Friday, 08 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ តារាចម្រៀងដែលមានសំនៀងពីរោះដាច់គេ ហើយពូកែច្រៀងបទភាសាអង់គ្លេសនាង មាស សុខសោភា នឹងត្រូវប្រឈមមុខតទល់ជាមួយនឹងតារាចម្រៀងល្បីៗរបស់បរទេសនៅថ្ងៃទី៨ មីនា នេះ នៅក្នុងការប្រគំតន្ត្រីដ៏ធំមួយក្នុងឱកាសគម្រប់ខួប១០ឆ្នាំរបស់ទូរទស្សន៍ស៊ីធីអិន និងខួបទី១០២ឆ្នាំនៃឱកាសទិវាបុណ្យសិទ្ធិនារីថ្ងៃទី៨ មីនា នៅមជ្ឈមណ្ឌលកោះពេជ្រ។
នាឱកាសនៃទិវាបុណ្យសិទ្ធិនារី ថ្ងៃ០៨ មីនា មុខនេះ មាស សុខសោភា ក៏នឹងមានវត្តមាននៅក្នុងការប្រគំតន្ត្រីដ៏ធំមួយហើយនៅក្នុងឱកាសនេះ នាងនឹងធ្វើការរៀបរាប់បន្ថែមអំពីថ្ងៃ៨ មីនា នេះ និងសកម្មភាពរបស់នាងនៅថ្ងៃអន្តរជាតិនេះ។
តារាចម្រៀងរូបនេះបានលើកឡើងថា៖«អ្នកទាំងអស់គ្នានឹងជួបជាមួយនឹងនាងខ្ញុំនៅក្នុងការប្រគំតន្ត្រីដ៏ធំមួយនៅកោះពេជ្រនាថ្ងៃទី៨ មីនា ឆ្នាំ២០១៣ ដែលកម្មវិធីនេះរៀបចំឡើងដោយបណ្តាញស្ថានីយទូរទស្សន៍ CTN ដើម្បីអបអរគម្រប់ខួប១០ឆ្នាំរបស់បណ្តាញស្ថានីយទូរទស្សន៍នេះ ហើយទន្ទឹមនឹងនោះដែរ ក៏ជាការឡើងឆាកដើម្បីប្រគំតន្ត្រីអបអរថ្ងៃបុណ្យសិទ្ធិនារីលើកទី១០២ផងដែរ»។
តារាចម្រៀងលំដាប់ជួរមុខរូបនេះបានបន្តថា៖« នាងខ្ញុំពិតជារីករាយយ៉ាងខ្លាំងដែលបណ្តាញស្ថានីយទូរទស្សន៍ ស៊ីធីអិនផ្តល់កិត្តិយសឲ្យនាងខ្ញុំបានឡើងច្រៀងនៅក្នុងកម្មវិធីដ៏ធំសម្បើមនេះនិងមានឱកាសបានសម្តែងច្រៀងជាមួយនឹងតារាសម្តែងជាតិ និងអន្តរជាតិល្បីជាច្រើនរូប»។
ដើម្បីជាមុខមាត់ដ៏ធំដុំមួយដែលមានការចូលរួមពីតារាបរទេសនោះ តារាចម្រៀងរូបនេះបានឲ្យដឹងថា៖«ដើម្បីញាំងឲ្យបរិយាកាសនៃកម្មវិធីកាន់តែរីករាយខ្ញុំក៏នឹងលើកយកបទចម្រៀងថ្មីៗល្បីរបស់ខ្ញុំដើម្បីច្រៀងកំដរអារម្មណ៍ប្រិយមិត្តទស្សនិកជនគ្រប់គ្នាផងដែរ»។
នាងបានបន្តថា៖«ម្យ៉ាងទៀតនៅក្នុងថ្ងៃទី៨ មីនា នេះ នាងខ្ញុំ មាស សុខសោភា ក៏សូមជូនពរបងប្អូនប្រុសស្រីទាំងអស់គ្នាជួបប្រទះតែសំណាងល្អ និងមានសុខភាពល្អគ្រប់ៗគ្នា»។ នាងបន្តថា ស្ត្រីជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងសង្គម ស្ត្រីជាមាតាពិភពលោកដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមទាំងអស់គ្នាដើម្បីលុបបំបាត់ទម្រង់មិនល្អផ្សេងៗ ដូចជាការរើសអើងលើស្ត្រី ហើយត្រូវគិតថា អ្វីដែលបុរសធ្វើបាន នារីក៏អាចធ្វើបានដែរ។ ដូច្នេះទាំងប្រុសទាំងស្រីសុទ្ធតែជាធនធានមនុស្សដ៏សំខាន់ និងជាចរន្តមិនអាចកាត់ផ្តាច់ពីគ្នាបានក្នុងការអភិវឌ្ឍប្រទេសជាតិដើម្បីឈានទៅរកការរីកចម្រើនជឿនលឿននៅពេលអនាគត៕

som leng thomada thomada …