ថៅ​កែ​​ជាតិ​​អង់គ្លេស​​ត្រូវឃុំ​នៅ​ព្រៃ​ស

ភ្នំពេញៈ អ្នក​វិនិយោគ​ជន​ជាតិ​អង់​គ្លេស​ល្បី​ឈ្មោះ​ម្នាក់ ត្រូវ​អង្គភាព​ប្រឆាំ​អំពើ​ពុក​រលួយ​ចាប់​ខ្លូន​ជា​មួយ​ជន​ជាតិ កម្ពុជា​បី​នាក់ ក្នុង​នោះ​មានព្រះ​រាជ​អាជ្ញារង​តុលាការ​យោធា​ម្នាក់ និង​កូន​ប្រុស​ម្នាក់​ផង​កាល​ពី​ថ្ងៃ​សៅរ៍​​ នៅ​ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ ហើយ​ត្រូវ​បញ្ជូន​ទៅព​ន្ធនាគារ ព្រៃ​ស​ កាល​ពី​ថ្ងៃ​អាទិត្យ ​បន្ទាប់​ពី​គាត់​ត្រូវ​ចោទ​ប្រកាន់​ជា​ផ្លូវការ ​ដោយ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ។

Tuesday, 26 March 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍

លោក ផាន់ វណ្ណារតន៍ ប្រធាន អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក Gregg Fryett ​អាយុ ៥៥ ឆ្នាំ អតីត​ប្រធានក្រុម​ប្រឹក្សា​ភិបាល និង​ជា​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុម​ហ៊ុន Sustainable Growth Group Ltd ​និង​ជា​នាយក​ក្រុមហ៊ុន Green Energy ត្រូវ​ចោទ​ប្រកាន់​និង​ផ្ទេរ​ពី​ខេត្ត​បន្ទាយ​មានជ័យ ទៅ​ពន្ធនាគារ​ព្រៃស ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា។

លោកប្រាប់ដែរថា៖ «​គាត់​ត្រូវ​ចោទ​ប្រកាន់​ពីរករណី គឺ​បទ​ក្លែង​​លិខិត​សាធារណៈនិង​ប្រើ​ប្រាស់​លិខិត​ក្លែង​ក្លាយ។ ចៅក្រម​ស៊ើប​អង្កេត​បាន​សម្រេច​ផ្ទេរ​លោក​ទៅ​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ»។

លោក​​បន្ថែម​ថា លោក ​Gregg Fryett ត្រូវ​ចាប់​ខ្លួន​ដោយ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ផ្អែក​តាម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ តាម​ពាក្យ​បណ្តឹង​របស់​រដ្ឋបាល​ព្រៃ​ឈើ នៅ​តំបន់​ខាង​ជើង​បឹង​ទន្លេ​សាប ដែល​ចោទ​ប្រកាន់​ពី​បទ​ឈូស​ឆាយ​ដី​ព្រៃ​រដ្ឋ​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ក្នុង​ឆ្នាំ ២០១២។

លោក​បន្ត​ថា៖ «​គាត់​ត្រូវ​រដ្ឋ​បាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេ​សាប ប្តឹង​ពី​បទ​ឈូស​ឆាយដី​ព្រៃរដ្ឋ​ទំហំ​ជាង ១៨០០ ហិកតា​ ក្នុង​ស្រុក​ស្វាយ​ចេក។ គាត់​បាន​ក្លែង​ឯកសារ​ដើម្បី​កាន់​កាប់​ដី​រដ្ឋ»។

លោក​ សង្កត់​ធ្ងន់​ថា ករណី​ដដែល​នេះ​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៣ ​បុរស​កម្ពុជា​ពីរ​នាក់ ឈ្មោះ​ អ៊ុំ សំអាង អាយុ ៤៩ឆ្នាំ ជា​​អភិបាល​ក្រុម​ហ៊ុន International Green Energy និង​អ្នក​គ្រប់​គ្រង​ឈ្មោះ​ សឿម ស៊ីដែន អាយុ៤៣ឆ្នាំ ក៏​ត្រូវ​​ចាប់​ខ្លួន​ដោយ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពី​បទ​ឆបោកនិងក្លែង ឯក​សាធារណៈ។​ អ្នក​​ទាំង​ពីរ​​នៅ​ជាប់​ពន្ធនា​គារ​ខេត្តបន្ទាយ​មាន​ជ័យ។

What Next?

Recent Articles