Thursday, 14 February 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិល បានបង្ហាញការមន្ទិលសង្ស័យ និងទុក្ខកង្វល់យ៉ាងខ្លាំង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនហាដ្រូ ផៅវ័រឡូវើរ សេសាន្ត២ ដែលរដ្ឋសភា នឹងប្រជុំអនុម័ត នៅថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០១៣ ថានឹងមានផលប៉ះពាល់ខ្លាំង ដោយមិនបានពិគ្រោះយោបល់ឲ្យបានទូលំទូលាយជាសាធារណៈ។
សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល ដែលបានផ្សព្វផ្សាយនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៣ បង្ហាញថា “យើងខ្ញុំទាំងអស់គ្នា ក៏មានកង្វល់ ទៅលើភាពខុសគ្នារវាងតួលេខ នៃចំនួនភូមិ និងគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេសាន្ត និងស្រែពក ដែលនឹងរងផលប៉ះពាល់ ដោយផ្ទាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២”។
ក្រៅពីបារម្ភចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសាន្តក្រោម២ ក្នុងខេត្តស្ទឹងត្រែង ក្រុមអង្គការសង្គមស៊ីវិល ដែលរួមមានអង្គការសមាជិកសម្ព័ន្ធទន្លេកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងបណ្តាញសិទ្ធិដីធ្លី និងលំនៅឋាន ក៏បានស្នើសុំឲ្យរដ្ឋសភា ពន្យារពេលអនុម័តសេចក្តីព្រាងច្បាប់នេះដែលត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ នីតិកាលទី៤ របស់រដ្ឋសភា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា របាយការណ៍ពីផលប៉ះពាល់របស់រាជរដ្ឋាភិបាល គឺខុសពីរបាយការណ៍វាយតម្លៃផលប៉ះពាល់របស់ក្រុមហ៊ុន ដូចជា ចំនួនភូមិ និងចំនួនប្រជាជន ដែលរងផលប៉ះពាល់ ជាដើម។
ផ្អែកតាមសេចក្តីថ្លែងហេតុ បានបញ្ជាក់ថា ប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន ៦ ភូមិ ត្រូវជា ៥១៥ គ្រួសារ នៅឆ្នាំ២០១០ ហើយនឹងកើនឡើងដល់ ៧៩៧ គ្រួសារ នៅឆ្នាំ២០១៤។ ផ្ទុយទៅវិញ របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញ ដែលរៀបរៀងដោយក្រុមហ៊ុន ឃី ខនសាលធេន ( ខេមបូឌា ) ( Key Consultant Cambodia ) និងទទួលស្គាល់ ដោយក្រសួងបរិស្ថាន និងក្រុមហ៊ុនអគ្គិសនីវៀតណាម ក្នុងខែធ្នូ ឆ្នាំ២០០៩ បានបង្ហាញថា គម្រោងនេះ នឹងបណ្តាលឲ្យមានផលប៉ះពាល់ចំនួន ៨ ភូមិ ស្ថិតក្នុង ៤ ឃុំ ក្នុងស្រុកសេសាន្ត ដែលមានប្រជាជនសរុប ១.០២៥ គ្រួសារ នៅឆ្នាំ២០០៨ និងអាចកើនឡើង រហូតដល់ ១.៥២៩ គ្រួសារ នៅឆ្នាំ២០១២។
