ថៃ​រឹត​បន្តឹង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ផ្ទះ​នៅ​តាម​ខ្សែ​បន្ទាត់​ច្រក​ជាំសាង៉ាំ

ទាហាន​យាម​ការពារ​ព្រំដែន​របស់​ថៃ នៅ​ចំណុច​ច្រក​ជាំសាង៉ាំ ស្ថិត​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ហាម​ប្រាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​សង់​ផ្ទះ និង​តូប​លក់​ដូរ​ឥវ៉ាន់​នៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន ក្នុង​ទឹកដី​របស់​ខ្មែរ​នោះ​ទេ។ គេ​មិន​បាន​ដឹង​អំពី​មូលហេតុ​នៃ​ការ​ហាមប្រាម​នោះ​ឡើយ។

ដោយ ម៉ម មុនីរតន៍
2013-02-19
​វិទ្យុ​អាស៊ីសេរី

១៧-កុម្ភៈ-២០១៣៖ រូប​សំណាក​អ្នកតា​នៅ​ផ្លូវ​ឡើង​ទៅ​កាន់​ច្រក​ជាំសាង៉ាំ ព្រំដែន​កម្ពុជា-​ថៃ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

១៧-កុម្ភៈ-២០១៣៖ រូប​សំណាក​អ្នកតា​នៅ​ផ្លូវ​ឡើង​ទៅ​កាន់​ច្រក​ជាំសាង៉ាំ ព្រំដែន​កម្ពុជា-​ថៃ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ RFA/Morm Moniroth

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ច្រក​ជាំសាង៉ាំ មិន​សប្បាយ​ចិត្ត ដោយ​ពួកគេ​មិន​អាច​ធ្វើ​សំណង់​ផ្សេងៗ​ក្នុង​ទឹកដី​ខ្មែរ​ដែល​ឋិត​នៅ​ក្បែរ​ព្រំដែន​ថៃ​បាន។

លោកស្រី ហ៊ុប វណ្ណា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាប់​នឹង​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ជួប​ផល​លំបាក​ក្នុង​សាងសង់​លំនៅឋាន ឬ​ទីជម្រក​សម្រាប់​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ ព្រោះ​តែ​ត្រូវ​យោធា​ឈុត​ខ្មៅ​ថៃ ហាម​ឃាត់ សូម្បី​ក្នុង​ទឹកដី​របស់​ខ្មែរ​ហើយ​ក៏ដោយ។

លោកស្រី​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ ភាគី​ថៃ​អាច​ធ្វើ​អ្វី​បាន​តាម​សម្រួល ពុំ​មាន​ការ​រំខាន​ណា​មួយ​នោះ​ឡើយ ដោយ​រួម​ទាំង​ការ​រំកិល​ព្រំដែន​ចូល​ក្នុង​ទឹកដី​ខ្មែរ​ផង​នោះ៖ «វា​រុះរើ​ចេញ វា​រុះរើ​ចេញ​ទៅ ដល់​ពេល​គេ​អត់​ឲ្យ​ធ្វើ​ទេ គេ​អត់​ឲ្យ​ធ្វើ បាន​ខ្ញុំ​ដូរ​​មក​នៅ​ខាង​ណេះ…។ បាន​ធ្វើ​គេ​រក​រឿង ហើយ​កាល​មុន​ជីក​អា​បង្គោល​របង ធ្វើ​របង​កន្លែង​នោះ ក៏​គេ​អត់​ឲ្យ​ធ្វើ​ដែរ។ ផ្លូវ​នេះ​កន្លែង​ផ្ទះ​លក់​បន្លែ​ហ្នឹង ក៏​គេ​អត់​ឲ្យ​ធ្វើ​ដែរ ថៃ​អត់​ឲ្យ​ធ្វើ។ ដី​ខ្មែរ ដី​ខ្មែរ​ត្រឹម​ព្រំ​ស ស្ថានីយ​សាំង​ហ្នឹង»

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លោក រ៉ុង ឈុន គិត​ថា ការ​បន្ត​ជ្រៀតជ្រែក​ពី​សំណាក់​ភាគី​ថៃ ចូល​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា វា​ការ​​រំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​រដ្ឋ​ដែល​មាន​បូរណភាព​ទឹក​ដី និង​ឯករាជ្យ​ភាព​ជាតិ​ពេញលេញ​នោះ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ជើង​ភ្នំ ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ គឺ​លោក ចាម គា ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ នៃ​ច្រក​ជាំសាង៉ាំ ឈម​នឹង​ខេត្ត​ស៊ីសាកេត របស់​ថៃ​នេះ ពុំ​អាច​មាន​លទ្ធភាព​ដើម្បី​ធ្វើ​ផ្ទះ​​ស្នាក់​នៅ ឬ​តូប​លក់ដូរ​សម្រាប់​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​បាន​នោះ​ទេ។

លោក​គិត​ថា ស្ថានភាព​នៃ​ការ​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស​បច្ចុប្បន្ន ហាក់​រង​សម្ពាធ​ពី​ប្រទេស​ថៃ ទៅ​វិញ នៅ​គ្រា​រដ្ឋាភិបាល​កម្ពុជា ហាក់​ពុំ​មាន​ការ​ប្រតិកម្ម​ប្រឆាំង​នឹង​​ការ​ធ្វើ​បាប​ពលរដ្ឋ​ដែល​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​អធិបតេយ្យ​របស់​ខ្លួន​នោះ៖ «កន្លែង​ដែល​យើង​រស់​នៅ​ដូច​ជា​គយ ដូច​កាំកុងត្រូល ដូច​ពួក​អន្តោប្រវេសន៍​អី​ធ្វើ​កន្លែង​ស្នាក់​នៅ​ឲ្យ​ឆ្លង​ដែន​ហ្នឹង​ណា វា​មិន​ឲ្យ​ធ្វើ​ធំដុំ​ផង​ហ្នឹង បើ​ប្រក់​ស្បូវ​ឲ្យ​នៅ​បាន។ តែ​វា​ដាក់​បាន វា​រំកិល​​ដាក់​អូស្កូ​ដាក់​មក​លើ និយាយ​ឲ្យ​ចំ​កន្លែង​ហ្នឹង អា​កន្លែង​វា​ដាក់​ដី​យើង​តែម្ដង»

បញ្ហា​នេះ​ត្រូវ​បាន​លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចាត់​ទុក​ថា អ្វី​ដែល​ពលរដ្ឋ​កម្ពុជា ក្លាយ​ជា​​ទិសដៅ​នៃ​ការ​រំលោភ​បំពាន់ និង​ជា​គោលដៅ​ចំពោះ​ការ​រំលោភ​សិទ្ធិ​រស់​នៅ​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា​នេះ នោះ​ក៏​ព្រោះ​តែ​បរិបទ​នយោបាយ​ការទូត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មាន​កម្រិត ដែល​ពុំ​អាច​ធានា​បាន​សុខ​សន្តិភាព​សម្រាប់​ពលរដ្ឋ និង​សង្គម​ខ្លួន​នៅ​ឡើយ​ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​ជិត​ខាង។

លោក​បន្ត​ថា៖ «អាជ្ញាធរ​សៀម ធ្វើ​បែប​នេះ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន រវាង​កម្ពុជា-សៀម នេះ​ក៏​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដឹកនាំ​កម្ពុជា​យើង​មាន​ភាព​កម្សោយ អសមត្ថភាព​ក្នុង​ការ​​ធានា គេ​ហៅ​ថា សុវត្ថិភាព​ធានា​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​កម្ពុជា ធានា​សន្តិភាព​ជូន​ពលរដ្ឋ»។

លោក សំបូរ មាណ្ណារ៉ា អនុ​ប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា អធិប្បាយ​ថា ជម្លោះ​ដណ្ដើម​ទឹក​ដី​រវាង​កម្ពុជា និង​ថៃ ជា​ទូទៅ​ត្រូវ​គេ​រក​ឃើញ​ថា កើត​ឡើង​ព្រោះ​តែ​ការ​ជ្រៀតជ្រែក​របស់​ភាគី​ថៃ។

