ខេមរៈ សេរីមន្ត ស្ថិត​ក្នុង​អាការ​រន្ធត់​ភ្លឹកៗ

ភ្នំពេញៈ បន្ទាប់ពីកើតមានឧបទ្ទវហេតុ គ្រោះថ្នាក់ ចរាចរណ៍ ដ៏រន្ធត់ កើតឡើង ចំពោះតារា ចម្រៀង ខេមរៈ សេរីមន្ត កាលពីយប់ ថ្ងៃទី៧ មីនា នៅរសៀល ថ្ងៃទី១០ មីនា ម្សិលមិញនេះ ព្រះសង្ឃចំនួន ១០០អង្គ បាននិមន្ត ទៅជួបជុំគ្នា នៅចំណុច កើតហេតុ ក្នុងនោះក៏មានសាច់ញាតិអ្នកស្លាប់និងអ្នករងរបួសជាច្រើន ដើម្បីធ្វើពិធីសូត្រមន្តប្រោះព្រំ និងបណ្តេញឧបទ្រពចង្រៃ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់កុំឲ្យវិញ្ញាណនៅវិលវល់និងតាមលងបន្លាចអ្នកភូមិ និងអ្នកដំណើរ ខណៈតារាសម្តែង ខេមរៈ សេរីមន្ត ដែលមានជីវិតរស់ពីគ្រោះថ្នាក់នេះនៅបន្តមានអាការភិតភ័យ និងភ្លឹកៗ។

Monday, 11 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

ឡានរបស់តារាចម្រៀងខេមរៈ សេរីមន្តដែលខ្ទេចខ្ទីអស់ក្រោយពីហេតុការណ៍គ្រោះថ្នាក់ចរណ៍នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងរូបតូចខាងក្រោមឆ្វេងដៃ ព្រះសង្ឃ១០០អង្គ មន្តប្រោះព្រំកាលពីម្សិលមិញ។ រូបថត សំ រិទ្ធ/សហការី

ឡានរបស់តារាចម្រៀងខេមរៈ សេរីមន្តដែលខ្ទេចខ្ទីអស់ក្រោយពីហេតុការណ៍គ្រោះថ្នាក់ចរណ៍នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងរូបតូចខាងក្រោមឆ្វេងដៃ ព្រះសង្ឃ១០០អង្គ មន្តប្រោះព្រំកាលពីម្សិលមិញ។ រូបថត សំ រិទ្ធ/សហការី

ពិធីសូត្រមន្តនេះមិនមែនផ្តើមឡើងពីក្រុមគ្រួសារសាច់ញាតិអ្នកស្លាប់និងអ្នករងគ្រោះក្នុងគ្រោះថ្នាក់ដ៏រន្ធត់នោះទេ ពិធីនេះគឺកើតឡើងដោយក្រុមមនុស្សធម៌មួយក្រុម ហើយក្រុមនេះកាលពីប៉ុន្មានថ្ងៃមុននេះពួកគេក៏បាននិមន្តព្រះសង្ឃចំនួន១០០អង្គមកធ្វើពិធីសូត្រមន្តរំដោះគ្រោះនៅកន្លែងដែលនិស្សិតពេទ្យបើករថយន្តបុករះនិងបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់នោះម្តងហើយ ហើយពេលនេះពួកគេក៏បានផ្តើមគំនិតនិមន្តព្រះសង្ឃទៅធ្វើពិធីសូត្រមន្តដល់កន្លែងដែលក្រុមការងារ លោក ខេមរៈ សេរីមន្តជួបគ្រោះថ្នាក់នោះដែរ»។

