ក្រុមបណ្ដាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងអនុតំបន់ទន្លេមេគង្គ កំពុងព្រួយបារម្ភចំពោះការគំរាមកំហែងពីផ្សែងពុលឆ្លងដែន ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ធម្មជាតិ សុខភាពមនុស្ស សត្វ និងប៉ះពាល់ដល់ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច។
ដោយ ហង្ស សាវយុត
2013-04-01
RFA

កិច្ចប្រជុំនៃក្រុមបណ្ដាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ស្ដីពីកិច្ចការពារផ្សែងពុលចុះអ័ព្ទឆ្លងដែន នាខេត្តសៀមរាប នៅថ្ងៃ១ មេសា ឆ្នាំ២០១៣។ RFA/Hang Savyouth
ក្រុមប្រទេសទាំងនោះកំពុងប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណាដើម្បីការពារ និងទប់ស្កាត់ជាតិផ្សែងពុល ឱ្យថយចុះនូវកម្រិតទាបបំផុត ដើម្បីជួយដល់ស្រទាប់អូហ្សូន ដែលការពារផែនដី។
ក្រុមរដ្ឋមន្ត្រីក្រសួងបរិស្ថានមកពីប្រទេសសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន ៥ នៅក្នុងអនុតំបន់ទន្លេមេគង្គ កំពុងជួបប្រជុំគ្នានៅខេត្តសៀមរាប រយៈពេល ២ថ្ងៃ ដើម្បីស្វែងរកវិធានការកាត់បន្ថយផ្សែងពុលចុះអ័ព្ទឆ្លងដែន ដែលជាមូលហេតុនាំឱ្យមានការប្រែប្រួលអាកាសធាតុនោះ។
ក្រុមរដ្ឋមន្ត្រីបរិស្ថានដែលមកពីបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គទាំង ៥ នោះ មានកម្ពុជា ថៃ ឡាវ វៀតណាម និងប្រទេសភូមា ឬមីយ៉ាន់ម៉ា។
រដ្ឋលេខាធិការក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ដែលជាប្រធានដឹកនាំកិច្ចប្រជុំ គឺលោក យិន គឹមស៊ាន។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១ ខែមេសា ថា នៅក្នុងរដូវប្រាំងឆ្នាំនេះ នៅពេលដែលអាកាសធាតុចាប់ផ្ដើមក្ដៅខ្លាំង ស្ងួត គឺបណ្ដាប្រទេសទាំង ៥ នៅក្នុងអនុតំបន់ទន្លេមេគង្គ តែងមានបញ្ហាភ្លើងឆេះព្រៃ ហើយបង្កើតឱ្យមានជាផ្សែងចុះអ័ព្ទពុលឆ្លងដែន។ ដូច្នេះការជួបប្រជុំគ្នាពេលនេះ គោលបំណងធំបំផុត គឺប្រទេសទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណាបញ្ចុះកម្រិតនៃផ្សែងពុលចុះអ័ព្ទនោះឱ្យនៅទាបបំផុត កុំឱ្យបំពុលបរិស្ថាន និងខូចខាតដល់ស្រទាប់អូហ្សូន ជាអ្នកការពារផែនដី។
លោក យិន គឹមស៊ាន បានពន្យល់ថា ផ្សែងពុលចុះអ័ព្ទឆ្លងដែន គឺមានឥទ្ធិពលអាក្រក់បំផុត អាចធ្វើឱ្យការប្រែប្រួលអាកាសធាតុកាន់តែមានកម្រិតខ្ពស់ និងឈានទៅដល់ការបាត់បង់ជីវចម្រុះ ជីវិតសត្វ ព្រមទាំងរុក្ខជាតិផង៖ «កាលណាមានផ្សែងពុលធ្វើឱ្យខូចស្រទាប់អូហ្សូនយើង។ ទីមួយ សុខភាព គឺផ្សែងមានធូលី យើងមានការលំបាកក្នុងការដកដង្ហើម ធ្វើឱ្យយើងមានជំងឺផ្សេងៗ។បន្ទាប់មកវាធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ រាំងស្ងួត ទឹកជំនន់ ហានិភ័យ ហើយបំផ្លាញសេដ្ឋកិច្ចជាតិ ក៏ដូចសេដ្ឋកិច្ចតំបន់ខ្លាំងណាស់»។
ទោះយ៉ាងណា មន្ត្រីកម្ពុជា បញ្ជាក់ថា កម្រិតផ្សែងពុលចុះអ័ព្ទឆ្លងដែននេះ នៅក្នុងបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គទាំង ៥ គឺមិនទាន់មានកម្រិតខ្លាំងនៅឡើយទេ ក៏ប៉ុន្តែគេត្រូវតែរួមគ្នាទប់ស្កាត់បញ្ហានេះ ដើម្បីកុំឱ្យកំណើនចេះតែមានច្រើនឡើងៗពីមួយឆ្នាំទៅ១ឆ្នាំ។
អគ្គលេខាធិការដ្ឋានអាស៊ាន ប្រចាំគណៈកម្មការទន្លេមេគង្គ បានឱ្យដឹងថា គ្រោះធម្មជាតិអាចនឹងគំរាមកំហែងនៅតាមបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គខ្លះ ដោយសារតែការប្រែប្រួលអាកាសធាតុ។
តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន ប្រចាំគណៈកម្មការទន្លេមេគង្គ (ASMC) គឺលោក អាង ជៀងហៃ បានមានប្រសាសន៍ថា កាលពីអំឡុងខែមករា កន្លងទៅ ឥទ្ធិពលខ្យល់មូសុង បានបោកបក់នៅភាគខាងត្បូងនៃខ្សែអេក្វាទ័រ ដែលធ្វើឱ្យការប្រែប្រួលអាកាសធាតុធ្លាប់កើតឡើងនៅទូទាំងតំបន់។ រយៈពេល ២-៣ក្រោយមកទៀត គឺនៅអំឡុងខែមីនា កន្លងទៅថ្មីៗ គឺខ្យល់មូសុង បានបោកបក់ពីទិសខាងជើងត្រឡប់ទៅរកខ្សែអេក្វាទ័រវិញ ដែលបានធ្វើឱ្យការប្រែប្រួលអាកាសធាតុ កាន់តែកើតមានឡើង ជាពិសេសនៅតំបន់ភាគខាងត្បូង។
លោក អាង ជៀងហៃ៖ «សកម្មភាពដែលអាចកើតឡើងនៅតាមបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ គឺត្រូវគេរំពឹងទុកថា នឹងអាចទទួលរងផលប៉ះពាល់ខ្លាំង ដោយសារតែការប្រែប្រួលអាកាសធាតុនៅក្នុងខែមេសានេះ»។
កន្លងទៅប្រទេសឥណ្ឌូនេស៊ី បានទទួលរងឥទ្ធិពលនៃអ័ព្ទផ្សែងពុលខ្លាំង ដោយសារតែទប់ស្កាត់ភ្លើងឆេះព្រៃមិនបាន ហើយឥទ្ធិពលផ្សែងអ័ព្ទឆ្លងដែននេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលជាប្រទេសនៅជាប់គ្នានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការរយៈពេល ២ថ្ងៃ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ។ តំណាងចូលរួមមហាសន្និបាត រួមមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ និងតំណាងគណបក្សមកពីគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបចំនួន ២.២៤៨ រូប ។
មហាសន្និបាត សម្តែងនូវទុក្ខក្រៀមក្រំក្រៃលែង ចំពោះការយាងចូលទីវង្គតនៃ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរគ្រប់រូប និងឧទ្ទិសបួងសួង សូមព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខក្នុងព្រះបរមសុគតិភពជារៀងរហូតទៅ ។
មហាសន្និបាត សម្តែងនូវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ និងសូមថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាព និងសុភមង្គល ។
មហាសន្និបាត បានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ប្រកបដោយលក្ខណៈប្រជាធិបតេយ្យដ៏ទូលំទូលាយ ហើយបានចេញសេចក្តីសម្រេចចិត្តដូចតទៅ ៖
១. មហាសន្និបាត បានឯកភាពលើការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ ២០០៨ ដល់ ២០១២ និងទិសដៅភារកិច្ចឆ្នាំ ២០១៣ ដោយបានកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះសមិទ្ធផលធំៗលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៤ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានក្នុងដំណើរការកសាង និងការពារជាតិរយៈពេលជិត ៥ឆ្នាំ មកនេះ ។ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ ។ រាល់កំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ត្រូវបានជំរុញអនុវត្តប្រកបដោយផ្លែផ្កា ជាពិសេសកំណែទម្រង់ជលផល តាមរយៈការលុបឡូត៍នេសាទទឹកសាបទាំងអស់ ទុកជូនប្រជាជនធ្វើការនេសាទជាលក្ខណៈគ្រួសារ និងកំណែទម្រង់ដីធ្លី តាមរយៈការអនុវត្ត “នយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី ដែលបានទទួលការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាជន និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ។ វិស័យសេដ្ឋកិច្ច សម្រេចបានកំណើន ៧,៣% នៅឆ្នាំ ២០១២ ទោះបីមានឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលក៏ដោយ ។ គោលដៅអភិវឌ្ឍសហស្សវត្សក្នុងការកាត់បន្ថយភាពក្រីក្រ ត្រូវបានសម្រេច ដែលក្នុងនោះអត្រាភាពក្រីក្របានធ្លាក់ចុះពី ២២,៩% ក្នុងឆ្នាំ ២០០៩ មកនៅត្រឹមរង្វង់ ២០% ក្នុងឆ្នាំ ២០១១ ហើយរំពឹងថានឹងចុះមកនៅក្រោម ១៩% នៅឆ្នាំ ២០១៣ ។ ព្រមជាមួយនេះ កិត្យានុភាព និងកិត្តិនាមរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសក្នុងការដោះស្រាយកិច្ចការតំបន់ក៏ដូចពិភពលោក ។
