កាលពីដើមខែនេះ យើងមានការភ្ញាក់ផ្អើលនៅពេលអានកាសែតពេលព្រឹក ឃើញព័ត៌មានគួរឲ្យរន្ធត់ អំពីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ ៤ ក្នុងខេត្តព្រះសីហនុ ដែលបានបណ្តាលឲ្យមនុស្សបួននាក់បាត់បង់ជីវិត ក្នុងនោះរួមទាំងកូនប្រុសរបស់តារាកំប្លែងខ្មែរពីរនាក់។ នេះពិតជាករណី ដែលធ្វើឲ្យយើងទាំងអស់គ្នាគួរភ្ញាក់រលឹក។
Tuesday, 26 March 2013
Pieter J M Van Maaren
ភ្នំពេញ ប៉ុស្តិ៍
ការពិតដ៏អាក្រក់គឺថា៖ មនុស្សចំនួន ៥ ឬ ៦ នាក់បានបាត់បង់ជីវិតជារៀងរាល់ថ្ងៃនៅលើដងផ្លូវ ហើយការទទួលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍គឺជាបុព្វហេតុធំបំផុតទីពីរ នៃការស្លាប់ បន្ទាប់ពីករណីជំងឺឆ្លងតាមផ្លូវដង្ហើម។ បើយោងតាមប្រព័ន្ធព័ត៌មានស្តីអំពីគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ និងជនរងគ្រោះ (RCVIS) របស់គណៈកម្មាធិការជាតិសុវត្ថិភាពតាមដងផ្លូវបានឲ្យដឹងថា ក្នុងឆ្នាំ ២០១០ មានករណីស្លាប់លើដងផ្លូវចំនួន ១៨១៥ នាក់ ហើយ ៨០ ភាគរយ នៃជនរងគ្រោះ គឺជាស្រ្តី។
ទិន្នន័យពី RCVIS បង្ហាញទៀតថា ក្នុងឆ្នាំ ២០១១ មានករណីស្លាប់លើដងផ្លូវចំនួន ១៩០៥ នាក់ និងតួលេខបណ្តោះអាសន្ន ឆ្នាំ ២០១២ គឺចំនួន ១៨៩៤ នាក់ដែលនេះមិនបានបង្ហាញឲ្យឃើញថា ស្ថានភាពប្រសើរឡើងណាមួយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ទេ។
ក្នុងឆ្នាំ ២០១១ ករណីគ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យប្រទេសខាតបង់ប្រាក់ចំនួន ៣១០ លានដុល្លារ បើនិយាយពីការខូចខាតទ្រព្យសម្បត្តិ ការចំណាយលើការព្យាបាលជំងឺ និងការចំណាយពាក់ព័ន្ធ ប៉ុន្តែការខាតបង់ផ្ទាល់ ពីករណីស្លាប់ និងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍គឺធ្វើឲ្យបាត់បង់កម្លាំងការងារ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
គេគិតថា ស្ទើរតែទាំងអស់នៃអ្នកដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា មិនអាចចូលរួមបានដូចមុនទៀត ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចទេ។ អ្នកជិះម៉ូតូ គឺជាអ្នកងាយទទួលរងគ្រោះបំផុត។ ពួកគេមានចំនួន ៦៧ ភាគរយ នៃករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយ ៧៣ ភាគរយ ក្នុងចំណោមពួកគេទទួលរងរបួសត្រង់ក្បាល។ ចំនួននេះនឹងធ្លាក់ចុះយ៉ាងខ្លាំងប្រសិនបើអ្នកជិះម៉ូតូ និងអ្នកធ្វើដំណើរពាក់មួកការពារសុវត្ថិភាព។ មានតែ ១៥ ភាគរយនៃអ្នកជិះម៉ូតូប៉ុណ្ណោះ ដែលពាក់មួកការពារសុវត្ថិភាព នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ហើយ ៥៦ ភាគរយក្នុងចំណោមអ្នកដែលបានស្លាប់ គឺមានអាយុពី ១៥ ទៅ២៩ ឆ្នាំ ដែលនេះ ធ្វើឲ្យគ្រួសារបាត់បង់សមាជិកវ័យក្មេងរបស់ពួកគេ។
