ចៅក្រមតុលាការសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារ ទី១២ មីនានេះ បានសម្រេចលុបចោល សវនាកាកាត់ទោសកំបាំងមុខលោក សម រង្ស៊ី ក្នុងសំណុំរឿងក្តីបរិហារកេរ្តិ៍និងផ្សាយព័ត៌មានមិនពិតលើលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង។ ការលុបចោលសវនាកានោះ មកពីមេធាវីរបស់លោក សម រង្ស៊ី បានដកពាក្យបណ្តឹងឈប់ប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលបានផ្តន្ទាទោសកំបាំងមុខលោក សម រង្ស៊ី ដាក់ពន្ធនាគារ ២ឆ្នាំ។ លោក សម រង្ស៊ី បានចោទប្រកាន់លោក ហោ ណាំហុង ថាជាមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។
ថ្ងៃ អង្គារ 12 មីនា 2013
ដោយ លី ម៉េងហួរ
RFI

លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី (Radio Australia)
កាលពីថ្ងៃចន្ទម្សិលមិញ លោកមេធាវី ជូង ជូងី បានដកពាក្យបណ្តឹងនៅតុលាការសាលាឧទ្ធរណ៍ ឈប់ប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការក្រុងភ្នំពេញ។ ការដកពាក្យបណ្តឹងនោះ ធ្វើឡើងតាមសំណើរបស់លោក សម រង្ស៊ី ដែលមិនចង់មានរឿងវែងឆ្ងាយតទៅទៀត។ នេះបើតាមការបញ្ជាក់របស់លោក ជូង ជូងី មេធាវីការពារក្តីលោក សម រង្ស៊ី។
លោកមេធាវី ជូង ជូងី បានប្រាប់វិទ្យុបារាំងថា “ម្សិលមិញ ខ្ញុំបានដាក់ពាក្យសុំដកបណ្តឹងឧទ្ធរណ៍វិញ តាមការប្រគល់សិទ្ធិរបស់ឯកឧត្តម សម រង្ស៊ី ដើម្បីឲ្យខ្ញុំដកបណ្តឹងឧទ្ធរណ៍។ ឯកឧត្តម សម រង្ស៊ី មិនចង់ឲ្យរឿងវែងឆ្ងាយ។ ចង់ឲ្យឆាប់ចប់”។
ក៏ប៉ុន្តែលោកមេធាវី ជូង ជូងី បានបន្ថែមថា ការដកពាក្យបណ្តឹងឈប់ប្តឹងផ្តល់នៅតុលាការសាលាឧទ្ធរណ៍នេះ មិនមែនមានន័យថាលោក សម រង្ស៊ី ទទួលស្គាល់នូវសាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលបានសម្រេចឲ្យលោកចាញ់ក្តីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឡើយ ពីព្រោះលោកសម រង្ស៊ីបានឈ្នះក្តីដូចគ្នា នៅតុលាការកំពូលប្រទេសបារាំង។ ប៉ុន្តែលោក សម រង្ស៊ី មិនចង់ឲ្យមានរឿងស្មុគស្មាញវែងឆ្ងាយ ទើបគាត់ប្រគល់សិទ្ធិឲ្យលោកមេធាវីដកពាក្យបណ្តឹង។
លោកមេធាវី ជូង ជូងី ក៏បានបញ្ជាក់ថា សំណុំរឿងមួយផ្សេងទៀតគឺករណីរឿងផែនទីក្លែងក្លាយ ក៏ត្រូវបានលោក សម រង្ស៊ី សម្រេចបញ្ចប់ឈប់តតាំងក្តីនៅតុលាការផងដែរ។
លោក សម រង្ស៊ី មកដល់ពេលនេះ មានបណ្តឹង ៣ នៅតុលាការក្នុងប្រទេសកម្ពុជា គឺទី១បណ្តឹងរឿងដកតម្រុយព្រំដែន កម្ពុជា-វៀតណាម ដែលបានចូលជាស្ថាពរ។
ទី២-បណ្តឹងរឿងផែនទីក្លែងក្លាយ នៅក្នុងដៃតុលាការកំពូល និងទី៣ សំណុំរឿងបរិហារកេរ្តិ៍លោក ហោ ណាំហុង ថាជាមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។
សំណុំរឿងក្តីបរិហារកេរ្តិ៍លោក ហោ ណាំហុង កាលពីឆ្នាំ២០០៨ ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសកំបាំងមុខលោក សម រង្ស៊ី ដាក់ពន្ធនាគារ ២ឆ្នាំ។
ដោយសារតែការដកពាក្យបណ្តឹង ទើបនៅព្រឹកថ្ងៃទី១២ មីនានេះ តុលាការសាលាឧទ្ធរណ៍បានសម្រេចលុបចោលសវនាកា។
ដោយឡែកពីទីក្រុងយ៉ាងហ្គូន ប្រទេសភូមា ក្នុងពេលជួបលោកស្រី អ៊ុងសានស៊ូជី ប្រមុខដឹកនាំបក្សប្រឆាំងភូមា លោកសម រង្ស៊ី ក៏បានប្រាប់អ្នកកាសែតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចមិនហ៊ានប្រកួតប្រជែងជាមួយលោក ហើយបានរារាំងលោកមិនឲ្យមកចូលរួមការបោះឆ្នោត នៅខែកក្កដា។
លោក សម រង្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ឥឡូវនេះ នៅកម្ពុជា មានប៉ូលនយោបាយប្រជែងការបោះឆ្នោតជាតិ នៅខែកក្កដា តែពីរប៉ុណ្ណោះ។ គឺទី១ គណបក្សប្រជាជនកម្ពុជា និងមួយទៀតគឺគណបក្សសង្គ្រោះជាតិរបស់លោក។ ប៉ុន្តែលោក សម រង្ស៊ី ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចមិនហ៊ានប្រកួតប្រជែងជាមួយលោកឡើយ។ ដូច្នេះលោកនាយករដ្ឋមន្ត្រី ក៏បានប្រើប្រាស់តុលាការមិនឯករាជ្យដើម្បីផ្តន្ទាទោសរូបលោក ដែលនាំឲ្យលោកត្រូវភៀសខ្លួនទៅរស់នៅក្រៅប្រទេស។
ក៏ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលនូវការលើកឡើងរបស់ប្រមុខគណបក្សប្រឆាំងខាងលើ ហើយថាករណីលោក សម រង្ស៊ី ជាបទល្មើសរំលោភច្បាប់ មិនទាក់ទងនឹងលោកនាយករដ្ឋមន្ត្រីឡើយ។
លោក ផៃ ស៊ីផាន បានលើកឡើងថា “ខ្ញុំសោកស្តាយពាក្យថ្លែងរបស់ឯកឧត្តម សម រង្ស៊ី ដែលលោកជាប្រធានគណបក្សពីរ គឺគណបក្សសម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ដែលលោក មិនគួរណាប្រើពាក្យ ហើយនិងគំណិតមនុស្សមិនទាន់ពេញអាយុឬមិនចំទិសដៅ ដែលជាភាពថ្លៃថ្នូររបស់អ្នកនយោបាយ។ យើងដឹងហើយថា កាតព្វកិច្ចរបស់ឯកឧត្តម សម រង្ស៊ី គឺកាតព្វកិច្ចយុត្តិធម៌ ឬក៏ជាកាតព្វកិច្ចតុលាការ ដែលវាមិនពាក់ព័ន្ធនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សុទ្ធសាធ។ គឺជាការងាររបស់ខ្លួនគាត់ផ្ទាល់ជាមួយនឹងអ្វីដែលតុលាការយល់ឃើញថា ជាការរំលោភនិងមិនអនុញ្ញាតឲ្យធ្វើនោះឯង”៕
—————————————-



Sam Rainsy trys to please the government in order to get a chance to come back for election. Sam Rainsy has already tried a lot of different tricks in order to come back home, but all of his tricks are failed. The samething, I don’t think he is going to be success this time again.
តុលាការស្រុកខ្មែរគឺជាតុលាការកម្មសិទ្ធផ្តាច់មុខរបស់បក្សប្រជាជនមិនមែនជាតុលាការឯករាជ្យ សម្រាប់ប្រជាជនទូទៅនៅស្រុកខ្មែរនោះទេ។ ដូច្នេះបើទោះបីជាលោកសមរង្សីដកពាក្សបណ្តឹង ឬក៍ចង់បន្តរពាក្សបណ្តឹងលទ្ធផលគឺនៅតែចាញ់១០០%ដដែល។ ព្រោះបក្សប្រជាជនគេផ្តល់ចំលើយ ទៅតុលាការកាត់ក្តីជាស្រេចហើយ។ ដូច្នេះតុលាការពិតប្រាកដគ្រាន់តែជាទីមោងសម្រាប់បញ្ជារ ដោយបក្សពួកនៃបក្សប្រជាជនសម្រាប់ប្រើជាឧបករណ៍ដើម្បីធ្វើបាបគេតែមួយប៉ុណ្ណោះ។