មហាសន្និបាត គាំទ្រពេញទំហឹង ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទីពីរ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ឆ្នាំ ២០០៩-២០១៣ ។
២. មហាសន្និបាត បានអនុម័តសេចក្តីប្រកាស ស្តីពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៣-២០១៨ ដែលបង្ហាញច្បាស់នូវគោលដៅជាយុទ្ធសាស្ត្រ បណ្តាគោលការណ៍គ្រឹះ និងគោលនយោបាយលើគ្រប់វិស័យ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជននៅក្នុងរយៈពេល ៥ឆ្នាំ បន្តទៀត ។ ទន្ទឹមនេះ បានពិនិត្យវាយតម្លៃរាល់ការងារត្រៀមរៀបចំរបស់គណបក្សគ្រប់ថ្នាក់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។ មហាសន្និបាត បញ្ជាក់ច្បាស់នូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនេះ ក្នុងស្មារតីគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត ហើយធ្វើសហប្រតិបត្តិការយ៉ាងស្មោះស្ម័គ្រ ជាមួយគ្រប់ស្ថាប័នជាតិ គ្រប់គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀត ដើម្បីធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
៣. មហាសន្និបាត គាំទ្រជាឯកច្ឆ័ន្ទបេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត ។
មហាសន្និបាត បញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់យកគោលការណ៍ រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់មជ្ឈដ្ឋានស្នេហាជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ឈរលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រីកកម្លាំងមហាសាមគ្គីកសាង និងការពារមាតុភូមិ ។
៤. មហាសន្និបាត សម្តែងនូវការគោរព និងការកោតសរសើរចំពោះក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ព្រមទាំងមន្ត្រី សមាជិក សមាជិកាគណបក្សគ្រប់រូប ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ប្រឹងប្រែងពុះពារ សម្រេចរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូន ខ្នះខ្នែងជួយកសាងសមិទ្ធផលយ៉ាងច្រើននៅមូលដ្ឋាន និងរួមចំណែកដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ហើយត្រៀមរាល់លក្ខណៈសម្បត្តិបានល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ។
៥. មហាសន្និបាត សម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី ដែលបានផ្តល់ការគាំទ្រយ៉ាងធំធេង ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍មកដល់បច្ចុប្បន្ន ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយទៀត ធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន ។ ព្រមជាមួយនេះ មហាសន្និបាត សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ សហគមន៍អន្តរជាតិ និងសង្គមស៊ីវិល ដែលបាននឹងកំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។
៦. មហាសន្និបាត អំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម សូមផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តពុះពារជំនះរាល់ឧបសគ្គ និងការលំបាកទាំងឡាយក្នុងដំណើររីកចម្រើនរបស់ជាតិ ហើយបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិកម្ពុជា ។
៧. នៅក្នុងឱកាសនេះដែរ គណៈកម្មាធិការកណ្តាល បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ស៊ីម កា ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ជំនួស ឯកឧត្តម ជា សុទ្ធ ដែលបានទទួលមរណៈភាព ។
៨. មហាសន្និបាត ប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ឱ្យទៅជាសកម្មភាពជាក់ស្តែងរបស់គណបក្សទាំងមូល ប្រកបដោយជោគជ័យ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនយើង ។