តារា​បរទេស​ល្បីៗ​មក​កម្ពុជា​ក្នុង​ថ្ងៃ​ខួប​១០​ឆ្នាំ​របស់​ស៊ីធីអិន

ភ្នំពេញៈ តារា​ចម្រៀង និង​សម្តែង​លំដាប់​អន្តរជាតិ​ល្បី​ល្បាញ​ជា​ច្រើន​រូប​បាន​មក​ដល់​ប្រទេស​កម្ពុជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ចុង​សប្តាហ៍​មុន ដើម្បី​រំលេច​វត្តមាន​របស់​ពួក​គេ​រួម​គ្នា​ជាមួយ​នឹង​តារា​សម្តែង និង​ចម្រៀង​របស់​កម្ពុជា​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​គម្រប់​ខួប​១០​ឆ្នាំ​របស់​បណ្តាញ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន ដែល​វត្តមាន​របស់​តារា​អន្តរជាតិ​ទាំង​នោះ​បាន​ញាំង​ឲ្យ​កម្មវិធី​របស់​ស៊ីធីអិន​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​។

Monday, 11 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្តែង​បរ​ទេស​ល្បី​ៗ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​នឹង​បុគ្គ​លិក​របស់​ទូរ​ទស្សន៍​ស៊ីធីអិន។ រូបថត សេត គឹមសឿន

តារា​សម្តែង​បរ​ទេស​ល្បី​ៗ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​នឹង​បុគ្គ​លិក​របស់​ទូរ​ទស្សន៍​ស៊ីធីអិន។ រូបថត សេត គឹមសឿន

នៅ​រាត្រី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​និង​ជា​ថ្ងៃ​នៃ​ការ​ចាប់​ផ្តើម​ដំណើរ​ការ​ការ​ផ្សាយ​របស់​បណ្តាញ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន នោះ កម្មវិធី​កម្សាន្ត​ជា​ច្រើន​ត្រូវ​បាន​លើក​យក​មក​បង្ហាញ​នៅ​លើ​ឆាក​តន្ត្រី​និង​បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ីធីអិន My TV និង CNC។ ក្នុង​នោះ​ក្រៅ​ពី​ការ​ច្រៀង​រាំ និង​សម្តែង​របស់​សិល្បករ សិល្ប​ការិនី​របស់​កម្ពុជា​ភាព​ភ្ញាក់​ផ្អើល​នៃ​ការ​លេច​វត្តមាន​របស់​តារា​សម្តែង​ល្បីៗ​របស់​បរទេស​លំដាប់​អន្តរជាតិ​ក៏​បាន​មក​ដល់​។ ថ្វី​ដ្បិត​ថា ពួក​គេ​រស់​នៅ​ប្រទេស​ក្រៅ ក៏​ប៉ុន្តែ​តារា​សម្តែង​ទាំង​នោះ ក៏​មាន​ក្រុម​អ្នក​គាំទ្រ​ជា​ជន​ជាតិ​កម្ពុជា​ជា​ច្រើន​បាន​ស្គាល់ និង​បាន​ទៅ​គាំទ្រ​ពួក​គេ​ដោយ​ផ្ទាល់​នៅ​កន្លែង​ប្រគំ​តន្ត្រី​តែ​ម្តង​។

បន្ទាប់​ពី​ការ​បង្ហើរ​សំនៀង​របស់​តារា​ចម្រៀង​កម្ពុជា​ល្បីៗ ដូច​ជា លោក ឆាយ វីរៈ​យុទ្ធ មាស សុខ​សោភា អ៊ីវ៉ា ទស្សនិកជន​ដ៏​ច្រើន​កក​កុញ​ក៏​បាន​មើល​ឃើញ​ដោយ​ផ្ទាល់​ពី​ភាព​ស្រស់​ស្អាត និង​ស្រស់​សង្ហា​របស់​តារា​សម្តែង​សិង្ហបុរី​លោក Elvin Ng ដែល​ជន​កម្ពុជា​បាន​ស្គាល់​លោក​តាម​រយៈ​រឿង «​ល្បែង​ជីវិត​ចុង​ក្រោយ» តារា​សម្តែង​ហ្វីលីពីន​លោក Jericho ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ឈ្មោះ​តាម​រយៈ​រឿង «សន្យា​ស្នេហ៍​» ថា «អេនជីឡូ» និង​តារា​សម្តែង​សិង្ហបុរី​នាង Jeanette ដែល​គេ​ហៅ​នាង​ថា «ណូយ៉ា» ក្រោយ​ពេល​នាង​សម្តែង​រឿង «ជីវិត​នាង​ណូយ៉ា»។ ក្រៅ​ពី​នោះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​តារា​សម្តែង​ល្បីៗ​មួយ​ចំនួន​ទៀត ។


