ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រមាណជិត ៤០០នាក់ បាននាំគ្នាមកឈរបិទផ្លូវនៅកណ្ដាលទីរួមខេត្ត ទាមទារបញ្ចុះតម្លៃប្រើប្រាស់ថាមពលអគ្គិសនីនៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣។
ដោយ រដ្ឋា វីសាល
2013-03-12
RFA

ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាំគ្នាមកឈរបិទផ្លូវនៅកណ្ដាលទីរួមខេត្ត ទាមទារបញ្ចុះតម្លៃប្រើប្រាស់ថាមពលអគ្គិសនី កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣។ RFA/Ratha Visal
ការតវ៉ានេះ អ្នកភូមិធ្វើឡើងស្របពេលដែលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន កំពុងបំពេញទស្សនកិច្ចនៅមន្ទីរអប់រំខេត្តមណ្ឌលគិរី មានចម្ងាយប្រមាណ ៥០ម៉ែត្រពីកន្លែងប្រជាពលរដ្ឋប្រមូលផ្តុំគ្នាបិទផ្លូវ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា ក្រុមអ្នកតវ៉ាប៉ុនប៉ងនាំគ្នាបិទផ្លូវនៅចំណុចរង្វង់មូលខេត្ត ចាប់ពីម៉ោង ៩ព្រឹក ដើម្បីស្ទាក់ដំណើរលោក សុខ អាន សុំឲ្យលោកជួយដោះស្រាយបញ្ហាបញ្ចុះតម្លៃអគ្គិសនី ប៉ុន្តែមិនបានលទ្ធផលទេ។ លោកបន្តថា សមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថប្រមាណ ៣០នាក់ បានរារាំងអ្នកតវ៉ា ហើយបើកផ្លូវឲ្យរថយន្ត លោក សុខ អាន ធ្វើដំណើរដោយមិនបានជួបជាមួយប្រជាពលរដ្ឋឡើយ។
លោក សុក រដ្ឋា៖ «សមត្ថកិច្ចបានរារាំងប្រជាពលរដ្ឋទៅឈរម្ខាង អត់ឲ្យមករាំងផ្លូវ ឃើញឡានចេញមក សុខ អាន បើកឡានគេចពីពួកគាត់ អ៊ីចឹងពួកគាត់ក៏បានលើកដៃស្រែកហ៊ោពេញផ្លូវ គាត់ក៏បាននិយាយមានមេក្រូតូចមួយ គាត់ថា គាត់អស់ជំនឿទៅលើអាជ្ញាធរ អស់ជំនឿលើថ្នាក់ដឹកនាំ មិនហ៊ានប្រឈមមុខជាមួយពួកគាត់»។
នេះគឺជាលើកទីបីហើយ ដែលអ្នកតវ៉ាបាននាំគ្នាមកតវ៉ាឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ដោះស្រាយការទាមទាររបស់ប្រជាពលរដ្ឋក្រុងសែនមនោរម្យ ឲ្យបញ្ចុះតម្លៃលក់ថាមពលអគ្គិសនី ពី ១.៥០០រៀល មកនៅត្រឹម ៦០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង៕

ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាំគ្នាមកឈរបិទផ្លូវនៅកណ្ដាលទីរួមខេត្ត ទាមទារបញ្ចុះតម្លៃប្រើប្រាស់ថាមពលអគ្គិសនី កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣។ RFA/Ratha Visal
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។