លោក​បន្ត​ថា ជម្លោះ​នេះ​បាន​បន្ត​អូស​បន្លាយ​ជិត ១​ពាន់​ឆ្នាំ គិត​មក​ដល់​សតវត្ស​ទី​២១​នេះ៖ «បើ​យើង​និយាយ​ពី​ប្រវត្តិ គឺ​កើត​ឡើង​នៅ​ក្នុង​អំឡុង​​នៃ​សតវត្ស​ទី​១៣ ប្រមាណ​ជា​ឆ្នាំ​១២៨០ គឺ​ក្នុង​នៅ​អំឡុង​ពេល​ព្រះរាជា​មួយ​នៃ​សម័យ​អង្គរ​ដែល​មាន​ព្រះបាទ លំពង់ រាជា។ នៅ​ពេល​នោះ​គឺ​យើង​មាន​ការ​មិន​ពេញចិត្ត​នឹង​គ្នា ឬ​ក៏​មាន​ការ​ងើបឡើង​ប្រឆាំង​តវ៉ា​ជាមួយ​ម្ចាស់​ស្រុក ដោយ​ក្រុម​នៃ​មនុស្ស​នៅ​ក្នុង​តំបន់​សុខោទ័យ ហើយ​បង្កើត​ទៅ​ជា​អរិយភាព​ក្នុង​ការ​បង្កើត​រដ្ឋ​ថ្មី គឺ​រដ្ឋ សុខោថៃ ដែល​ក្រុម​ទាំង​អស់​នោះ​បាន​ធ្វើ»

បើ​តាម​លោក សំបូរ មាណ្ណារ៉ា អ្វី​ដែល​ធ្វើ​ឲ្យ​​កម្ពុជា ធ្លាប់​តែ​ជា​អាណាចក្រ​ក្នុង​តំបន់​អាស៊ី​នៅ​​មុន​សតវត្ស​ទី​១៣ នោះ បាន​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ក៏​ព្រោះ​តែ​ហេតុផល​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​បញ្ហា​ធម្មជាតិ សង្គ្រាម និង​អ្នក​ដឹកនាំ​មាន​ការ​បែកបាក់​សាមគ្គី​ផ្ទៃ​ក្នុង។

លោក​គិត​ថា ហេតុ​ផល​ទាំង​នេះ គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ត្រូវ​បាត់​បង់​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន៖ «ឧទាហរណ៍​ការ​ដណ្ដើម​រាជ្យ​គ្នា​​រវាង​បងប្អូន ការ​ដណ្ដើម​រាជ្យ​គ្នា​រវាង​​ឪពុក​ក្មេក និង​កូន​ប្រសា ឬ​ក៏​ការ​ក្បត់​គ្នា ។ល។ រហូត​ទៅ​ដល់​មាន​បញ្ហា​មន្ត្រី និង​ស្ដេច​មិន​ត្រូវ​គ្នា រហូត​ទៅ​ដល់​ប្រជានុរាស្ត្រ​មួយ​ចំនួន​​លោក​បះបោរ ប្រឆាំង ។ល។ ទាំង​អស់​ហ្នឹង​គឺ​ជា​កត្តា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទន់ខ្សោយ ហើយ​នាំ​ទៅ​ដល់​ការ​បាត់បង់​ទឹកដី​របស់​យើង ប៉ែក​ខាង​លិច​ក្ដី ប៉ែក​ខាង​កើត​ក្ដី សុទ្ធ​តែ​មាន​មូលហេតុ មិន​មែន​អត់​មូលហេតុ​ទេ។ អ៊ីចឹង​ការ​សិក្សា​ប្រវត្តិសាស្ត្រ សំខាន់​ណាស់​ដើម្បី​យល់​ដឹង​ពី​បញ្ហា​នេះ»

ចំណែក​លោក កែវ សុធារ៉ា ពលរដ្ឋ​រស់នៅ​ច្រក​ជាំសាង៉ាំ និយាយ​ថា យោធា និង​អាជ្ញាធរ​ខ្មែរ​សព្វថ្ងៃ​ហាក់​បាត់​បង់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី និង​ពលរដ្ឋ​ខ្លួន។ លោក​បន្ត​ថា ព្រោះ​នៅ​គ្រា​យោធា​ថៃ ចុះ​បំផ្លាញ​ទ្រព្យ​សម្បត្តិ ដូច​ជា​ផ្ទះ និង​តូប​លក់​ដូរ​របស់​ពលរដ្ឋ​ក្នុង​ទឹកដី​របស់​ខ្មែរ​ពុំ​អាច​ចាត់​វិធានការ​ណា​មួយ​ប្រឆាំង​នឹង​ទង្វើ​របស់​យោធា​ថៃ ធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរ​បាន​នោះ​ទេ។

លោក​បន្ត​ថា៖ «យើង​មិន​អាច​និយាយ​បាន ព្រោះ​អី​សូម្បី​មន្ត្រី​ថ្នាក់​ធំៗ​ក៏​និយាយ​ជាមួយ​វា​អត់​បាន​ដែរ។ ដល់​វា​មក​វា​លើក​កម្លាំង​ទ័ព ជា​ទាហាន ជា​កាំភ្លើង​ជា​អី​មក​គំរាម​កំហែង​យើង។ សូម្បី​តែ​ផ្លូវ​យើង​ចាស់​ចេះ​យក​ដែរ ចាំង​អី ស្មៅ​អី​តិចតួច​មិន​បាន​ផង»

ក៏​ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​លោក ទូច រ៉ា អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ អះអាង​ថា បើ​ទោះ​ជា​ភាគី​ទាំង​ពីរ ធ្លាប់​មាន​ជម្លោះ​មួយ​ចំនួន​ក្នុង​ពេល​កន្លង​ទៅ​យ៉ាង​ណា​ក្ដី តែ​លោក​បញ្ជាក់​ថា ការ​ប្រកប​អាជីវកម្ម​លើ​ទឹកដី​របស់​ខ្មែរ នៅ​តាម​ច្រក​ទ្វារ​​ព្រំដែន​អាច​ដំណើរ​ការ​ជា​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។

លោក ទូច រ៉ា៖ «បញ្ហា​​លក់ដូរ​ហ្នឹង​ហើយ​និយាយ​ថា​ឲ្យ​យើង​ហ្នឹង និយាយ​គ្នា​បាន​ក៏​នៅ​លក់​ធម្មតា អត់​មាន​បញ្ហា​ទេ ឆត្រ តង់ ឆត្រ​ដាក់​លើ​តុ​លើ​អី​ហ្នឹង លក់​ផ្លែ​ឈើ​លក់​បន្ថែ ដូច​ជា​វល្លិ​ព្រៃ ដូច​ជា​វល្លិ​ផ្ដៅ ស្លឹក​បាស​ស្លឹក​អី​ដែល​គាត់​លក់​នៅ​ជិត​មាត់​ច្រក​ហ្នឹង។ តែ​យើង​នៅ​លក់​ដដែល បច្ចុប្បន្ន​មិន​មាន​អី​ទេ ព្រោះ​យើង​បាន​និយាយ​គ្នា ព្រោះ​មិន​មាន​អី​ជាប់​លាប់​ណា»

ទំនាស់​រវាង​ប្រជាពលរដ្ឋ​កម្ពុជា ជាមួយ​ទាហាន​ថៃ រឿង​ហាម​សង់​សំណង់​ផ្សេងៗ​នេះ មិន​មែន​កើត​មាន​តែ​នៅ​ច្រក​ជាំសាង៉ាំ នេះ​ទេ គឺ​កើត​មាន​នៅ​ចំណុច​ជា​ច្រើន​ទៀត តាម​ព្រំដែន​កម្ពុជា-​ថៃ ដូច​ជា​នៅ​តំបន់​មុខ​ប្រាសាទ​ព្រះវិហារ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "ថៃ​រឹត​បន្តឹង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ផ្ទះ​នៅ​តាម​ខ្សែ​បន្ទាត់​ច្រក​ជាំសាង៉ាំ"

  1. ដូនពេញ says:

    នេះហើយសម័យអាខ្វាក់សីុជោរ ហៅអាក្បត់ហ៊ុន-សែន យួន-សៀមមើលងាយមើលថោកខ្មែរខ្លាំងជាទីបំផុត,….!

