សុគន្ធ​កញ្ញា ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត​លំនៅឋាន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ភ្នំពេញៈ តារា​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា ឱក សុគន្ធកញ្ញា​នឹង​ប្រើ​ប្រាស់​ប្រជាប្រិយ​ភាព​របស់​ខ្លួន​ដើម្បី​បុព្វហេតុ​ល្អ​ក្នុង​សង្គម ដោយ​បាន​ប្រាប់​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​គាំទ្រ​ដល់​យុទ្ធនាការ​នៃ​គម្រោង​ការ​សាង​សង់​យុវជន Habitat Youth BUILD ២០១៣ ដើម្បី​ចូល​រួម​ដោះស្រាយ​បញ្ហា​ខ្វះខាត​លំនៅឋាន​នៅ​ប្រទេស​កម្ពុជា​។

Friday, 19 April 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង ឱក សុគន្ធកញ្ញា នឹង​ក្លាយ​ជា​តំណាង​ការ​ផ្សព្វ​ផ្សាយ​នេះ​។ រូប​ថត សេត គឹមសឿន

តារា​ចម្រៀង ឱក សុគន្ធកញ្ញា នឹង​ក្លាយ​ជា​តំណាង​ការ​ផ្សព្វ​ផ្សាយ​នេះ​។ រូប​ថត សេត គឹមសឿន

ខ្សែ អាត់​វីដេអូ​ផ្ទាល់​ខ្លួន​មួយ​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​បន្ទាប់​ពី​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ គឺជា​វីដេអូ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ជា​សកម្ម​នៅ​ក្នុង​កម្មវិធីការ​សាង​សង់​យុវជន Habitat Youth BUILD ២០១៣ ពី​សំណាក់​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ស្រុក​ទាំង​អស់។ ខ្សែ​វីដេអូ​នេះ​ត្រូវ​ធ្វើ​ការ​ចាក់​ផ្សាយ​នៅ​លើ​ទំព័រ ហ្វេសប៊ុក​របស់​តារា​ចម្រៀង ឱក សុគន្ធកញ្ញា ដែល​មាន​ការ​គាំទ្រ​ប្រមាណ​ជាង ១៥៧.០០០ នាក់។

តំណាង​អង្គការ បាន​ឲ្យ​ដឹង​ថា ការ​គាំទ្រ​ទាំង​នៅ​លើ​អ៊ីនធឺណិត និង​មិន​នៅ​លើ​អ៊ីនធឺណិត ចំពោះ​គម្រោង Habitat Youth BUILD កំពុង​តែ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​យុទ្ធនាការ​នេះ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា នៅ​ពេល​ដែល​មាន​យុវជន​ក្មេងៗ​ចំនួន​១០.០០០​នាក់​នឹង​រួម​គ្នា​សាង​សង់ និង​ជួសជុល​លំនៅឋាន ឬ​រៃ​អង្គាស​ថវិកា និង​លើក​កម្ពស់​ការ​យល់​ដឹង​នៅ​ទីតាំង​ចំនួន​៤១​កន្លែង នៅ​ក្នុង​ប្រទេស​ចំនួន​៧ នៅ​ទ្វីប​អាស៊ី។

នៅ​ក្នុង​នោះ​មាន​ប្រទេស​ចិន កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន នេប៉ាល់ និង​ហ្វីលីពីន ។ គម្រោង Habitat Youth BUILD លើក​កម្ពស់​ការ​យល់​ដឹង និង​កៀងគរ​មូលនិធិ និង​អ្នក​ស្ម័គ្រ​ចិត្ត ដើម្បី​ចូល​រួម​ដោះស្រាយ​បញ្ហា​ខ្វះ​ខាត​លំនៅឋាន​នៅ​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា ឱក សុគន្ធកញ្ញា នឹង​ចូល​រួម​ក្នុង​កម្មវិធី​នេះ ដែល​រៀប​ចំ​ឡើង​នៅ​ដី​មួយ​កន្លែង​ជិត​គុក​ព្រៃ​ស​។

គម្រោង Habitat Youth BUILD ២០១៣ គឺ​មាន​ភាព​ល្អ​ប្រសើរ​លើស​ពី​ភាព​ជោគជ័យ​កាល​ពី​ឆ្នាំ​មុន ដែល​មាន​អ្នក​គាំទ្រ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាង​មួយ​លាន​នាក់ និង​មាន​មនុស្ស​ជាង​៥.០០០​នាក់​សាង​សង់​លំនៅឋាន​ក្នុង​ប្រទេស​ចំនួន​ប្រាំ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​។ ព្រឹត្តិការណ៍​នោះ បាន​រៃ​អង្គាស​ថវិកា​បាន​ជាង​១លាន​ដុល្លារ និង​បាន​ជួយ​ដល់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ជាង​៧០០​គ្រួសារ។


