«សូវលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ!» នេះគឺជាពាក្យចាស់ តែងតែលើកឡើងពីផលអវិជ្ជមានដូចគ្នា។ តែគ្រាន់មួយគ្រាន់បើជាងបន្តិច ត្រង់ថា បើលិចទូកទៅ អស់តែអីវ៉ាន់លើទូកទេ ហើយមនុស្សអាចហែលរួចរស់ តែបើឆេះផ្ទះវិញ គឺអស់រលីង កេរអាករ ក៏គ្មានសល់ដែរ ហើយមនុស្សអាចប្រឈមមុខនឹងការស្លាប់ច្រើនទៀតផង។ តើក្រុមគ្រួសារម្នាក់ៗមានបានរៀបចំ និង ការពារកុំឲ្យភ្លើងឆេះផ្ទះគ្រប់គ្រាន់ហើយឬនៅ?
Monday, 11 March 2013
តុង សុប្រាជ្ញ
ភ្នំពេញ ប៉ុស្តិ៍

គ្រោះអគ្គិភ័យមួយ នៅសង្កាត់ទួលទំពូង ក្នុងខណ្ឌចំការមន កាលពីខែមករាកន្លងមក។ រូបថត គឹម សារុំ
ថ្មីៗនេះ មានភ្លើងឆេះផ្ទះរាល់ថ្ងៃ ម្តងនៅរាជធានី ម្តងនៅខេត្ត-ក្រុង ហើយមានមូលហេតុខុសៗគ្នា។ ខ្លះឆេះ ដោយសារហ្គាស ខ្លះឆេះដោយសារកន្ទុយបារី ខ្លះថាឆេះ ដោយសារភ្លើងទៀនធូបសែន ខ្លះឆេះដោយសារផ្ទះជិតខាងឆេះ ឯខ្លះឆេះដោយសារឆ្លងចរន្តអគ្គិសនីខ្សែភ្លើង ដែលមានគុណភាពអន់។
តាមរយៈរបាយការណ៍បូកសរុបប្រចាំឆ្នាំ ២០១២ របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា គ្រោះអគ្គិភ័យ កើតឡើង ៤៤២ ករណី នៅក្នុងឆ្នាំ ២០១២ មានការកើនឡើង ៤ ភាគរយ បើប្រៀបធៀប កាលពីឆ្នាំ ២០១១។ បញ្ហាចម្បងនោះគឺបច្ចេកទេសតភ្ជាប់បណ្តាញអគ្គិសនី និងសំណង់ ហើយចំណុចមួយទៀតនោះ គឺការខ្វះខាតមធ្យោបាយសម្រាប់ពន្លត់អគ្គិភ័យ។
សព្វថ្ងៃនេះ មានការសាងសង់ផ្ទះល្វែងជាច្រើន ដោយសារកំណើនប្រជាពលរដ្ឋមករស់នៅក្នុងទីក្រុង និងអ្នកមានគូស្រករថ្មីៗបំបែកពីគ្រួសារ ដែលមានលទ្ធភាពទិញផ្ទះ។ តែសំណង់ទាំងនោះ មានការសាងសង់គុណភាពខុសគ្នាៗ ខ្លះធ្វើទៅតាមលក្ខណៈស្តង់ដារត្រឹមត្រូវ ឯខ្លះទៀតនោះ គឺសំណង់មិនត្រឹមត្រូវតាមក្បួនខ្នាតទេ។ ដោយថៅកែសំណង់បុរីខ្លះមានការកិបកេងយកចំណេញជ្រុលហួសហេតុពេក ដោយមិនគិតពីសុវត្ថិភាពយូរអង្វែងរបស់សំណង់ទេ។
ពោលគឺ ស៊ីតាំងពីដែក គ្រឹះដែកតូចៗ មិនសមទៅនឹងទម្រសំណង់ផ្ទះ ស៊ីពីស៊ីម៉ងត៍នៅលើដំបូល មិនបានមួយឆ្នាំស្រួលបួលផង របើកឥដ្ឋកន្សែងឆាប់ពុកផុយ ឯខ្លះទៀត ស៊ីខ្សែភ្លើងដាក់តូចឆ្មារៗគ្មានគុណភាពបង្កប់នៅក្នុងជញ្ជាំង ដែលមិនត្រឹមត្រូវតាមស្តង់ដារដែលងាយនឹងទុស្សេខ្សែភ្លើងឆេះ ផ្ទះ នៅពេលដែលប្រើលើសកម្លាំងអំពែររបស់អគ្គិសនី។
ចំពោះ ករណីនេះ ពេលខ្លះអ្នកទិញផ្ទះ មិនបានដឹងពីខ្សែភ្លើងដែលបង្កប់នៅក្នុងផ្ទះ តូចឬក៏ធំទេ គឺធ្វើម៉េច ឲ្យតែបានម៉ានៅៗសិន ចាំធ្វើពេលក្រោយ។ នេះគឺជាចំណុចគ្រោះថ្នាក់អគ្គិភ័យដ៏ធ្ងន់ធ្ងរមួយ សម្រាប់អ្នកជាវផ្ទះ។ យ៉ាងហោចណាស់ក៏មានករណីកុមារអាយុចន្លោះពីក្រោមសូន្យឆ្នាំដល់១៧ ឆ្នាំស្លាប់ដោយសារការឆក់ខ្សែភ្លើងអគ្គិសនីនេះមានចំនួន១៩៧ នាក់ ក្នុងមួយឆ្នាំ នេះផ្អែកតាមការសិក្សាស្រាវជ្រាវថ្នាក់ជាតិអំពីគ្រោះថ្នាក់ និងរងរបួសនៅកម្ពុជានៅឆ្នាំ២០០៧។ តើករណីនេះ ទាំងអាជ្ញាធរដែនដី និងមន្រ្តីដែនដីនគរូបនីយកម្ម និងសំណង់ ហាក់ដូចជាមិនបានខ្វាយខ្វល់ពីការត្រួតពិនិត្យសំណង់ទំាងនេះទេ ?
ម្យ៉ាងវិញទៀត ខ្សែភ្លើងនៅតាមដងផ្លូវសាធារណៈ នៅតែខ្វាត់ខ្វែងធ្លាក់ស្រយាក ខ្លះក៏គ្មានគុណភាពរលួយរលេះពេលត្រូវថ្ងៃត្រូវទឹកភ្លៀង។ គឺគ្មានសណ្តាប់ធ្លាប់ ធ្វើឲ្យងាយឆក់ដល់មនុស្សទូទៅ និងងាយឆ្លងចរន្តអគ្គិសនី ធ្វើឲ្យឆេះផ្ទះឆ្លងពីផ្ទះមួយទៅផ្ទះមួយទៀតបានយ៉ាងឆាប់ រហ័ស។ រីឯមធ្យោបាយពន្លត់អគ្គិភ័យវិញ គឺបានសាងសង់បាននូវ បំពង់ទឹកពណ៌ក្រហម តាមចិញ្ចើមថ្នល់ជាច្រើនសម្រាប់រថយន្តអគ្គិភ័យបូមទឹកបាននៅ ជិតៗ មិនដូចកាលពីមុនទាល់ទៅបូមនៅកន្លែងដែលមានអាងធំៗឬក៏ទឹកទន្លេ នោះទេ។
តែអ្វីដែលនៅខ្វះខាតនោះគឺរថយន្តដឹកទឹកនោះ និងកន្លែងស្នាក់នៅ របស់ក្រុមនគរបាលពន្លត់អគ្គិភ័យ នៅរខេករខាកនៅឡើយ កន្លែងខ្លះ យាប់ជាងកាលពីជំនាន់ទសវត្សរ៍ទី៨០ទៅទៀត។ ឧទាហរណ៍៖ កន្លែងស្នាក់នៅរបស់ក្រុមនគរបាលពន្លត់អគ្គិភ័យនៅខណ្ឌមានជ័យ ។ ហេតុអ្វីបានជាចំណុចខ្វះខាតទំាងនេះ នៅតែខ្វះរាល់តែឆ្នាំហ្នឹង? បើលុយទិញរថយន្តទឹក សម្រាប់ពន្លត់អគ្គិភ័យសង្គ្រោះប្រជាពលរដ្ឋ និងសាងសង់កន្លែងស្នាក់នៅរបស់មន្រ្តីទាំងនេះ គ្មានទេ តែបើលុយបក្សកាន់អំណាចសព្វថ្ងៃនេះចាយ ចែកអំណោយ ១០០ឆ្នាំទៀត ក៏មិនអស់ទេឬ? សល់តែ ៣ ទៅ ៤ ខែទៀតដល់ខែចែកអំណោយទៀត ព្រោះជិតដល់រដូវបោះឆ្នោតជាតិហើយ។
តែទោះបីជាយ៉ាងណា ក៏មានចំណុចល្អមួយចំនួនដែរ ចំពោះសំណង់ដែលមានគុណភាពគឺគេបានរៀបចំបង្ការទប់ស្កាត់បាន អគ្គិភ័យ និងការឆក់ខ្សែភ្លើងបានមួយចំនួន គឺសាងគេសង់ត្រឹមត្រូវតាមស្តង់ដារ ហើយខ្សែភ្លើង ក៏ត្រឹមត្រូវតាមក្បួនខ្នាត និងមានគុណភាពក្នុងការប្រើប្រាស់ ពោលគឺបើមានដៃប៉ះខ្សែភ្លើងគឺលោតឌីស្យុងទ័រគ្មានចរន្តអគ្គិសនី ភ្លាម សូម្បីតែឌុយដោតខ្សែភ្លើង ក៏មានកន្លាស់បិទជិតកុំឲ្យក្មេងលូកដៃចូលបានដែរ។
ហេតុដូចនេះហើយ ទាំងរាជរដ្ឋាភិបាល ទាំងអ្នកដែលជាថៅកែសាងសង់ផ្ទះ និងប្រជាពលរដ្ឋ គឺត្រូវត្រួតពិនិត្យមើល សំណង់ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយត្រូវពិចារណាឡើងវិញរកដំណោះស្រាយ ចំពោះបញ្ហាអគ្គិភ័យដែលបណ្តាលមកពីខ្សែភ្លើងដែលមិនគួរឲ្យកើត មានសោះនោះ ដែលធ្វើឲ្យមានមហន្តរាយដល់អាយុជីវិតប្រជាពលរដ្ឋទៀតផង៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.