យោងតាមសារលិខិតរបស់រដ្ឋាភិបាលកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍ បានបង្ហាញអំពីចំនួនតួលេខនៃការស្រាវជ្រាវនិងការព្យាបាលជំងឺរបេងដែលផ្តល់ ជូនដោយឥតបង់ថ្លៃ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាហេតុធ្វើឲ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលក្នុងនោះអត្រាស្លាប់បានថយចុះពី១៥៥ករណី ក្នុងចំណោមប្រជាជន ១០០.០០០នាក់ នៅឆ្នាំ១៩៩០ មកដល់៦៣ ករណីក្នុងចំណោមប្រជាជន ១០០.០០០នាក់ ក្នុងឆ្នាំ២០១១ ដែលស្នើនិង៦០ភាគរយ។
Monday, 25 March 2013
ឃួន លក្ខិណា
ភ្នំពេញ ប៉ុស្តិ៍
សារលិខិតបានបញ្ជាក់ថា តួលេខនេះបានបង្ហាញថា ប្រទេសកម្ពុជា បានសម្រេចគោលដៅអភិវឌ្ឍន៍សហ្សវត្សរ៍រួចហើយ ដែលកំណត់ត្រឹមតែ៥០ភាគរយនៅចុងឆ្នាំ២០១៥។
សារលិខិតនេះ ត្រូវបានធ្វើការផ្សព្វផ្សាយស្របពេលដែលប្រទេសកម្ពុជា បានចូលរួមសម្តែងនូវការអបអរសាទរជាមួយនិងពិភពលោកទាំងមូលចំពោះការប្រារព្ធ «ទិវាកំចាត់រោគរបេង» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៣នេះកាលមិ្សលមិញ។ ក្នុងទិវាពិភពលោកកំចាត់រោគរបេង អង្គការសុខភាពពិភពលោកបានលើកពាក្យស្លោកមួយថា « ខ្ញុំប្រយុទ្ធនិងជំងឺរបេងមួយជីវិត (Stop Tuberculosis in my Lifetime) » ដែលមានអត្ថន័យថា ពិភពលោកមួយដែលគ្មានការឈឺនិងស្លាប់ដោយសារជំងឺរបេងនៅថ្ងៃអនាគត។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសារលិខិតនោះថា៖«បើទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក្តី ក៏ខ្ញុំបានដឹងដែរថា ប្រទេសកម្ពុជាយើងនៅ មានអត្រាឈឺនិងស្លាប់ ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនិងបណ្តាប្រទេសដទៃទៀត។ បញ្ហានេះស្តែងថា យើងនៅមានកិច្ចការដ៏ច្រើនសម្រាប់បំពេញ ដើម្បីកាត់បន្ថយឲ្យបានច្រើនថែមទៀតនូវ អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង។
លោកបន្តថា សម្រាប់យុទ្ធនាការទិវាកំចាត់រោគរបេងឆ្នាំ២០១៣នេះ និងបំផុសឲ្យមនុស្សទាំងឡាយនៅលើសកល លោកធ្វើការអំពាវនាវ ព្រមទាំងធ្វើសកម្មភាពដោយផ្ទាល់ ដើម្បីប្រយុទ្ធនិងជំងឺរបេងក្នុងមួយជីវិតរបស់ពួកគេ។
