ចំនួន​ស្លាប់​ត្រូវ​ថៃ​បាញ់​របស់​ក្រសួង​តិច​ជាង​ខាង​ព្រំដែន

ភ្នំពេញៈ របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១២​របស់​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​៣០​នាក់ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ដែល​ចំនួន​នេះ​តិច​ជាង​ការ​ស្រង់​របស់​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន។

Friday, 22 February 2013
ផាក់ ស៊ាង​លី
ភ្នំពេញ ប៉ុស្តិ៍

តាម​របាយការណ៍​ដែល​ចេញ​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ បាន​ឲ្យ​ដឹងថា ពី​ឆ្នាំ​២០១១ ពលរដ្ឋ​ខ្មែរ​១៧​នាក់ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ហើយ​ក្នុង​ឆ្នាំ​២០១២ មាន​ដល់​ទៅ​៣០​នាក់ គឺ​មាន​ការ​កើន​ឡើង​ស្មើ​នឹង​៧៦,៦៤​ភាគរយ។

របាយការណ៍​ដដែល​ថា​នៅ​ក្នុង​ខេត្ត​៧ ជាប់​ព្រំដែន​ថៃ មាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ថៃ​ខុស​ច្បាប់​កើន​ឡើង​ច្រើន​ពី​ក្នុង​ឆ្នាំ​២០១២​មាន​៩៧​លើក មាន​អ្នក​ឆ្លងដែន​ចំនួន​៧៣៩​នាក់ ខណៈ​ឆ្នាំ​២០១១​មាន​តែ​២៦​លើក​មាន​អ្នក​ឆ្លង​ដែន​តែ​១០៩​នាក់។ ក្រៅពី​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​១៩២​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ឃុំ​នៅ​ពន្ធនាគារ ហើយ​១២៦.២២៤​នាក់ ត្រូវ​ចាប់​បញ្ជូន​មក​វិញ ក្នុង​ឆ្នាំ​២០១២។ តាម​របាយការណ៍​នេះ​ពុំ​មាន​ករណី​បាញ់​ស្លាប់​ទេ នៅ​ខាង​ព្រំដែន​ជាប់​ជាមួយ​ឡាវ។

តួលេខ​ពី​ការ​ស្លាប់​របស់​ក្រសួង​មហាផ្ទៃ​ដែល​មាន​ចំនួន​៣០​នាក់ គឺ​វា​មាន​ចំនួន​តិច​ជាង​តួលេខ​៦ខែ​ដើម​ឆ្នាំ​២០១២ របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ដែល​មាន​ដល់​៣៨​នាក់។ តែ​ទោះជា​យ៉ាងណា លោក ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ បាន​អះអាង​ថា ករណី​ស្លាប់​សរុប​នៅ​ឆ្នាំ​២០១២ របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ គឺមាន​តែ​ជាង​៣០​នាក់​ទេ។ លោក​ថា លោក​មិន​បាន​ចាំ​ពី​តួ​លេខ​ច្បាស់​លាស់​នោះ​ទេ។

លោក​បន្ត​ថា ៖ «របាយការណ៍​ពី​ការ​ស្លាប់​ដោយ​ទាហាន​ថៃ​បាញ់​នេះ​ខាង​ការិយាល័យ​ខ្ញុំ​មាន​ច្រើន​ជាង​៣០​នាក់ គឺ​ច្រើន​ជាង​តួលេខ​ក្រសួង​មហាផ្ទៃ។ នេះ​ដោយ​សារ​តែ​ការ​ប្រមូល​ព័ត៌មាន​មិន​ដូច​គ្នា។ ខាង​ក្រសួង​គាត់​បាន​ពី​នគរបាល តែ​ការិយាល័យ​ខ្ញុំ​បាន​ពី​មន្ត្រី​ច្រក​ទ្វារ​នីមួយៗ»។ លោក​សម្តែង​សុទិដ្ឋិនិយម​ថា នៅ​ក្នុង​ឆ្នាំ​២០១៣​ករណី​ស្លាប់​ដោយ​ត្រូវ​ទាហាន​បាញ់​នឹង​ថយ​ចុះ ដោយ​សារ​តែ​ស្ថានភាព​នៅ​ដើម​ឆ្នាំ​នេះ មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន។

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​យល់​ថា វា​ជា​ការ​ល្អ​ដែល​ក្រសួង​បាន​ចេញ​របាយការណ៍​នេះ ទោះជា​មាន​ការ​ខុស​គ្នា​ពី​ការិយាល័យ​ផ្សេងៗ​ទៀត​ក៏​ដោយ។

លោក​បញ្ជាក់​ថា ៖ «ថៃ​គេ​ថា​ពលរដ្ឋ​យើង​មាន​អាវុធ ទើប​គេ​បាញ់។ អ៊ីចឹង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​មើល ថា​តើ​ពលរដ្ឋ​គាត់​មាន​អាវុធ​មែន​ទេ។ បើ​មាន​មែន​តើ​បាន​ពី​ណា? អ្នក​ណា​នៅ​ពី​ក្រោយ? ត្រូវ​នាំ​ជន​នោះ​ទៅ​ផ្តន្ទាទោស»។ តាម​សមាគម​អាដហុក​ស្រង់​បាន ពលរដ្ឋ​ខ្មែរ ២៩​នាក់ នៅ​ខេត្ត​ឧត្តរមានជ័យ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​ក្នុង​ឆ្នាំ​២០១២។ ក្រៅពី​នេះ​មាន​៤នាក់​នៅ ខេត្ត​ព្រះវិហារ និង​២នាក់​នៅ​បាត់ដំបង​ក៏​ត្រូវ​ថៃ​បាញ់​ស្លាប់​ដែរ៕

What Next?

Recent Articles

7 Responses to "ចំនួន​ស្លាប់​ត្រូវ​ថៃ​បាញ់​របស់​ក្រសួង​តិច​ជាង​ខាង​ព្រំដែន"

  1. chourn says:

    ត្រូវតែធ្វើការអង្កេកឲ្យបានសីុជំរៅរកពីមូលហេតុអ្វីបានជាពួកគាត់ចូលទៅឲ្យគេបាញ់សំលាប់ មិនត្រូវអង្គុយចាំតែស្រង់ទិន្នយ័ពីពលរដ្ឋរបស់ខ្លួនត្រូវគេសំលាប់នោះទេ។ បើដឹងច្បាស់ពីហេតុ ផលដែលពួកគាត់ហើយនោះងាយនិងទប់ស្គាត់ពួកគាត់កុំឲ្យគេបាញ់សំលាប់ទាំងនោះ គួរឲ្យឈឺចាប់ណាស់។

  2. nara says:

    ត្រូវបាញ់ពីព្រោះលួចចូលទៅកាប់ឈើគ្រញូងទឹកដីសៀម

    បើសិនមិនចង់ឲ្យមានការបាញ់ប្រជាជនខ្មែរឲ្យចាប់ឃុំខ្លួន

    អាជ្ញាធរនិងក្រុមហ៊ុនដែលមានផលប្រយោជន៍ពីការលក់ឈើគ្រញូង៕

  3. BaBaBoo says:

    គ្រាន់តែតួលេខអ្នកស្លាប់និយាយមិនត្រូវគ្នាផង ចុះកិច្ចការដទៃទៀតយ៉ាងម៉េចវិញ មើលទំនងទៅដូចជាក្រសួងមហា

    ផ្ទៃខ្វះមនុស្សធ្វើការ ។ A one man band duty មិនដែលល្អសម្រាប់កិច្ចការទូទៅ វាគ្មានទាល់តែសោះ! ។

  4. ក្មេងវត្ត says:

    ថោកទាបជាងសត្វទៅទៀត ខ្មែរសម័យហ៊ុនសែននេះ បរទេសមើលងាយពេញពិភពលោក តែនៅមានខ្មែរមួយចំនួននៅមានមោទនភាពទៀត។

  5. Ratha says:

    កុំគិតវែងឆ្ងាយអី មូលហេតុចំបងមកពីរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចហ៊ុន សែន
    អស់សមត្ថភាពក្នុងការដោះស្រាយបញ្ហាភាពក្រីក្រជូនប្រជាពលរដ្ឋទេ នេះត្រឹមបញ្ហាភាពក្រីក្រ
    ចុះបើគិតយកបញ្ហាផ្សេងៗជាច្រើនទៀត វាយ៉ាងម៉េចទៅ។

  6. នាម says:

    គេបាញ់យើងតែយើងក្រ!

  7. នាម says:

    គេបាញ់យើងព្រោះតែយើងក្រ!!