ករណីបាត់បង់ជីវិតនៃមនុស្សវ័យក្មេង ដែលភាគច្រើនមានកាយសម្បទា និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច គឺជាករណីចាំបាច់មួយ ដែលត្រូវធ្វើការយកចិត្តទុកដាក់ ដើម្បីបន្ថយករណីស្លាប់និងរបួសនេះ។ ប៉ុន្តែក៏មានដំណឹងល្អផងដែរ។
ជាការឆ្លើយតប នឹងស្ថានភាពនេះ គណៈកម្មាធិការជាតិសុវត្ថិភាពតាមដងផ្លូវបានបង្កើតផែនការជាតិទីពីរ សម្រាប់សុវត្ថិភាពតាមដងផ្លូវឆ្នាំ ២០១១‑២០២០ ដោយផ្អែកលើផែនការមួយ ដែលបង្កើតឡើង ដោយអង្គការសហប្រជាជាតិ ដើម្បីគាំទ្រផែនការសកម្មភាពសម្រាប់សុវត្ថិភាពផ្លូវថ្នល់ ដែលបានកំណត់គោលដៅជាសកលក្នុងការជួយសង្គ្រោះជីវិតមនុស្សចំនួន ៥ លាននាក់។ ម្ចាស់ជំនួយ ក៏ចូលរួមផងដែរ។
មូលនិធិ Bloomberg Philanthropies កំពុងផ្តល់ថវិកាដល់គម្រោងសុវត្ថិភាពតាមផ្លូវសកល ដែលអនុវត្តដោយអង្គការសុខភាពពិភពលោកក្នុងប្រទេសចំនួន ១០ ដែលប្រទេសទាំង ១០ នេះ មានករណីស្លាប់សរុបចំនួន ៤៨ ភាគរយ នៃករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងពិភពលោក។ កម្ពុជាត្រូវបានរួមបញ្ចូលនៅក្នុងគម្រោង RS10 ដែលផ្តោតទៅលើការបង្កើនការពាក់មួកការពារសុវត្តិភាព និងកាត់បន្ថយការបើកបរដោយស្រវឹង។
ដំណោះស្រាយចំពោះវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា គឺមិនពិបាកទេ គឺវិនិយោគឲ្យបានខ្លាំងជាងមុន ក្នុងវិស័យសុវត្ថិភាពលើដងផ្លូវ រួមជាមួយនឹងបទប្បញ្ញត្តិខ្លាំងក្លាជាងមុន និងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានខ្លាំងជាងមុន។ ជាឧទាហរណ៍ បើប្រៀបធៀបនឹងការចំណាយ លើការបង្កើតវ៉ាក់សាំង ការចំណាយទៅលើការការពារអ្នកបើកបរលើដងផ្លូវ ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ គឺមានចំនួនតិចតួចប៉ុណ្ណោះ។
ក្រៅពីការមិនពាក់មួកការពារសុវត្ថិភាព កត្តាហានិភ័យចម្បង ដែលបណ្តាលឲ្យមានរបួស និងគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរដោយស្រវឹងស្រា ការបើកបរហួសល្បឿនកំណត់ និងការមិនពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាព។ ក្នុងប្រទេសកម្ពុជា ការបើកបរហួសល្បឿន ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៥១ ភាគរយ នៃករណីស្លាប់លើដងផ្លូវ បន្ទាប់មកទៀត គឺការបើកបរដោយស្រវឹងស្រា (ដែលមានចំនួន ១៦ ភាគរយ)។
គន្លឹះសម្រាប់កាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវធានាថា រដ្ឋសមាជិកអង្គការសហប្រជាជាតិ មានច្បាប់ដែលគ្របដណ្តប់កត្តាហានិភ័យទាំងអស់។ ទោះយ៉ាងណាក្តី កិច្ចខិតខំប្រឹងប្រែង ដ៏វិជ្ជមានមួយ កំពុងធ្វើឡើងក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំឲ្យមានការផ្លាស់ប្តូរជាច្រើន ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាពិសេស ដោះស្រាយបញ្ហាពាក់មួកសុវត្ថិភាព ការបើកបរក្រោមឥទ្ធិពលនៃសុរា និងកត្តាហានិភ័យដទៃៗទៀត។ មួកការពារសុវត្ថិភាពនឹងក្លាយជាលក្ខណៈតម្រូវ ឲ្យអ្នកបើកបរ និងអ្នកធ្វើដំណើរលើម៉ូតូត្រូវតែពាក់ ហើយការដាក់ទោសទណ្ឌនឹងរឹតបន្តឹងកាន់តែខ្លាំងឡើងចំពោះអ្នកប្រព្រឹត្តបទល្មើស។
ដើម្បីដោះស្រាយបញ្ហានៃការពាក់មួកការពារសុវត្ថិភាពនៅមានកម្រិតទាបអង្គការសុខភាពពិភពលោក ដោយមានការគាំទ្រហិរញ្ញវត្ថុពី Bloomberg Philanthropies និងដោយមានការសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពតាមដងផ្លូវ បានបង្កើត និងចាប់ផ្តើម នូវយុទ្ធនាការ ស្តីពីការពាក់មួកសុវត្ថិភាព សម្រាប់អ្នកបើកបរម៉ូតូ និងអ្នកធ្វើដំណើរលើម៉ូតូ។
សារនៃយុទ្ធនាការនេះ គឺបង្ហាញយ៉ាងច្បាស់ថា៖ ការធ្វេសប្រហែស មិនពាក់មួកសុវត្ថិភាពអាចបណ្តាលឲ្យមានផលវិបាកជាច្រើន នៅពេលមានគ្រោះថ្នាក់ចរាចរណ៍។ សារគឺច្បាស់ និងសាមញ្ញ៖ «ពាក់ពួកសុវត្ថិភាពនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា»។
ការអនុវត្តច្បាប់មួយទៀតគឺត្រូវបង្ក្រាបទៅលើការបើកបរស្រវឹង ជាពិសេសនៅពេលយប់ និងចុងសប្តាហ៍។ កាលពីខែតុលា គណៈកម្មាធិការជាតិសុវត្ថិភាពតាមដងផ្លូវ និងក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោកបានចាប់ផ្តើមយុទ្ធនាការមួយដែលហៅថា«ប្រសិនបើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។
សារនេះមានគោលបំណងបង្កើនការយល់ដឹង ដល់សាធារណជន ជាពិសេសក្នុងចំណោមប្រជាជនកម្ពុជាវ័យក្មេង ស្តីពីផលវិបាកអវិជ្ជមាន នៃការបើកបរក្រោមឥទ្ធិពលនៃសុរា ដែលជាទង្វើអាត្មានិយមធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ។
ឧបករណ៍វាស់ជាតិសុរា និងឧបករណ៍ផ្សេងទៀតដែលជួយនគរបាលចរាចរណ៍ បង្ក្រាបការបើកបរស្រវឹងត្រូវបានផ្តល់ឲ្យដោយអង្គការសុខភាពពិភពលោក ហើយអង្គការភាពជាដៃគូសុវត្ថិភាពដងផ្លូវពិភពលោក បានផ្តល់ការបណ្តុះបណ្តាលជំនាញដល់មន្រ្តីនគរបាល ដើម្បីបង្កើនការអនុវត្តច្បាប់។ បើទោះបីជាមានសាច់រឿង គួរឲ្យរន្ធត់អំពីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក៏ដោយ ប្រទេសនេះ មានច្បាប់ចរាចរណ៍ ហើយច្បាប់ចរាចរណ៍ដែលមានលក្ខណៈប្រសើរខ្លាំងជាងមុនកំពុងរង់ចាំការអនុម័ត។ អ្វីដែលត្រូវការឲ្យកើតមាន គឺត្រូវធ្វើឲ្យច្បាប់នេះត្រូវបានអនុម័ត និងអនុវត្ត។ ការគាំទ្រអន្តរជាតិ គឺត្រូវបង្កើតគំរូសុវត្ថិភាពចរាចរណ៍ ដែលរួមបញ្ចូលការអនុវត្តច្បាប់តឹងរ៉ឹង ការអប់រំដល់សារធាណជន និងការយល់ដឹងនិងត្រៀមខ្លួនជាមុន មុនពេលធ្វើដំណើររបស់អ្នកបើកបរ៕ PS
Dr. Pieter J M Van Maaren គឺជាតំណាងរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា
