នៅព្រឹកថ្ងៃអង្គារនេះ កងទ័ពកម្ពុជា បានបាញ់គ្រាប់ពិត កាំភ្លើងប្រតិកម្ម BM21 ប្រភេទ ៤០កាណុង និងកាំភ្លើងធំ ១៣០ មីលី្លម៉ែត្រ នៅបន្ទាយកងទ័ព ACO ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការបាញ់សាកល្បងគ្រាប់ពិតនៅពេលនេះ គឺដើម្បីសាកល្បងបច្ចេកទេសលើការប្រើប្រាស់អាវុធទំនើបថ្មី បន្ទាប់ពីកងយោធពលខេមរភូមិន្ទទទួលការបណ្តុះបណ្តាលអស់រយៈពេល ៤ខែ កន្លងមក។ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់អ្នកកាសែតថា ការបាញ់កាំភ្លើងធំលើកនេះ កងទ័ពកម្ពុជាបានប្រើបច្ចេកវិទ្យាទំនើបតាមប្រព័ន្ធកុំព្យួទ័រ ដោយបាញ់ចំគោលដៅបានល្អ និងមានល្បឿនលឿន ដែលជាទំនើបកម្មយោធាកម្ពុជា។ តែវាមិនមែនជាការបង្ហាញសាច់ដុំ ដើម្បីគំរាមកំហែងលើប្រទេសណាមួយទេ។
ថ្ងៃ អង្គារ 02 មេសា 2013
ដោយ លី ម៉េងហួរ
RFI

សមយុទ្ធយោធា កាលពីព្រឹកមិញ នៅខេត្តកំពង់ស្ពឺ (RFI/Siv Channa)
ក្នុងសមយុទ្ធនៅព្រឹកមិញ ផ្តើមដំបូង កងទ័ពកម្ពុជា ក្នុងឯកសណ្ឋានប្រយុទ្ធ បានបាញ់កាំភ្លើងធំ ១៣០ មីលី្លម៉ែត្រ ដែលបានដាក់តម្រៀបគ្នាក្នុងទីលានបាញ់គ្រាប់ពិត នៅបន្ទាយទាហាន ACO ក្នុងខេត្តកំពង់ស្ពឺ។ បន្ទាប់មកជាការបាញ់សាកល្បងគ្រាប់ពិតនៃកាំភ្លើងប្រតិកម្ម BM21 ប្រភេទ ៤០ កាណុង ដែលលាន់ឮស្នូរសន្ធឹកកក្រើកមេឃ។
កងទ័ពកម្ពុជា បានប្រើកាំភ្លើងទំនើបប្រភេទ BM21 និងកាំភ្លើងត្បាល់ ១៣០ មីល្លីម៉ែត្រ ក្នុងសង្គ្រាមស៊ីវិលកន្លងមក។ តែនៅពេលកាំភ្លើងធំ ៤០ កាណុង BM21 ត្រូវបានធ្វើទំនើបកម្ម ដោយបញ្ជាតាមប្រព័ន្ធកុំព្យួទ័រ និងមានល្បឿនលឿន ហើយចំគោលដៅ ១០០%។
បន្ទាប់ពីការសាកល្បងបាញ់គ្រាប់ពិត លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងប្រាប់អ្នកកាសែតពីប្រសិទ្ធភាព នៃអានុភាពកាំជ្រួចហ្វ៊ូង BM21 និងកាំភ្លើងធំ ១៣០ មីល្លីម៉ែត្រ។
លោក ទៀ បាញ់ បានបញ្ជាក់ថា “បើតាមទិន្នន័យពីប៉ុស្តិ៍សង្កេតការណ៍ ហើយបានរាយការណ៍ប្រព័ន្ធបច្ចេកវិទ្យាកំព្យូទ័រនេះ គឺបានបង្ហាញថា ល្អ ១០០ភាគរយតែម្តង។ ទាំង BM21 និង130mm គឺដូចៗគ្នា គឺចំគោលដៅ ១០០ ភាគរយ គឺអត់មានបញ្ហាស្អីដែលថាមានការបាត់ទំនុកទុកចិត្តណាមួយកើតឡើងទេ ចំពោះអាវុធគាំទ្ររបស់យើងនៅពេលនេះ អាចនិយាយបានថា បើមានហេតុការណ៍កើតឡើងយើងត្រូវប្រើប្រាស់វា គឺច្បាស់ណាស់វានឹងឆ្លើយតបតាមតម្រូវការរបស់យើងចង់បានពិតជាពុំខាន”។
ជាមួយនឹងការលើកឡើងដូច្នេះ លោករដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ ក៏បានបដិសេធថា ការបាញ់សាកល្បងគ្រាប់ពិតកាំភ្លើង BM21 និងបាញ់កាំភ្លើងធំ 130 mm នៅពេលនេះ មិនពាក់ព័ន្ធនឹងការបកស្រាយសាលដីកា នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅពាក់កណ្តាលខែមេសានោះទេ។ ម្យ៉ាងទៀត ក៏មិនមែនជាការបង្ហាញសាច់ដុំ ដាក់ប្រទេសជិតខាងណាឡើយ។ រីឯការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខ ក៏មិនទាក់ទងគ្នាទេ។ ការបាញ់កាំភ្លើងនៅព្រឹកមិញ បើតាមលោករដ្ឋមន្ត្រី គឺគ្រាន់តែជាការពង្រឹងខឿនការពារជាតិ និងអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាតែប៉ុណ្ណោះ។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតជាតិវិស័យសកម្មភាពមីន កាលពីរសៀលថ្ងៃទី២មេសានេះ បានមានប្រសាសន៍ថា ការបាញ់សាកល្បងគ្រាប់ពិត កាំភ្លើងប្រតិកម្ម BM21 ប្រភេទ ៤០ កាណុង និងកាំភ្លើងធំ ១៣០ មិល្លីម៉ែត្រ កាលពីព្រឹកមិញ គ្រាន់តែជាការហ្វឹកហាត់កម្លាំងទ័ព មិនមែនជាការបង្ហាញសាច់ដុំដើម្បីគំរាមកំហែងប្រទេសជិតខាងណាទេ។
កាលពីថ្ងៃទី៤មីនា ឆ្នាំ២០១០ កងទ័ពកម្ពុជាក៏បានសាកល្បងបាញ់កាំភ្លើងធំ BM 21 នៅឯព្រលានយន្តហោះ នៅខេត្តកំពង់ឆ្នាំង ដោយជោគជ័យ ខណៈដែលកម្ពុជា និងថៃ កំពុងតែមានភាពតានតឹងលើបញ្ហាព្រំដែន។ កាំភ្លើងធំ BM21 ត្រូវបានកងទ័ពកម្ពុជា ប្រើប្រាស់ក្នុងសង្គ្រាមចុងក្រោយជាមួយថៃ កាលពីដើមខែឧសភា ឆ្នាំ២០១១៕
hahahaha Hunsen want to build power to against USA, after USA fighting with north korea then USA will fight with Hunsen