ចំណែក ឯ​តារា​សម្តែង​របស់​ហូលីវូដ លោក ចន អាប្រាហាម ក៏​បាន​ប្រាប់​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​គាំទ្រ​ដល់​យុទ្ធនាការ​នៃ គម្រោង Habitat Youth BUILD ២០១៣ និង​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ខ្វះខាត​លំនៅឋាន។ ខ្សែ​អាត់​វីដេអូ​ផ្ទាល់​ខ្លួន​មួយ​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃ​នេះ គឺជា​វីដេអូ​ចុង​ក្រោយ​នៃ​វីដេអូ​ចេញ​ផ្សាយ​បន្ត​គ្នា​នៃ​ការ​គាំទ្រ​របស់​អ្នក​សារ​ព័ត៌មាន​ដែល​បាន​ទទួល​ពាន​រង្វាន់​នាង ខារ៉ែន ដាវីឡា (Karen Davila) និង​ពិធីករ​ទូរទស្សន៍ ធីម យ៉ាប (Tim Yab) មក​ពី​ប្រទេស​ហ្វីលីពីន គឺជា​អ្នក​ដែល​នៅ​ក្នុង​ចំណោម​អ្នក​ដែល​គាំទ្រ​យុទ្ធនាការ​របស់​អង្គការ Habitat ។

ពួក​គេ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា៖ «​ខ្ញុំ​ស្រឡាញ់ HABITAT! ចូល​រួម​ជាមួយ​ពួក​យើង! RT@HabitatPhils: Youth Build 2013! ចែក​រំលែក​វីដេអូ​នេះ! បង្កើត​ទំព័រ​អ្នក​គាំទ្រ! អ្នក​ស្ម័គ្រ​ចិត្ត! Fb.me/CJLpdAH1” បាន​បញ្ជូន​ដល់​មនុស្ស​ចំនួន​ពីរ​លាន​នាក់»។

តារា​ចម្រៀង​ចិន ចេដ ខ្វាន់ (Jade Kwan) បាន​សរសេរ​សារ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​នាង​ដែល​មាន​ចំនួន​កន្លះ​លាន​នាក់ នៅ​លើ​គេហទំព័រ weibo.com ដែល​ជា​ទំព័រ​បណ្តាញ​សង្គម​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​ចិន​ថា៖​«​ទាំងអស់​គ្នា យើង​ជួយ​ដល់​មិត្ត​របស់​យើង​ដែល​ត្រូវ​ការ​សាងសង់​លំនៅឋាន… យើង​រួម​គ្នា​ជួយ​ដល់​គ្រួសារ​ទាំង​នោះ ដើម្បី​បំពេញ​នូវ​សុបិន​របស់​ពួក​គេ»។

ការ​ជួយ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​យុទ្ធនាការ​នៅ​ក្នុង​ខែ​មីនា គឺ​ការ​ប្រកួត​វីដេអូ​មាន​ចលនា និង​ការ​រចនា​អាវ​យឺត​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត ដែល​ទទួល​បាន​ការ​ចូលរួម​ប្រកួត​ជាង​៥៧​ស្នាដៃ ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ជាង ២.០០០​សំឡេង និង​ទទួល​បាន​ជ័យជម្នះ​ដោយ​និសិ្សត​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ស៊ុន លីម៉ី អាយុ​១៨​ឆ្នាំ រៀបរាប់​ពី​ការ​ជំរុញ​ចិត្ត​ការ​រចនា​អាវ​យឺត​ដ៏​មាន​ប្រជា​ប្រិយ​ភាព​របស់​នាង​ថា៖«ពាក្យ​សម្តី​ប្រៀប​បាន​នឹង​ដុំ​ឥដ្ឋ និង​ស៊ីម៉ងត៍ ដែល​ត្រូវ​ការ​ដើម្បី​សង់​លំនៅឋាន​ពិត​ប្រាកដ​មួយ លំនៅឋាន​ដែល​នឹង​ផ្តល់​នូវ​សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ ការ​លើក​ទឹក​ចិត្ត សុភមង្គល ការ​ការពារ និង​អ្វីៗ​ជាច្រើន​ទៀត»។

ឯកអគ្គ រដ្ឋ​ទូត​ចុង​ក្រោយ​សម្រាប់​គម្រោង Habitat Youth BUILD គឺ Slater Young អ្នក​ឈ្នះ​ពាន​រង្វាន់ Big Brother មក​ពី​ហ្វីលីពីន ដែល​នឹង​ចូលរួម​ជាមួយ​អ្នក​ល្បីៗ​ផ្សេង​ទៀត​រួម​មាន ស្ថាបត្យករ​វ័យ​ក្មេង Fai Au និង​តារា​បង្ហាញ​ម៉ូដ Kelly Fu មក​ពី​ហុង​កុង, Mary Kom ជើង​ឯក​ប្រដាល់​ពិភពលោក និង​អូឡាំពិក និង​លោក PurabKohli ជា​តារា​សម្តែង និង​ពិធីករ​ទូរទស្សន៍​មក​ពី​ឥណ្ឌា៕


What Next?

Recent Articles

One Response to "សុគន្ធ​កញ្ញា ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត​លំនៅឋាន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក"

  1. ជនក្សត់គំនិត says:

    គួរសរសើរណាស់ដែលគាត់មានគំនិតបែបនេះ​​ សូមអោយបងស្រីមានសម្រស់កាន់តែល្អ