នៅ​ថ្ងៃ​អង្គារ ទី​១៦​មេសា​នេះ មិន​មាន​សវនាការ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទេ

ភ្នំពេញ: បន្ទាប់ពី​សវនាការ ទាញ​អំណះអំណាង​ផ្ទាល់មាត់ កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មេសា ឆ្នាំ​២០១៣ ដែល​ជា​វេទិកា​របស់​ភាគី​កម្ពុជា​រួច​មក គឺ​នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែ​មេសា ឆ្នាំ​២០១៣ មិន​មាន​សវនាការ​ទេ​។

ថ្ងៃទី 16 មេសា 2013
ដោយ: លី សិលា
CEN

រហូត​ដល់​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ទើប​តុលាការ​ឡាអេ បើក​សវនាកា​រលើ​សំណុំរឿង​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ហើយ​ជា​វេទិកា​របស់​ភាគី​ថៃ​។​

​ភាគី​ថៃ នឹង​ឡើង​ថ្លែង​ផ្ទាល់មាត់ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ១០ ព្រឹក ( ម៉ោង​នៅ​ប្រទេស​ហូ​ឡង់ ត្រូវ​នឹង​ម៉ោង ៣ រសៀល ម៉ោង​នៅ​កម្ពុជា ) ដល់​ម៉ោង ១ រសៀល និង​លើក​ទី​២ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៤ និង ៣០ នាទី រសៀល​។​

​តាម​កម្មវិធី​ដែល​បាន​ព្រាងទុក តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ICJ នៅ​ទីក្រុង​ឡាអេ បាន​បើក​សវនាកា​រលើ​សំណុំរឿង​ប្រាសាទព្រះវិហារ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣​។​

​សវនាការ​នោះ ត្រូវធ្វើ​ជា​ពីរ​ជុំ ដែលមានការផ្សាយបន្តផ្ទាល់ http://webtv.un.org រួមមាន​៖

-​ជុំ​ទី​១ នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១ រសៀល ( ម៉ោង​នៅ​ប្រទេស​ហូ​ឡង់ ) និង​នៅ​ម៉ោង ៣ ដល់​ម៉ោង ៤ និង ៣០ នាទី រសៀល ជា​វេទិកា​ទាញ​អំណះអំណាង​ផ្ទាល់មាត់​របស់​ភាគី​កម្ពុជា​។ ម៉ោង​នៅ​កម្ពុជា ដើរ​លើស​ម៉ោង​នៅ​ប្រទេស​ហូ​ឡង់ ៥ ម៉ោង​។

​ចំណែក​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១  រសៀល និង​ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៤ និង ៣០ នាទី រសៀល ជា​វេទិកា​របស់​ភាគី​ថៃ​។​

-​ជុំ​ទី​២ សវនាការ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៥ រសៀល ជា​វេទិកា​របស់​ភាគី​កម្ពុជា​។

​ចំណែក​នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៥ រសៀល ជា​វេទិកា​របស់​ភាគី​ថៃ​។​

​ក្នុង​សវនាការ កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មេសា ភាគី​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​លើក​អំណះអំណាង​ផ្ទាល់មាត់ ដោយ​បង្ហាញ​នូវ​ទឡ្ហីករណ៍ និង​ភស្តុតាង​ជាច្រើន​។​

​លោក ហោ ណាំហុង បាន​ប្រាប់​អង្គ​សវនាការ​ថា “​ពេលនេះ គឺជា​ការបិទ​នីតិក្រម ដែល​នឹង​នាំ​ឲ្យ​អង្គ​តុលាការ ធ្វើ​សេចក្តីសម្រេច ជា​លើក​ចុងក្រោយ លើ​រឿងក្តី ដែល​ធ្វើឲ្យ​យើង​មាន​កង្វល់​ទាំងអស់គ្នា​។ ហេតុដូចនេះ ខ្ញុំ​យល់​ច្បាស់​ណាស់​ពី​សារៈសំខាន់​នៃ​កាលៈទេសៈ​នេះ សម្រាប់​ប្រទេស​ខ្ញុំ ហើយ​ខ្ញុំ​សូមឲ្យ​តុលាការ​ចេញ​នូវ​សាលដីកា​មួយ ដែល​នឹង​បញ្ចប់​ជា​ស្ថាពរ​វិវាទ​នេះ ដែល​បាន​ធ្វើឲ្យ​ល្អក់​ខ្វល់ដ​ល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជិតខាង នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ គឺជា​ការ​ដលល់​ពេលវេលា​ហើយ ដែល​ប្រទេស​ទាំង​ពីរ ត្រូវតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ សន្តិភាព និង​ពោរពេញ​ទៅ​ដោយ​ស្មារតី​ស្ថាបនា​។ កម្ពុជា​ចង់បាន​ខ្លាំងណាស់​”​។​

​លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​គូសបញ្ជាក់ថា “​វា​មិនមែន​ជា​បញ្ហា​ការអនុវត្ត​សាលក្រម​នោះទេ ហើយ​វា​ក៏​មិនមែន​ជា​បញ្ហា​កំណត់​ព្រំដែន​នោះ​ដែរ ដោយហេតុ​ថា ការកំណត់​ព្រំដែន​នេះ ត្រូវបាន​កំណត់​រួចហើយ​តាមរយៈ​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​តុលាការ​បាន​ផ្អែក​ជាសំខាន់ ដើម្បី​សម្រេច​ចេញ​សាលក្រម​ឆ្នាំ​១៩៦២​។ វា​មាន​តែ​ការ​ចោទសួរ​ពី “​អត្ថន័យ និង​វិសាលភាព​” នៃ​សាលក្រម​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ តែប៉ុណ្ណោះ​”​។​

​រីឯ​មេធាវី​បរទេស ៣ រូប របស់​កម្ពុជា ក៏​បាន​ធ្វើ​ការវិភាគ យល់ឃើញថា បញ្ហា​កើតឡើង​រវាង​កម្ពុជា និង​ថៃ ដោយសារ​តែ​ខាង​ភាគី​ថៃ ប្រើប្រាស់​ផែនទី ដែល​គូសវាស ដោយ ឯកតោ​ភាគី និង​ដោយសារ​បញ្ហា​ប្រែប្រួល​នយោបាយ នៅក្នុង​ប្រទេស​ថៃ​។

​ក្រៅពីនោះ មេធាវី​បរទេស​ខាង​កម្ពុជា ក៏​បាន​ចាត់ទុកថា ការប្រែប្រួល​នយោបាយ នៅក្នុង​ប្រទេស​ថៃ បាន​នាំអោយ​មាន​ជម្លោះ​រវាង​កម្ពុជា និង​ថៃ នៅ​តំបន់​ព្រះវិហារ​៕​

What Next?

Recent Articles