កណ្តាលៈ ជុំវិញរឿងអាស្រូវស្នេហាត្រីកោណរបស់តារាសម្តែងរូបស្រស់ លី ម៉ារីណា ដែលបែកធ្លាយថា នាងមានជម្លោះយ៉ាងខ្លាំងជាមួយនឹងជំទាវជាប្រពន្ធមន្ត្រីពាក់ផ្កាយលើស្មាហើយត្រូវជំទាវនោះគំរាមដល់អាយុជីវិតនោះ កន្លងមកនាងមិនបានចេញមុខបញ្ជាក់ឡើយ ទើបតែនៅពេលនេះ លី ម៉ារីណា បានចេញមុខមកលាតត្រដាងប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ ដោយនាងបានបញ្ជាក់ថា នាងមិនមានការព្រួយបារម្ភពីការគំរាមអាយុជីវិតរបស់ជំទាវណាឡើយ។ ខាងក្រោមនេះជាការបកស្រាយចំពោះបញ្ហាទាំងឡាយដែលបានកើតលើរូបនាង លី ម៉ារីណា។
Wednesday, 03 April 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ថ្ងៃនេះខ្ញុំមកម្នាក់ឯងទេ(ចូលរួមកម្មវិធីរបស់ផលិតកម្ម) ប្តីខ្ញុំគាត់អត់បានមកទេព្រោះក្រោកព្រឹកពេក។ នៅពេលដែលគេថា ខ្ញុំបាត់ខ្លួន គេចខ្លួនអីនោះ គឺខ្ញុំទៅរស់នៅជាមួយនឹងស្វាមីនៅវ៉ាស៊ីនតោនស្តេត សហរដ្ឋអាមេរិកតែខ្ញុំអត់មានធ្វើការងារអីផងនៅទីនោះ គ្រាន់តែនៅក្នុងផ្ទះអផ្សុកណាស់ ហើយចេះតែចង់មកស្រុកខ្មែរវិញ។
ខ្ញុំរស់នៅទីនោះមានបងប្អួនច្រើនគាត់រាក់ទាក់ គ្រាន់តែថាខ្ញុំនៅតែមានអារម្មណ៍ថា អផ្សុកព្រោះនៅតែក្នុងផ្ទះ ខុសកាលពីយើងនៅស្រុកខ្មែររវល់ពីមួយអាទិត្យទៅមួយអាទិត្យហើយទៅដល់ណោះនៅតែក្នុងផ្ទះអត់ការងារធ្វើដូចជានៅតែម្នាក់ឯងឯកោណាស់ ដល់អ៊ីចឹងមានអារម្មណ៍ថា បន់ឲ្យតែដល់ថ្ងៃមកស្រុកខ្មែរ។
កន្លងមកមានរឿងថា ខ្ញុំមានចំណងស្នេហាត្រីកោណជាមួយនឹងមន្ត្រីពាក់ផ្កាយលើស្មាមានជម្លោះយ៉ាងខ្លាំងជាមួយជំទាវធំជាប្រពន្ធ ប៉ុន្តែរឿងនោះខ្ញុំហាក់ដូចជាមិនបានចាប់អារម្មណ៍ទេ ព្រោះខ្ញុំរស់នៅទីនោះ(អាមេរិក) ខ្ញុំអត់សូវបានដឹងពីព័ត៌មានស្រុកខ្មែរទេ គ្រាន់តែបានដឹងល្ហៀងៗពីគ្រួសារមិត្តភក្តិដែរ ប៉ុន្តែខ្ញុំមិនសូវមានការចាប់អារម្មណ៍ទេ ព្រោះខ្ញុំបានទៅរស់នៅទីនោះជាមួយនឹងស្វាមីហើយ ខ្ញុំគិតថា សំខាន់លើខ្លួនយើង ខ្លួនយើងប្រាកដថា យើងកំពុងរស់នៅជាមួយអ្នកណា។
កន្លងមកមានគេនិយាយថា ជំទាវធំដែលពោរពេញដោយអំណាចម្នាក់តាមគំរាមកំហែងអាយុជីវិតខ្ញុំតែសម្រាប់ខ្ញុំដូចជាមិនមានទេព្រោះកន្លងមកខ្ញុំដើរហើរតែម្នាក់ឯងបើមានមែនប្រហែលជាខ្ញុំភ័យខ្លាចខ្លាំងហើយ តែអានេះវាអត់មានហើយយើងក៏មិនមានការភ័យខ្លាចដែរ ព្រោះវាគ្មានការពិត។
កាលដែលខ្ញុំមកស្រុកខ្មែរជាមួយនឹងស្វាមីនេះ គឺមកលេងផង ហើយមានបំណងមួយចង់មើលពីការរកស៊ីនៅស្រុកខ្មែរផងហើយបើមាន[កន្លែងរកស៊ី]មែនខ្ញុំចង់មករកស៊ីនិងរស់នៅស្រុកខ្មែរវិញ ដោយយើងទៅមកៗប្រហែលជាខ្ញុំអត់រស់នៅអាមេរិករហូតទេ។ មុននេះមានគេថា ខ្ញុំប្រុងបើកកន្លែងរកស៊ីនាំចូលផលិតផលដ៏ធំមួយនោះ តែខ្ញុំសុំបញ្ជាក់ថា ខ្ញុំអត់ទាន់មានគម្រោងរកស៊ីអ្វីនៅឡើយទេ។ ឥឡូវនេះយើងកំពុងរកកន្លែង រកទីតាំងសិន បើសិនជាអាច អាចទៅមុខរួចស្វាមីខ្ញុំនឹងរៀបចំឲ្យខ្ញុំរកស៊ីនៅស្រុកខ្មែរ ហើយស្វាមីខ្ញុំគាត់នឹងឡើងចុះខ្មែរអាមេរិក។
