Tuesday, 02 April 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីធ្លាប់លេចវត្តមានតារាសម្តែង ប៉ែន តុលា ចេញចូលផ្ទះតារាសម្តែងឈរតំណែងតួឯកស្ទើរគ្រប់រឿងនាង ភិន សុដាលីស ជាញឹកញាប់មកនៅពេលនេះ បែរជាពិធីភ្ជាប់ពាក្យដ៏អធិកអធមមួយត្រូវបានធ្វើឡើងរវាងពួកគេទាំងពីរគឺកូនស្រី ភិន សុដាលីស និងកូនប្រុស ប៉ែន តុលា ។ តារាសម្តែង ប៉ែន តុលា ដែលស្រវាចាប់ស្រីស្អាតកូនអ្នកមានទ្រព្យភិន សុដាលីស ធ្វើជាគូគ្រងបានបង្ហើបឲ្យដឹងថា កូនស្រីបង្គាប់ថ្លៃទឹកដោះចំនួន៤ម៉ឺនដុល្លារ។
ដោយសារឪពុកបង្កើតរបស់ខ្លួនជាម្ចាស់ផលិតកម្មមហាហង្ស ស្រាប់ និងតែងផ្តល់ឱកាសឲ្យខ្លួនឈរតំណែងជាតួឯកគ្រប់រឿងនោះ ភិន សុដាលីស ក៏បានឡើងកូដខ្លាំងជាងមុនបន្តិចនៅក្នុងឆ្នាំ២០១២ និងត្រូវបានមហាជនស្គាល់យ៉ាងច្រើន។ ប៉ុន្តែស្របពេលដែលការស្ទុះឡើងនូវប្រជាប្រិយភាពដោយឪពុកជួយជំរុញនេះមិនបានប៉ុន្មានផង ភិន សុដាលីស ក៏ត្រូវធ្លាក់ក្នុងរណ្តៅស្នេហាទាំងវ័យក្មេង និងបានសម្រេចភ្ជាប់ពាក្យជាផ្លូវការជាមួយនឹងតារាសម្តែងវ័យក្មេង ស្រករក្រោយ ក្រោមដំបូលសិល្បៈតែមួយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣។
ក្រោមកម្មវិធីដ៏អធិកអធមនៅផ្ទះវីឡាដ៏ធំខ្ពស់ស្កឹមស្កៃស្ថិតក្នុងខណ្ឌសែនសុខ ដោយមានជំនូនដាក់លើពានចំនួន៣៦០គូ តារាសម្តែងស្រករក្រោយវ័យក្មេង ប៉ែន តុលា បានឲ្យដឹងថា ទម្រាំតែស្នេហារបស់ពួកគេឈានដល់ថ្ងៃរៀបចំកម្មវិធីភ្ជាប់ពាក្យដ៏ធំដុំកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ កន្លងមកនេះ ពួកគេបានចាប់ផ្តើមសាងទំនាក់ទំនងមួយនេះអស់រយៈពេល២ឆ្នាំហើយ ពោលគឺតាំងពីពេលដែលរូបគេបានឈានជើងចូលថតឲ្យផលិតកម្មមហាហង្សដំបូងមកម៉្លេះ។
តុលា បាននិយាយថា៖«ខ្ញុំបានស្គាល់គ្នាតាំងពី២ឆ្នាំមុនមកម៉្លេះ គឺដំបូងឡើយវាអ៊ីចេះ ខ្ញុំបានមកថតខារ៉ាអូខេឲ្យផលិតកម្មមហាហង្ស ហើយក៏បានស្គាល់គ្នាជាមួយនឹងគូដណ្តឹងខ្ញុំហ្នឹង ហើយក៏ចេះតែរាប់អានគ្នារហូតដល់ក្លាយជាស្នេហាតែម្តង។ម្យ៉ាងមកពីពេលស្គាល់គ្នានោះ លោកឪពុកក្មេកខ្ញុំ គាត់ក៏បានទទួលខ្ញុំជាកូនធម៌របស់លោកហើយដោយសារពួកខ្ញុំមានចិត្តលើគ្នា ដូច្នេះចាស់ទុំទាំងសងខាងក៏បានពិភាក្សាគ្នាអំពីរឿងភ្ជាប់ពាក្យ នេះតែម្តង»។
ជាមួយនឹងការតុបតែងពិធីយ៉ាងល្អប្រណីត និងមានជំនូនរាប់រយថាសបែបនេះ គេបានដឹងថា នោះជាសញ្ញាបង្ហាញពីភាពស្តុកស្តម្ភរបស់គ្រួសារទាំងពីរ។ យ៉ាងណាមិញគេបានដឹងថា ថ្វីដ្បិតថា ភិន សុដាលីស និង ប៉ែន តុលា ជាតារាសម្តែងដូចគ្នា តែគេបានដឹងថា អ្នកទាំងពីរសុទ្ធតែស្ថិតនៅក្នុងគ្រួសារស្ដុកស្តម្ភដូចគ្នាដែលមានលោកឪពុកអ្នកម្តាយជាអ្នកជំនួញ។ បើគេក្រឡេកមើលគ្រួសាររបស់ ភិន សុដាលីស ដែលកំពុងរស់នៅក្នុងផ្ទះវីឡាដ៏ស្តុកស្តម្ភនិងមានក្រុមហ៊ុនជាច្រើនកន្លែងនោះ ប្រាកដណាស់ថា តារាសម្តែង ប៉ែន តុលា ត្រូវបោះទុនថ្លៃទឹកដោះមិនតិចម៉ឺនដុល្លារនោះទេទម្រាំតែអាចឆក់យកបានបេះដូងក្រមុំកូនអ្នកមានទ្រព្យនាង ភិន សុដាលីស។ នៅពេលនិយាយដល់ចំណុចនេះ ប៉ែន តុលា បានបង្ហើបឲ្យដឹងថា ថ្លៃទឹកដោះរបស់ ភិន សុដាលីស មានចំនួន៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
តារាសម្តែងដែលជាប់អន្ទាក់ស្នេហានឹងគ្រោងរៀបការនៅពេលឆាប់ៗរូបនេះបាននិយាយថា៖« សម្រាប់ថ្លៃទឹកដោះនោះគឺមានចំនួន៤ម៉ឺនដុល្លារ ហើយយើងនៅត្រូវរ៉ាប់រងអ្វីៗផ្សេងៗទៀត អានេះខ្ញុំបានដឹងពីចាស់ៗគាត់បាននិយាយគ្នា»។
ពាក្យចាស់លោកពោលថា «ធ្វើស្រែទាន់ក្តៅដី ស្រឡាញ់ស្រីទាន់ក្តៅចិត្ត» ដូច្នេះហើយបុរសរូបសង្ហា ប៉ែន តុលា ក៏មិនបង្អង់យូរនាំឲ្យជូរផ្អូមដែរ ពោលគឺបន្ទាប់ពីការភ្ជាប់ពាក្យដ៏ធំដុំនេះ រូបគេនឹងដឹកដៃតារាស្រីស្រឡាញ់ពេញបេះដូងរបស់គេគឺនាង ភិន សុដាលីស នឹងចូលរោងការក្រាបថ្វាយផ្ទឹមក្បាលដល់កន្ទេលនៅចុងឆ្នាំ២០១៣ នេះតែម្តង។
តុលា និយាយថា៖«ពួកខ្ញុំនឹងចូលរោងការនៅចុងឆ្នាំនេះ ពួកយើងនិងចាស់ទុំបានរៀបចំគ្រោងទុករួចរាល់ហើយ»៕