លោក Jericho ហៅ​អេន​ជីឡូ និយាយ​ថា៖«​នេះ​ជា​លើក​ទី​១ ដែល​ខ្ញុំ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ទាំង​មិន​នឹក​ស្មាន​ពី​ការ​អញ្ជើញ​របស់​ទូរទស្សន៍​ស៊ីធីអិន​»​។ លោក​បន្ត​ថា៖«​ខ្ញុំ​បាន​ទៅ​ដល់​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី ហើយ​ខ្ញុំ​បាន​ដឹង​ពី​ការ​គាំទ្រ​របស់​ពួក​គេ តែ​ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្ញុំ​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នៅ​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន​បែប​នេះ​ទេ​»។

ជាមួយ​គ្នា​នោះ តារា​សម្តែង​របស់​សិង្ហបុរី​លោក Elvin Ng បាន​និយាយ​ថា៖ «​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ការ​គាំទ្រ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​ដឹង​ថា ខ្លួន​ឯង​មាន​ប្រជាជន​កម្ពុជា​ច្រើន​បែប​នេះ​ស្គាល់​នោះ​ទេ។ តាម​រយៈ​ស្នាដៃ​របស់​ខ្ញុំ និង​ការ​គាំទ្រ​នេះ ខ្ញុំ​នឹង​មក​ប្រទេស​កម្ពុជា​ម្តង​ទៀត ព្រោះ​លើក​នេះ ខ្ញុំ​មាន​ពេល​ខ្លី​ពេក​ហើយ​ខ្ញុំ​មក​លើក​ក្រោយ​នឹង​ចំណាយ​ពេល​ដើរ​កម្សាន្ត​នៅ​ប្រទេស​នេះ ពិសេស​នៅ​អង្គរវត្ត​»។

ជាមួយ​នឹង​ហ្វូង​មនុស្ស​ឈរ​គាំទ្រ​ដោយ​ផ្ទាល់​នៅ​មុខ​ឆាក និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​នោះ តារា​សម្តែង​របស់​សិង្ហបុរី​នាង Jeanette ដែល​គេ​ហៅ​ថា «ណូយ៉ា» និយាយ​ថា៖​«​នេះ​ជា​កិត្តិយស​របស់​រូប​ខ្ញុំ​ដែល​ទទួល​បាន​ការ​ផ្តល់​ឱកាស​ពី​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន ចូល​រួម​ខួប​១០​ឆ្នាំ​ហើយ​នេះ​ជា​លើក​ទី​១​ដែល​ខ្ញុំ​បាន​ស្គាល់​ប្រទេស​កម្ពុជា​ហើយ​ខ្ញុំ​នឹង​មក​កម្សាន្ត​នៅ​កម្ពុជា​ម្តង​ទៀត​នៅ​ពេល​ខាង​មុខ​ដោយ​ចំណាយ​ពេល​យ៉ាង​យូរ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​»។

នាង​បាន​សម្តែង​ភាព​ភ្ញាក់​ផ្អើល​ថា៖«​នៅ​ពេល​ខ្ញុំ​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាម​ពេល​ចុះ​ពី​យន្ត​ហោះ ខ្ញុំ​រំភើប​មែន​ទែន នៅ​ពេល​ខ្ញុំ​ឃើញ​មាន​ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​បាន​មក​ទទួល​ខ្ញុំ ស្វាគមន៍​ខ្ញុំ ហើយ​ពួក​គេ​ម្នាក់ៗ​ពាក់​អាវ​យឺត​មាន​រូប​នាង​ខ្ញុំ ខ្ញុំ​មិន​ស្មាន​ថា ខ្ញុំ​មាន​អ្នក​គាំទ្រ​ច្រើន​បែប​នេះ​ឡើយ​នៅ​កម្ពុជា​»។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដែល​រង់​ចាំ​អស់​រយៈ​ពេល​១០​ឆ្នាំ​នេះ លោក Bernard Anthony អគ្គ​នាយក​ក្រុមហ៊ុន Cambodia Broadcasting Service (CBS) និង​ជា​អ្នក​គ្រប់​គ្រង​ទូរទស្សន៍​ស៊ីធីអិន បាន​ឲ្យ​ដឹង​ថា ជាមួយ​នឹង​ការ​គាំទ្រ​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​លើ​ទូរទស្សន៍​ស៊ីធីអិន ស៊ីធីអិន នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ក្នុង​ការ​ផលិត​កម្មវិធី​ថ្មីៗ​ក៏​ដូច​ជា​នាំ​មក​នូវ​ខ្សែ​ភាព​យន្ត​ភាគ​ល្បីៗ ដើម្បី​បម្រើ​ដល់​ការ​កម្សាន្ត​របស់​ប្រជាជន​កម្ពុជា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។

លោក​បាន​បញ្ជាក់​ថា ស៊ីធីអិន នៅ​តែ​ជា​ជម្រើស​ទី​១ សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​៕

What Next?

Recent Articles