និយាយប្រាប់ភ្នំពេញ ប៉ុស្តិ៍តាមទូរស័ព្ទអ្នកផ្តើមធ្វើពិធីនិមន្តព្រះសង្ឃ១០០អង្គសូត្រមន្តនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិសាស្រ្តភូមិពូធឿង ឃុំបិតត្រាំងមានចម្ងាយពីក្រុងព្រះសីហនុ១០គីឡូម៉ែត្រ លោក ខាន់ ចាន់សុផល បានប្រាប់ថា ការរៀបចំពិធីនេះឡើងដោយសារមានឧបទ្ទវហេតុការរៀបចំពិធីនេះឡើងដោយសារមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនៅកំណាត់ផ្លូវជាតិលេខ៤ ដែលផ្តើមឡើងពីរថយន្តកុងតឺន័រ បុករថយន្តតារាចម្រៀង ខេមរៈ សេរីមន្ត បណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស៣នាក់ ហើយរំលងប្រមាណជា៣ម៉ោងក្រោយនៅចំណុចកើតហេតុដដែល ខណៈដែលប៉ូលិសកំពុងធ្វើការវាស់វែងនោះក៏មានរថយន្តធុនធំដឹកស្រាបៀរ«ខ្លាំង» របស់ក្រុមហ៊ុនស្រាបៀរអង្គរបានបើកបុករះមកលើរថយន្ដរបស់ប៉ូលិសនៃស្នងការដ្ឋានខេត្តដែលបានចតស្ងៀមសម្រាប់ធ្វើចរាចរណ៍ខ្ទេចមុខផ្នែកខាងឆ្វេង ហើយជ្រុលទៅបុករថយន្ដស្ទូចចំកាប៊ីនបែកបាក់ខ្ទេចខ្ទីស្លាប់អ្នកបើកនិងបានបុករថយន្ដសង្គ្រោះរបស់គ្លីនិកវណ្ណឌីខ្ទេចមួយកំណាត់ហើយបណ្តាលឲ្យមានមនុស្សស្លាប់៣និងរបួសជាច្រើននាក់ទៀតដែរ។

ប្រធានក្រុមព័ត៌មានជាតិសេរីថ្មីៗ និងប្រតិកម្មរហ័សនៃបណ្តាញសង្គមហ្វេសប៊ុក លោក ខាន់ ចាន់សុផល លើកឡើងថា នៅរាត្រីថ្ងៃទី៧ ឈានចូលថ្ងៃទី៨មីនានោះ នៅចំណុចតែមួយមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើក ដែលពុំធ្លាប់មានសោះនៅត្រង់ចំណុចភូមិសាស្រ្តភូមិពូធឿង ឃុំបិតត្រាំងហើយពេលនោះមានមនុស្សស្លាប់៧នាក់និងរបួសធ្ងន់ស្រាលចំនួន៨នាក់រួមទាំងតារាចម្រៀង ខេមរៈ សេរីមន្ត ផង។

ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ផ្ទួនលើផ្ទួនផ្តាច់ជីវិតមនុស្សដ៏រន្ធត់តែមួយប៉ប្រិចភ្នែកអស់ជិត១០នាក់និងរងរបួសជាច្រើននាក់នោះ នៅត្រង់ទីតាំងភូមិសាស្ត្រគ្រោះថ្នាក់នោះ បានក្លាយជាចំណារពាក្យថា កន្លែងជើងកប។ លោក ចាន់សុផល បញ្ជាក់ថា៖«រំលងគ្រោះថ្នាក់ចរាចរណ៍កើតឡើងផ្ទួនៗមានរបួស និងស្លាប់មនុស្សយ៉ាងរដូករណែលនោះ ពេលនេះមិនថា អ្នកភូមិ ឬអ្នកដំណើរទេ ម្នាក់ៗគេនិយាយថា ទីនោះជាកន្លែងជើងកបថ្មីដ៏សាហាវបំផុតមួយទៀតនៅលើកំណាត់ផ្លូវជាតិលេខ៤នេះ»។

បុរសចិត្តធម៌ដែលមុននេះទើបទទួលបានការគាំទ្រច្រើន ខណៈលោកផ្តើមគំនិតនិមន្តព្រះសង្ឃមកធ្វើពិធីសូត្រមន្តរំដោះគ្រោះនៅមុខក្រសួងមហាផ្ទៃក្នុងករណីនិស្សិតពេទ្យបើករថយន្តបុកក្មេងសិស្សសាលានិងមនុស្សចាស់ស្លាប់នោះបន្ថែមថា៖«កាលពីប៉ុន្មានថ្ងៃមុននេះក្រុមការងារព័ត៌មានជាតិសេរីថ្មីៗ និងប្រតិកម្មរហ័សនៃបណ្តាញសង្គមហ្វេសប៊ុក ដែលខ្ញុំជាប្រធាននេះក៏បាននិមន្តព្រះសង្ឃចំនួន១០០អង្គទៅសូត្រមន្តនៅមុខក្រសួងមហាផ្ទៃដែរ ត្រង់ចំណុចគ្រោះថ្នាក់ដែលបង្កឡើងដោយនិស្សិតពេទ្យនោះ ហើយនៅថ្ងៃទី១០ កុម្ភៈខ្ញុំក៏បាននិមន្តព្រះសង្ឃ១០០អង្គដែរ ដើម្បីទៅធ្វើពិធីសូត្ររំដោះគ្រោះផ្លូវបណ្តេញឧបទ្រពចង្រៃ និងបញ្ជូនបុណ្យកុសលដល់អ្នកស្លាប់ក៏ដូចជាហៅព្រលឹងអ្នករួចរស់ជីវិតក្នុងគ្រោះកាចនេះឲ្យមកចូលរូបចូលអង្គគេវិញផងដែរ»។

លោកប្រធានព័ត៌មានជាតិសេរី ថ្មីៗនិងប្រតិកម្មរហ័សនៃបណ្តាញសង្គមហ្វេសប៊ុក ប្រាប់ថា លោកបាននិមន្តព្រះសង្ឃពីរាជធានីភ្នំពេញចំនួន៦០អង្គ និងនិមន្តព្រះសង្ឃនៅក្នុងក្រុងព្រះសីហនុចំនួន៤០អង្គឲ្យមកសូត្រមន្តរំដោះគ្រោះត្រង់កំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តភូមិពូធឿង ឃុំបិតត្រាំងនោះហើយក្នុងនោះក៏មានអ្នកភូមិ និងសាច់ញាតិអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះដែរ»។

ខណៈកំពុងរង់ចាំពិធីសូត្រមន្តចាប់ផ្តើមនោះ លោក ជួង ជី ហៅ កុយ បានឲ្យដឹងថា លោកមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលលោកទៅដល់កន្លែងរៀបចំពិធី ហើយត្រូវបានអ្នកស្រុកអ្នកភូមិបានប្រាប់លោកពីកន្លែងដែលសពកូនរបស់លោកខ្ទាតចេញពីឡានស្លាប់នោះ។

លោកបញ្ជាក់ថាការដែលលោកចូលរួមពិធីនោះ ក្នុងបំណងសូត្រមន្តឧទ្ទិសកុសលដល់អ្នកស្លាប់ក្នុងគ្រោះថ្នាក់នោះ ពិសេសគឺដើម្បីធ្វើពិធីហៅព្រលឹងកូនកុំឲ្យរូបគេនៅវិលវល់កន្លែងនោះទៀត។

ស្ថានភាព ខេមរៈ សេរីមន្ត

លោក ខេមរៈ ភារុណដែលជាបងប្រុសបង្កើតលោក ខេមរៈ សេរីមន្ត បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីរសៀលថ្ងៃទី១០ម្សិលមិញថា៖«ពេលនេះ(ថ្ងៃទី១០) សេរីមន្ត មកសម្រាកនៅផ្ទះធម្មតាហើយ តែអារម្មណ៍របស់គេមិនទាន់ជាប្រក្រតីប៉ុន្មានទេ គេនៅភិតភ័យនៅឡើយ ហើយភ្លឹកៗហ្នឹង»។ លោក ភារុណបន្តថា៖«ប្អូនប្រុសខ្ញុំ គេបានមកដល់ភ្នំពេញតាំងពីល្ងាចថ្ងៃទី៨ម៉្លេះមកជាមួយខ្ញុំ ហើយពេលមកដល់ភ្លាមៗនោះយើងក៏បាននិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះហើយដែរ តែគេនៅមិនទាន់និយាយរឿងរ៉ាវនោះបាននៅឡើយទេ ហើយក៏ទំនងគេមិនទាន់អាចនិយាយកើតដែរ»។

លោកបញ្ជាក់ថា៖«យ៉ាងណាពេលនេះខ្ញុំក៏មិនទាន់ចង់ឲ្យគេនិយាយទេ ព្រោះថា បើតាមខ្ញុំមើលឃើញស្ថានភាពគ្រោះថ្នាក់នោះ មិនថាតែ សេរីមន្ត ទេ បើសូម្បីតែខ្ញុំកែវភ្នែកខ្ញុំមិនបានសម្លឹងឃើញនឹងភ្នែកនោះក៏មានភាពស្លុតដែរ ចុះទម្រាំតែគេមើលឃើញនឹងភ្នែកនោះស្លុតយ៉ាងណា? នោះខ្ញុំគិតថាទុកឲ្យគេរំងាប់អារម្មណ៍សិនចុះ»។

ដោយឡែកពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះបងប្អូន និងឪពុករបស់ សេរីមន្តក៏បានចេញមុខដើម្បីដោះស្រាយ។ លោក ភារុណថា៖«នៅថ្ងៃនេះលោកឪពុកខ្ញុំ គាត់ក៏បានទៅចូលរួមក្នុងពិធីសូត្រមន្តដែលមានលោក១០០អង្គនៅកន្លែងកើតហេតុនោះដែរ ហើយបន្ទាប់មក គាត់ក៏បានទៅដាក់ពាក្យបណ្តឹងប្តឹងពីភាគីបង្កគ្រោះថ្នាក់នោះ នៅស្នងការខេត្តព្រះសីហនុ»។

ដោយឡែកចំពោះការងារសិល្បៈរបស់ សេរីមន្ត នោះត្រូវបានបងប្រុសរបស់គេអះអាងថា៖«ពេលនេះការងារដែលសេរីមន្ត បានទទួលទាំងប៉ុន្មានទាំងក្នុងកម្មវិធីសម្រាប់បុណ្យចូលឆ្នាំនោះខ្ញុំបានសុំគេលុបវិញអស់ហើយ ហើយទាល់តែចូលឆ្នាំថ្មីចប់ គេនឹងចាប់ផ្តើមវិញ»។

រីឯអ្នកគ្រប់គ្រងផលិតកម្មសាន់ដេ លោក ឡាយ សុកចំរើន ក៏បានបន្ថែមថា៖«ខាងផលិតកម្មកំពុងមានគម្រោងរៀបចំពិធីមួយក្នុងផលិតកម្មដើម្បីឲ្យមហាជនដឹងពីសុខទុក្ខរបស់ សេរីមន្ត តែពេលនេះមិនទាន់ទេ ចាំបន្តិចទៀតនៅពេលអារម្មណ៍របស់គេល្អជាងនេះសិន»៕

 

ឡានរបស់តារាចម្រៀង ខេមរៈ សេរីមន្ត ដែលខ្ទេចខ្ទីអស់ ក្រោយពី ហេតុការណ៍ គ្រោះថ្នាក់ ចរណ៍នៅ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ និងរូបតូច ខាងក្រោម ឆ្វេងដៃ ព្រះសង្ឃ ១០០អង្គ មន្តប្រោះព្រំ កាលពី ម្សិលមិញ។ រូបថត សំ រិទ្ធ/សហការី

 

រថយន្តក្រុមហ៊ុនស្រាបៀរអង្គរដែលបង្កឲ្យស្លាប់មនុស្ស២នាក់។ សំ រិទ្ធ

 

រថយន្តសង្គ្រោះដែលត្រូវរថយន្តស្រាបៀរអង្គរបុក។ រូបថត សំ រិទ្ធ

 

ទិដ្ឋភាពកន្លែងបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏ធំលើផ្លូវជាតិលេខ៤។ រូបថត សំ រិទ្ធ

 

ទិដ្ឋភាពទូទៅរបស់ជនរងគ្រោះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍របស់ក្រុម ខេមរៈ សេរីមន្ត។ រូបថត សហការី

 

តារាកំប្លែងនាយកុយអុជធូបឧទ្ទិសឲ្យុសពកូនប្រុសខ្លួន។ រូបថត សហការី

 

យាយណាង (ក្រាបសំពះ) នៅពេលធ្វើបុណ្យឲ្យកូន។ រូបថត សហការី

What Next?

Recent Articles

5 Responses to "ខេមរៈ សេរីមន្ត ស្ថិត​ក្នុង​អាការ​រន្ធត់​ភ្លឹកៗ"

  1. Heng says:

    although more than that 100 monks prayers along all roads in Cambodia everyday are not the solution. Accident actually caused by the Human and the road itself, not by the stupid magic power.

  2. Khluy says:

    គ្រោះថ្នាក់ចរាចរណ៍កើតឡើងអាស្រ័យដោយសារការគោរពច្បាបចរាចរណ៍។​

    មានន័យថាចរាចណ៍កំណត់យ៉ាងដូចម្តេច គឺអ្នកបើកបរត្រូវអនុវត្តយ៉ាងដូច្នោះ ទើបការបើកបរ

    ប្រកបដោយសុវត្តិភាពពិតៗ។

    បច្ចុប្បន្នអ្នកបើកបរភាគច្រើនអាងខ្លួនមានឡានទំនើប សេរីខ្ពស់ បើកបរបំពានមិនគោរពច្បាប់

    នគរបាលចរាចរណ៍ផ្លូវគោក មិនយកចិត្តទុកដាក់ និងចាត់វិធានការឲ្យបានតឹងរឹងសម្រាប់ការ​

    គោរព​ច្បាប់​ចរាចរណ៍នេះហើយ ដែលតែងធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើងពីមួយ

    ថ្ងៃទៅមួយថ្ងៃ ដែលតាមការពិនិត្យមើលទៅហាក់ដូចជាមានមនុស្សស្លាប់មួយថ្ងៃៗមិនតិចជាង

    សម័យប៉ុលពតប៉ុន្មាននោះឡើយ។

    ដំណោះស្រាយគឺមិនអាចនិមន្តព្រះសង្ឃប្រោស់ទឹមមន្តដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់នេះបាន

    ឡើយ តែធ្វីដែលយើងអាចកាត់បន្យយគ្រោះថ្នាក់ចរាចរណ៍បានគឺ

    មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវតែអនុវត្តច្បាច់នេះមុនគេ

    គឺពិន័យជាដាច់ខាតចំពោះបុគ្គលណាដែលមិនគោរពច្បាប់ចរាចរណ៍ ដូចជាបើកហួសល្បឿន​

    កំណត់ មានជាតិស្រវឹងក្នុងខ្លួនខណៈពេលកំពុងបើកបរ​ កន្លែងដែលមិនត្រូវជេងតែអ្នកើកបរ​

    បង្ខំប្រជេង ហើយមិនត្រូវខ្លាចចំពោះជនណាដែលមាន​បុណ្យស័ក្គ​ ធំដំតែមិនគោរពច្បា់ចរាចរណ៍

    ជាដើម។ល។

    គ្រប់រាស្រ្ត និងនាម៊ឺនមន្ត្រីត្រូវយកច្បាប់មកអនុវត្ត តែមិនត្រូវយកអនុសាសន៍មកប្រកាស

    ក្តែងៗបានតែមួយភ្លេតក៏រលត់ចប់បាត់ទៅនោះឡើយ។

  3. ddd says:

    មិនពង្រីកផ្លូវ អត់ត្រួតពិនិត្យគុណភាពឡានដឹកទំនិញ អត់គោរពច្បាប់ចរាចរណ៍ តើធ្វើមិចអាចកាត់បន្ថយមកនៅកំរិតទាបបាន។ សូត្រមន្តគ្រាន់តែជាពិធីសាសនាទេ ហើយក៏ជាពិធីគេចវេះរបស់អ្នកដឹកនាំដែរ

  4. :) says:

    Telecommunication director have to show the law and practice all laws to the people have the cars. Chek drivers licence all drivers . when due date for state inspection ticker the place for checking have to chect all like brake, steering wheel, front and back lights, signal lights ,horn , smoke , cover gas tank and other. All drivers have to know the signs on the road , speed limit etc…