ដោយឡែកគេថា រូបខ្ញុំមានផ្ទៃពោះអីនោះគឺអត់មានផង ហើយសម្រាប់ខ្ញុំក៏មិនទាន់មានគម្រោងយកកូនដែរនៅពេលនេះ ព្រោះពួកខ្ញុំត្រូវការឡើងចុះៗទៅមកៗអាមេរិកខ្មែរ។
ចំណែកឯ ជីវិតសិល្បៈដែលខ្ញុំប្រើពេលជាច្រើនឆ្នាំទម្រាំតែបានប្រជាប្រិយភាពខ្លាំងនោះខ្ញុំនឹងមិនបន្តអាជីពនោះទៀតទេ ហើយក៏មានគេហៅខ្ញុំទៅសម្តែង និងធ្វើជាពិធីការិនីដែរ តែខ្ញុំចេះតែបដិសេធព្រោះតែស្វាមីខ្ញុំគាត់មិនអនុញ្ញាតឲ្យខ្ញុំបន្តទៀតប្រសិនបើគាត់អនុញ្ញាតនោះខ្ញុំក៏នៅតែបន្តដែរ។ខ្ញុំពិតជាមានការសោកស្តាយណាស់បង! ព្រោះសិល្បៈជាបំណងប្រាថ្នារបស់ខ្ញុំតាំងពីតូចមក ខ្ញុំស្រឡាញ់បំផុត តែមកដល់វ័យនេះ ខ្ញុំត្រូវគិតពីបញ្ហាសុភមង្គលក្នុងគ្រួសារ បញ្ហាគូស្រករឲ្យបានរឹងមាំសិន ហើយឥឡូវនេះក៏មានក្មេងៗជាច្រើនគេស្នងដែរ។
កន្លងមកមានស្ត្រីម្នាក់ជេរប្រមាថខ្ញុំសព្វបែបយ៉ាង តែខ្ញុំក៏មិនបានដឹងដែរថា ស្ត្រីអនាមិកហ្នឹងជាអ្នកណាគេ ហើយគាត់ប្រើពាក្យអសុរោះបែបនេះ ខ្ញុំគិតថា អានេះតាមខ្ញុំគិតទេណា បើស្ត្រីម្នាក់នោះពិតជាអ្នកមានមុខមាត់នៅក្នុងសង្គមមែនប្រហែលជាគេមិនប្រើពាក្យអសុរោះទៅប្រជាជនមហាជនអ៊ីចឹងទេ ប្រហែលជាម្នាក់ហ្នឹងមិនធំដុំអីដូចមហាជនគិតទេ ខ្ញុំគិតថា អ៊ីចឹង។
នៅពេលមានរឿងបែបនេះកើតឡើងចំពោះខ្ញុំស្វាមីរបស់ខ្ញុំគាត់ក៏មានភាពភ្ញាក់ផ្អើលដែរ ហើយគាត់បាននិយាយជាមួយខ្ញុំថា តើហេតុអីក៏មានរឿងបែបហ្នឹងកើតឡើងចំពោះខ្ញុំ មានរឿងរញ៉េរញ៉ៃអ៊ីចឹង ហើយអ្នកធ្វើការងារជាមួយគាត់ក៏បានសួរគាត់ដែរ តែគាត់ប្រាប់វិញថា មិនមានរឿងបែបហ្នឹងទេតែមិនដឹងថា អ្នកណាម្នាក់ធ្វើរឿងបែបនោះឡើងដើម្បីឲ្យប្តីខ្ញុំអន់ចិត្តទេ។ តាមពិតទៅ ប្តីខ្ញុំគាត់ក៏មានការអន់ចិត្តខ្លះដែរ ព្រោះកាសែតមួយចំនួនគាត់សរសេរប្រើពាក្យអសុរោះច្រើនពេក។
ដោយឡែកនៅពេលផ្ទុះរឿងបែបនោះ ខ្ញុំក៏មិនមានការភ័យព្រួយរឿងសុវត្ថិភាពអីនោះដែរ ព្រោះពេលនោះខ្ញុំកំពុងរស់នៅអាមេរិកហើយឥឡូវនេះក៏អត់មានភ័យព្រួយអីដែរ ព្រោះខ្ញុំអត់មានសត្រូវជាមួយអ្នកណាផង អត់បានឈ្លោះជាមួយអ្នកណា អត់បានធ្វើអីខុសផង ដូច្នេះអត់មានការភ័យខ្លាចទេ ហើយកន្លងមកខ្ញុំមិនបានចេញមុខបកស្រាយនោះ ព្រោះខ្ញុំមិនសូវបានដឹងពីព័ត៌មានទាំងនោះ ខ្ញុំតែងនៅក្នុងផ្ទះ ហើយម្តាយខ្ញុំក៏បាន Call ប្រាប់ដែរកាលពីដំបូងតែខ្ញុំប្រាប់ថា ម៉ាក់កុំទៅជឿយកចិត្តទុកដាក់អី ព្រោះសិល្បៈតែងមានល្អ និងអាក្រក់អ៊ីចឹងហើយ។ រីឯរឿងថា ខ្ញុំលក់ផ្ទះអីនោះគឺអត់ទេ ព្រោះខ្ញុំកំពុងរស់នៅរាល់ថ្ងៃ ក្រោយត្រឡប់មកពីអាមេរិកវិញ៕
