តារាចម្រៀងវ័យក្មេងអាយុ ២៥ ឆ្នាំ លោក ខេមរៈ សិរីមន្ត នៅមានអារម្មណ៍ភ័យខ្លាចនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៤ នៅក្រុងព្រះសីហនុ។ នេះបើយោងតាមប្រភពព័ត៌មានបានឲ្យដឹងនៅថ្ងៃរសៀលនេះ។
Friday, 08 March 2013
ភ្នំពេញប៉ុស្តិ៍
កាលពីយប់ម្សិលមិញ យ៉ាងហោចណាស់ មានមនុស្ស៤នាក់ បានស្លាប់នៅនឹងកន្លែង និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីម៉ោង៨:៣០នាទី យប់មិញ ដែលបង្កឡើងដោយរថយន្តកុងតឺន័រនិងរថយន្តរបស់តារាចម្រៀងខេមរៈ សេរីមន្ត ដោយបើកក្នុងទិសដៅផ្ទុយគ្នា។ ក្នុងចំណោមអ្នកស្លាប់ទាំង ៤ នាក់នោះ មានកូនប្រុសម្នាក់របស់អ្នកកំប្លែង នាយកុយ និងកូនប្រុសម្នាក់របស់អ្នកចម្រៀងអាយ៉ៃ លោកស្រី ណយ សំណាង។
តារាចម្រៀងខេមរៈ សេរីមន្ត ត្រូវបានគេបញ្ជូនទៅមន្ទីរបង្អែកក្រុងព្រះសីហនុភា្លមៗ ប៉ុន្តែសំណាងល្អ លោកទទួលរងរបួសស្រាល រលាត់ជើងបន្តិច នៅផ្នែកខាងស្តាំដៃ។ រូបលោកមានស្ថានភាពធូរស្រាល ប៉ុន្តែនៅមានអារម្មណ៍ភ័យខ្លាចនិងរន្ធត់នៅឡើយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ។
លោកខេមរៈ សិរីមន្ត អាចនឹងត្រូវបានគេបញ្ជូនត្រលប់មកភ្នំពេញវិញ ដើម្បីទទួលការសម្រាកព្យាបាល ដែលនៅជិតនឹងក្រុមគ្រួសារ។
ចំណែកឯ កូនប្រុសរបស់នាយកុយនិងកូនប្រុសរបស់យាយណាងស្ថិតក្នុងចំណោមមនុស្ស បួននាក់ដែលបានស្លាប់កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ ដោយសារ ការបុកគ្នារវាងរថយន្តរបស់ខេមរៈ សិរីមន្ត និងរថយន្តកុងតេន័រមួយគ្រឿងនៅផ្លូវឆ្ពោះទៅកាន់ ក្រុងព្រះសីហនុ។
នាយកុយបានបាត់បង់កូនប្រុសម្នាក់ឈ្មោះ ជី វីរៈ អាយុ១៩ឆ្នាំ ជាអ្នកសិល្បៈ ហើយសពកូនប្រុសរបស់លោក បានត្រូវបូជា កាលពីវេលា ម៉ោង១រសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ ព្រោះសពមិនអាចទុកយូរបានទេ ដោយសារតែសភាពសពទទួលរង ខ្ទេចមួយកំណាត់ ទៅហើយ។ ចំណែកយាយណាង បានបាត់បង់កូនប្រុសម្នាក់ដែរ ដែលមាន ឈ្មោះ អ៊ាច វណ្ណៈ ហៅ ដេវីត អាយុ ៣៣ឆ្នាំ ជាកូនបង មានកូនម្នាក់ក្នុងបន្ទុក។ សពកូនយាយណាង នឹងត្រូវបូជានៅថ្ងៃស្អែក។