  2. ប៉ាអាច្រូច says:

    មោទនភាពជាខ្មែរស្អីទៅ បើប្រទេសជិតខាងធ្វើអ្វីៗស្រេចតែនឹងក្បាលចិត្ត ចង់សំលាប់ បោកប្រាសប្រើខ្មែរ ព្រមទាំងបញ្ជាមិនអោយខ្មែរធ្វើរផ្ទះសំបែង​លើទឹកដីរបស់ខ្លួន។អស្ចារ្យណាស់អ្នកដឹកនាំជាតិយើង។

  3. Endrea says:

    ពលរដ្ឋខ្មែរកើនឡើងដោយលាយឡំជាមួយសាស្រ្ដដ៏ទៃផង ព្រំដែនត្រូវយួននឹងសៀមរំកិលចូល រដ្ឋាភិបាលខំរក្សាទំនាក់ទំនងល្អជាមួយប្រទេសជីតខាង ត្រូវតែបន្ធូបន្ថយឲ្យគេ ជាសវាងជម្លោះ
    ពលរដ្ឋមិនអាចតវ៉ារឿងព្រំដែនបានទេ បើគេបោះបង្គោលចូលភូមិខ្មែរ មានតែរត់ចោលភូមិ​ បើរឹងទទឹងនឹងត្រូវកៀបកទាំងសងខាង៕​​ អនាគតជាតិខ្មែរនឹងត្រូវរលាយនឹងរលត រដ្ឋាភិបាលជំពាក់បំណុលបរទេសច្រើនហើយមិនទាន់មានសំណងបន្តិចផង នៅតែខ្ចីបន្តរទៀត
    អ្នកដឹកនាំជំនាន់ក្រោយនឹងបានទទួលសំណាងអាក្រក់នេះ ទុកឲ្យសមរង្សីទទូលថ្មបាក់នេះម្នាក់ឯងក៏ល្អដែរ
    ដណ្ដើមគ្នាស៊ី អ្នកខ្លាំងដណ្ដើមបានសាច់ អ្នកខ្សោយដណ្ដើមបានសំបកនឹងឆ្អឹង​ ចំណុចនេះហើយដែលខ្ញុំមិន
    គាំទ្របក្សប្រឆាំង គេខ្សោយទៅៗ ហើយក៏មិនធានាថាមិនពុករលួយនោះទេ ព្រោះមនុស្សកំពុងតែស្គមហើយឃ្លាន នឹងស៊ីច្រើនជាងមនុស្សដែលឆ្អែតហើយធាត់នេះទៅទៀត

  4. Endrea says:

    រងចាំ Khmer superman កើតមកទើបជួយបាន តែដូចជាគ្មានគ្រាប់ពូជណាមួយ ដែលត្រូវបានបណ្ដុះឡើងសោះ

  5. BaBaBoo says:

    When Cambodia forget the borderline at the EAST why not the WEST and this reflection caused by Cambodia’s leader irresponsibility. Thailand may regretted didn’t have much chance as Vietnam did, but it if one day Hun Sen wage war against his people Vietnam and Thailand will eventually hug one another over Cambodia’s head for sure…..Hun Sen families will mark as the traitors in Khmer history.

  6. I-Man says:

    នាំគ្នាបោះឆ្នោតអោយទៀតទៅអញ្ជឹង។ មិនគិតពីជាតិមែន

  7. LKM says:

    តេជោ ហ៊ុន សែន ខ្លាំងបានតែជាមួយរាស្រ្តខ្មែរទេ។ សែន អើយ សែន សែនអាច់ម៍ទន្សាយ។

  8. ហាហា says:

    ខ្មែរពូជអ្នកចំបាំង ពូកែបាញ់ក្បាល់ខ្មែរ​ និងខ្មែរណាស់