ឡោម លក្ខិណា មិន​ចង់​រំឭក​ពី​ឌីជេ ក្តឹប ក្រោយ​បែក​គ្នា

Friday, 08 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​ផលិត​កម្ម​រៃ​មាស​នាង ឡោម លក្ខិណា​​។ រូបថត សេត គឹមសឿន

តារា​ចម្រៀង​ផលិត​កម្ម​រៃ​មាស​នាង ឡោម លក្ខិណា​​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ក្រោយ​ពី​ចំណង​ស្នេហា​ផ្អែម​ល្ហែម​ស្អិត​ល្មួត​ដូច​ស្ករ​តាំង​ម៉ែ ដែល​តែង​បង្ហាញ​ប្រាប់​ឲ្យ​មហាជន​ដឹង​ឮ​ជា​ញឹក​ញាប់​ដើរ​ដល់​ផ្លូវ​បែក​បាក់​នោះ គេ​សង្កេត​ឃើញ​ថា តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​រៃ​មាស​រាង​តូច​ល្អិត តែ​មាន​ដើម​ទ្រូង​ស្អាត​ពើង​ធំ​បញ្ចេញ​សាច់​ខ្ចី​ទ្រលុក​ទ្រលន់​គួរ​ឲ្យ​គយ​គន់ នាង ឡោម លក្ខិណា ហាក់​ដូច​ជា​មិន​ចង់​រំឭក​អំពី​អតីត​គូ​ស្នេហ៍​ដែល​ជា​តារា​ចម្រៀង​រ៉េប ឌីជេ​ក្តឹប ឡើយ ដោយ​នាង​អះអាង​ថា រឿង​នោះ​នាង​បាន​កប់​ចោល​បាត់​ទៅ​ហើយ​។

ថ្វី​ដ្បិត​តែ​មាន​ការ​អះ​អាង​ពី​អ្នក​ជិត​ស្និទ្ធ​នៅ​ក្នុង​សិល្បៈ​ថា ពួក​គេ​ទាំង​ពីរ​បាន​ឈាន​ដល់​ផ្លូវ​បែក​បាក់​មួយ​រយៈ​ក្តី ហើយ​នាង​ហាក់​ដូច​ជា​មិន​ចង់​ទទួល​ស្គាល់​ពី​ការ​បែក​បាក់​នេះ​តែ​បើ​សួរ​នាំ​ឲ្យ​ស៊ី​ជម្រៅ​នោះ ឡោម លក្ខិណា ក៏​មិន​ចង់​រំឭក​រឿង​ដាន​ដាម​អនុស្សា​ពី​អតីត​កាល​ដែរ​ខណៈ​ដែល​នាង​ប្រាប់​ថា រឿង​ចំណង​ស្នេហ៍​មួយ​នេះ​នាង​បាន​កប់​ចោល​បាត់​ទៅ​ហើយ​។ លក្ខិណា បាន​ឲ្យ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា៖«​ខ្ញុំ​មិន​ចង់​និយាយ​ពី​គេ (ឌីជេ​ក្តឹប) នោះ​ឡើយ ព្រោះ​ខ្ញុំ និង​គេ គ្មាន​អ្វី​ទាក់ទង​គ្នា​ដែរ ពួក​ខ្ញុំ​គ្រាន់​រាប់​អាន និង​តែង​ធ្វើ​ដំណើរ​រួម​គ្នា​ប៉ុណ្ណោះ​កាល​ពី​ពេល​កន្លង​មក ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ការងារ​របស់​ខ្ញុំ​មមា​ញឹក​ច្រើន គាត់​ក៏​រវល់​ដូច្នេះ​ក៏​គ្មាន​ពេល​ជួប​គ្នា​ដែរ»។

អ្នក​រស់​នៅ​ក្នុង​សង្គម​សិល្បៈ​បាន​ឲ្យ​ដឹង​ថា ស្នេហា​របស់​ពួក​គេ​ទាំង​ពីរ​ធ្លាប់​មាន​ការ​បែក​បាក់​គ្នា​ម្តង​មក​ហើយ តែ​ក្រោយ​មក​ក៏​ជួប​ជុំ​គ្នា​វិញ ប៉ុន្តែ​លើក​នេះ​ពួក​គេ​ពិត​ជា​បែក​គ្នា​មែន​ទែន​ហើយ ហើយ ទាំង ឡោម លក្ខិណា និង​នាយ ក្តឹប ក៏​មិន​ចង់​សើរើ​ចំណង​ស្នេហ៍​ជូរ​ចត់​នោះ​ឡើង​វិញ​ដែរ​។ ភាព​ឈឺ​ចាប់​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​មាន​ជន​ទី​៣​ជា​អ្នក​ចូល​មក​ជ្រៀត​ជ្រែក​។


មួយ​រយៈ​នេះ​គេ​សង្កេត​ឃើញ ឡោម លក្ខិណា បែរ​ជា​ទៅ​មាន​ភាព​ស្និទ្ធ​ស្នាល​ប្លែក​ជាមួយ​នឹង​តារា​ចម្រៀង​ក្នុង​ក្រុម​តែ​មួយ​គឺ​លោក រតនៈ ពិសិដ្ឋ ប៉ុន្តែ​ការ​សង្ស័យ​នេះ​ត្រូវ​បាន​នាង ឡោម លក្ខិណា បាន​ធ្វើ​ការ​បដិសេធ​ភ្លាមៗ ដោយ​នាង​ប្រាប់​ថា លោក រតនៈ ពិសិដ្ឋ និង​រូប​នាង​គ្រាន់​តែ​ជា​មិត្ត​ភក្តិ​រួម​អាជីព​តែ​ប៉ុណ្ណោះ​។ ដោយ​ឡែក​តារា​ចម្រៀង​លោក រតនៈ ពិសិដ្ឋ វិញ ក៏​បាន​បក​ស្រាយ​ដូច​គ្នា​នឹង​តារា​ចម្រៀង​នាង ឡោម លក្ខិណា ដែរ​។

តារា​ចម្រៀង​ធ្មេញ​ចំពើស​នាង​ឡោម លក្ខិណា បញ្ជាក់​ថា៖«អត់​ទេ! មាន​ឯណា ខ្ញុំ និង​បង​សិដ្ឋ រាប់​អាន​គ្នា ដូច​បង​ប្អូន»។ រីឯ​រតនៈ ពិសិដ្ឋ និយាយ​ថា ពួក​ខ្ញុំ​រាប់​អាន​គ្នា​ដូច​បង​ប្អូន​ហ្នឹង តែ​លោក​និយាយ​លេង​សើច​ថា បើ​នាង​ព្រម​ស្រឡាញ់​មែន​ក៏​ល្អ​ដែរ។

នៅ​ពេល​នាង និង​លោក រតនៈ ពិសិដ្ឋ បដិសេធ​បែប​នេះ​មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ថា តើ ឡោម លក្ខិណា និង​ឌីជេ ក្តិប បែក​គ្នា​ដោយ​សារ​អ្វី? ភ្លាម​នោះ​គេ​នឹក​ឃើញ​ថា ឡោម លក្ខិណា ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​អូស្ត្រាលី នោះ​ប្រហែល​ជា​នាង​លង់​ស្នេហ៍​នឹង​បុរស​អូស្ត្រាលី​ណា​ម្នាក់​ទេ​ដឹង​? ប៉ុន្តែ​នៅ​ពេល​ឮ​សំណួរ​បែប​នេះ លក្ខិណា ក៏​បាន​បដិសេធ​ភ្លាម​ផង​ដែរ​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​មាន​ប្រភព​ពី​សិល្បៈ​បញ្ជាក់​ថា ការ​បែក​បាក់​ប្រហែល​ជា​បណ្តាល​មក​ពី​គ្រួសារ​នាង និង​គ្រួសារ​របស់​នាយ ក្តឹប មិន​សូវ​មាន​ការ​ចុះ​សម្រុង​នឹង​គ្នា​៕

What Next?

Recent Articles