប់។ ឃុំស្រែគរ ចំនួន ២ ភូមិ គឺភូមិស្រែគរ១ និងភូមិស្រែគរ២។ ឃុំភ្លុក ចំនួន ១ ភូមិ គឺភូមិភ្លុក ក្នុងស្រុកសេសាន។
ក្រុមហ៊ុន ត្រូវសាងសង់លំនៅដ្ឋានថ្មី ចំនួន ៧៩៧ ខ្នង គឺមួយខ្នង សម្រាប់គ្រួសារមួយ ដែលអាចរស់នៅបាន ៨ នាក់ មានទំហំ ៨០ ម៉ែត្រក្រឡា សង់លើផ្ទៃដី ១.០០០ ម៉ែត្រក្រឡា ក្នុងនោះសម្រាប់សង់លំនៅឋាន ៤០០ ម៉ែត្រ និង ៦០០ ម៉ែត្រក្រឡា សម្រាប់ច្បារដំណាំ ព្រមទាំងផ្តល់ដីស្រែចម្ការ ៥ ហិកតា ក្នុងមួយគ្រួសារ ដោយមានការឈូសឆាយ សម្អាតជូន។
តាមសេចក្តីថ្លែងហេតុ ក្រុមហ៊ុនក៏ត្រូវផ្តល់ការឧបត្ថម្ភថវិកាមួយចំនួន និងអង្ករ ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ៧៩៧ គ្រួសារ សម្រាប់រយៈពេល ១២ ខែដំបូង ព្រមទាំងបណ្តុះបណ្តាលវិជ្ជាជីវៈចាំបាច់មួយចំនួន ដើម្បីអាចសម្របសម្រួលតាមជីវភាពថ្មី។
ក្នុងនោះ ក្រុមហ៊ុន ក៏ត្រូវសាងសង់សំណង់សាធារណៈ សម្រាប់ឃុំនីមួយៗ ដែលប៉ះពាល់ រួមមាន៖ ផ្លូវថ្នល់ សាលាឃុំមួយខ្នង ស្ថានីយប៉ូលិសមួយខ្នង វត្តមួយ មណ្ឌលសុខភាពមួយខ្នង សាលាមត្តេយ្យមួយខ្នង សាលាបឋមសិក្សាមួយខ្នង អនុវិទ្យាល័យមួយខ្នង អណ្តូងទឹកស្អាត១ សម្រាប់ ៥ គ្រួសារ សួនច្បារសាធារណៈ ទីលានកីឡា និងប្រព័ន្ធធារាសាស្ត្រ។ ក្រុមហ៊ុនក៏ត្រូវសាងសង់ផ្លូវ ២៤ គីឡូម៉ែត្រ អ៊ុតបេទីមឺន័រ ពីការដ្ឋាន ទៅកាន់ទីរួមខេត្តស្ទឹងត្រែង។
ក្នុងសេចក្តីថ្លែងហេតុ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៅកាន់រដ្ឋសភា ថា ផលប៉ះពាល់លើផ្នែកបរិស្ថានធម្មជាតិ សង្គម វប្បធម៌ ស្ថិតក្នុងកម្រិតអាចស្តារ និងដោះស្រាយបាន។ រីឯផលប្រយោជន៍ ទទួលបានពីគម្រោង មានទំហំធំធេង ដែលអាចរួមចំណែកអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕ S