កោះកុងៈ ប្រតិបត្តិការរុះរើផ្ទះពលរដ្ឋដែលសង់ខុសច្បាប់ក្នុង តំបន់ព្រៃការពារស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ របស់សមត្ថកិច្ចខេត្តកោះកុងមកដល់ថ្ងៃទីបីម្សិលមិញ សម្រេចរុះរើជិត១៥០ខ្នងហើយ ហើយសកម្មភាពប្រឆាំងតវ៉ារបស់អ្នកភូមិក៏ថយចុះដែរ បន្ទាប់ពីមានផ្ទុះអាវុធគំរាមក្រុមអ្នកតវ៉ាជាង៧០នាក់ កាលពីថ្ងៃពុធ និងមានការឃាត់ឃុំខ្លួនអ្នកភូមិម្នាក់។
Friday, 08 March 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍
លោក ឱម ម៉ាក់ការី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានប្រាប់ឲ្យដឹងថា ក្រោយពីបានធ្វើការណែនាំ ពលរដ្ឋទាំងនោះយល់ព្រមសហការរុះរើផ្ទះដោយខ្លួនឯង។ លោកបញ្ជាក់ថា ពលរដ្ឋទាំងនោះថា ពួកគាត់ត្រូវគេបំផុសនិងយកលុយខ្លះ៥០០ដុល្លារ ខ្លះដល់១.៤០០ដុល្លារ ក្នុង១គ្រួសារជាថ្នូរនឹងការបានសិទ្ធិចូលទៅសង់ផ្ទះនៅក្នុងតំបន់នេះ។
លោកថ្លែងថា៖«សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដើម្បីឃាត់ខ្លួនមេខ្យល់ញុះញង់ឲ្យពលរដ្ឋចូលកាន់កាប់ដីរដ្ឋយក ទៅផ្ដន្ទាទោស»។
កាលពីឆ្នាំ២០០០ មានពលរដ្ឋតែជាង២០គ្រួសារទេចូលទៅកាប់ឆ្ការព្រៃក្នុងតំបន់ ព្រៃការពារនេះសង់លំនៅនិងធ្វើចម្ការ ក្រោយមកខាងរដ្ឋបាលព្រៃឈើខេត្តក៏ជូនដំណឹងឲ្យពួកគាត់រុះរើ ចេញ ប៉ុន្តែពួកគេមិនព្រមទេ។ នៅឆ្នាំ ២០០៤ រដ្ឋបាលព្រៃឈើបានដាក់ពាក្យប្ដឹងទៅតុលាការខេត្តប្រឆាំង នឹងការទន្ទ្រានកាន់កាប់និងការកាប់ឆ្ការរានដីព្រៃនេះ ចេះតែកើនឡើង ដែលធ្វើឲ្យបាត់ផ្ទៃដីព្រៃការពាររហូត៣៦ហិកតា ហើយតុលាការខេត្តក៏ចេញដីកាសម្រេច បណ្តោះអាសន្នទុកដល់សព្វថ្ងៃ។ ដោយសារភាពជាប់គាំងនេះក្នុងខែកុម្ភៈ ពួកអ្នកភូមិក៏បានធ្វើញត្តិដាក់ជូនទៅលោកហ៊ុន ម៉ាណែតកូនប្រុសលោកនាយករដ្ឋមន្ត្រីផ្ទាល់ដៃសុំអន្តរាគមន៍រស់នៅ ស្របច្បាប់លើដីនោះនិងបានការសន្យា ថា នឹងគ្មានការរុះរើផ្ទះគាត់ទេ។ ប៉ុន្តែ នៅថ្ងៃទី ៥ ខែមីនា ស្រាប់តែអាជ្ញាធរខេត្តដាក់កម្លាំងរាប់សិបនាក់រុះរើបង្ខំ ទាំងអំណាចតែម្តង។
កាលពីថ្ងៃពុធ ក្រុមអ្នកភូមិអះអាងថា សមត្ថកិច្ចបានប្រើអាវុធបាញ់គំរាមប្រជាជនចំនួនពីរគ្រាប់ ខណៈអ្នកភូមិប្រមាណ៧០នាក់ ឈរប្រទាក់ដៃគ្នាការពារមិនឲ្យមានការរុះរើផ្ទះសម្បែងតែមិនបង្ករបួសមនុស្សទេ ខណៈអាជ្ញាធរថា ជាការបាញ់ការពារខ្លួនពីការប្រើដំបង កាំបិតពីសំណាក់អ្នកតវ៉ា។
អ្នកស្រី សំ សេរី ដែលអះអាងថា មានឈ្មោះនៅក្នុងបញ្ជីដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ខេត្តកោះកុង ដើម្បីបានសិទ្ធិរស់នៅនិងប្រកបរបរកសិកម្មចិញ្ចឹមជីវិត ក្នុងតំបន់ជម្លោះនេះតាំងពីអំឡុងឆ្នាំ ២០០៤និងទើបតែចូលទៅសង់ផ្ទះនៅពីឆ្នាំមុន កាលពីម្សិលមិញបានប្រាប់ថា៖«គ្រួសារខ្ញុំបានសម្រេចចិត្ត រុះរើលំនៅដ្ឋានដោយខ្លួនឯង បន្ទាប់ពីអាជ្ញាធរចាប់ខ្លួនអ្នកភូមិម្នាក់ និងបានបាញ់កាំភ្លើងគំរាម កាលពីថ្ងៃពុធ ខណៈពួកយើងតវ៉ាប្រឆាំងនឹងការរុះរើរបស់កម្លាំងអាជ្ញាធរ»។
លោក សុខ ស៊ុយ ដែលកាលពីថ្ងៃពុធ ត្រូវសមត្ថកិច្ចគំរាមចាប់ខ្លួនដែរនោះថា ក្រោយពីអ្នកភូមិ ឈ្មោះ ឡឹក សុខផែ អាយុ៤៥ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនោះគាត់ក៏ត្រូវគេ គំរាមព្រមានថា នឹងសុំដីកាពីតុលាការខេត្តកោះកុងឲ្យចាប់ខ្លួនផងដែរ។
លោកត្អូញត្អែរថា៖«ថ្វីបើពេលនេះខ្ញុំរុះរើផ្ទះខ្ញុំ រួចហើយក្ដី តែខ្ញុំនៅតែមិនទាន់បាត់ភ័យខ្លាចពីការគំរាមនេះនៅឡើយ»។ គាត់បន្តថា ថ្ងៃនេះនៅសល់តែផ្ទះជាង២០ខ្នងទៀតទេ ដែលនៅមិនទាន់ចាត់ការរុះរើ និងថាពួកគេនឹងចុះអនុវត្តសាលក្រមពេលក្រោយ។
លោក ផាន់ កណ្ណារ៉ាត់ អភិបាលរងក្រុងខេមរភូមិន្ទថែ្លងថា មកដល់ថ្ងៃទីបីនៃប្រតិបត្តិការរុះរើសំណង់អនាធិបតេយ្យនេះ សមត្ថកិច្ចសម្រេចរុះរើផ្ទះសរុបបានជិត១៥០ខ្នងហើយ។
លោកអំពាវនាវឲ្យពលរដ្ឋដាក់ពាក្យប្ដឹងមេខ្យល់ដែលទារលុយពីពួកគាត់និងញុះញង់ពួកគាត់ឲ្យចូលមកកាន់កាប់ដីព្រៃរដ្ឋតំបន់នេះ ដើម្បីឲ្យសមត្ថកិច្ចងាយក្នុងការរកចាប់ខ្លួនគេមកដាក់ទោស។
អភិបាលក្រុងខេមរភូមិន្ទលោក ធូ វិបុល បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃពុធថា សំណង់ខុសច្បាប់នេះ មិនមែនជាផ្ទះទេ វាជារោងឬខ្ទមសង់ថ្មីក្រោយពីមានការសន្យាពីលោក ហ៊ុន ម៉ាណែត ចំណែកផ្ទះអ្នកភូមិជាប់ដីកាសម្រេចបណ្តោះអាសន្ននៅតុលាការ ពុំមានបញ្ហានោះទេ។ អ្នកចំណូលថ្មីជាច្រើនមកតាំងលំនៅតាមមេខ្យល់៕
