មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៦ ខែមេសា វាយតម្លៃថា ស្ថានការណ៍សន្តិសុខទូទៅនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា គឺមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន។ ប៉ុន្តែមានករណីគ្រោះថ្នាក់ចរាចរណ៍ខ្លះនៅតាមផ្លូវជាតិលេខ ៥ ដោយសារការបើកល្បឿនលឿន និងបើកប្រជែងគ្នាជាដើម។
ដោយ សុខ សេរី
2013-04-16
RFA

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នៅថ្ងៃទី១០ មករា ឆ្នាំ២០១៣។ RFA/Sok Serey
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា លោកពេញចិត្តនឹងស្ថានការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេសកម្ពុជា នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅឆ្នាំម្សាញ់ ឆ្នាំ២០១៣ នេះ ដោយសារតែពុំមានអំពើប្លន់ ផ្ទុះគ្រាប់បែក ឬអំពើឃាតកម្មណាមួយទេ លើកលែងតែករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិមួយចំនួន ជាពិសេសផ្លូវជាតិលេខ៥។
អគ្គស្នងការដ្ឋាននគរបាលជាតិគ្រោងនឹងបូកសរុបស្ថានការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមេសា ខាងមុខនេះ។
លោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងផ្លូវជាតិនានា នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យដឹងចំនួនអ្នកស្លាប់ និងអ្នករងរបួសបាននៅឡើយ៖ «គ្រោះថ្នាក់ចរាចរណ៍ក៏ស្រាលដែរ មិនធ្ងន់ធ្ងរទេ។ សប្បាយច្រើនភ្លេចទៅណា… គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់អីឆ្នាំនេះសម្ដេចបានរំលឹកញឹកញាប់ទៅ យើងខាងអាជ្ញាធរនៅគ្រប់ខេត្ត រាជធានី គាត់រំលឹកញឹកញាប់ទៅ អ៊ីចឹងបងប្អូនគាត់មានការប្រយ័ត្នប្រយែង។ សំខាន់ការចូលរួមរបស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ទ្រូងផ្លូវហ្នឹងឯង ជាបញ្ហា…»។
ប្រជាពលរដ្ឋឈ្មោះ មាស លី នៅឃុំល្វា ស្រុកកោះសូទិន ខេត្តកំពង់ចាម បានមានប្រសាសន៍ថា មានករណីក្មេងទំនើងឈ្លោះប្រកែកគ្នាក្នុងពិធីចាក់ធុងបាសរាំនៅតាមវត្ត ប៉ុន្តែអាជ្ញាធរមូលរដ្ឋានបានចុះមកដោះស្រាយទាន់ពេលវេលា មិនឲ្យមានកាប់ចាក់សម្លាប់គ្នា។
លោកសង្កេតឃើញថា គ្មានបញ្ហាអសន្តិសុខធ្ងន់ធ្ងរទេនៅឆ្នាំនេះ៖ «ឆ្នាំនេះសុវត្ថិភាពល្អគ្រាន់បើឆ្នាំនេះ នៅក្នុងភូមិស្រុកខ្ញុំ។ មានការជួយស្រាយគ្នាទៅ ឬបង្កលក្ខណៈណាមួយឲ្យភ្លឺថ្លាអំពីចរាចរណ៍ហ្នឹង ដោយមានព្រឹទ្ធាចារ្យខ្លះ អ្នកស្រុកខ្លះហ្នឹងជួយជ្រោមជ្រែងគ្នា ដើម្បីកុំឲ្យយកជីវិតដាក់លើផ្លូវជាតិ។ មានល្អណាស់ ខ្ញុំសរសើរនៅក្នុងពិធីចូលឆ្នាំនៅស្រុកកោះសូទិនយើងខ្ញុំ»។
ទាក់ទងនឹងស្ថានការណ៍សន្តិសុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងលោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា កងទ័ពកម្ពុជា កំពុងតែរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែប្រុងប្រយ័ត្នខ្ពស់ នៅគ្រាដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ= International Court of Justice) កំពុងតែចាប់ផ្ដើមសវនាការបកស្រាយសាលក្រមសំណុំរឿងប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា។
លោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា កងទ័ពកម្ពុជា មួយចំនួននៅតាមព្រំដែននោះ ក៏បានចូលរួមលេងល្បែងប្រជាប្រិយ និងរាំវង់ដែរ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
.
.