កម្ពុជាបានតស៊ូជាមួយថៃ អំពីបញ្ហាតំបន់ជុំវិញប្រាសាទ ព្រះវិហារ

ភ្នំពេញ: ​ខណៈពេល​បានធ្វើ​មាតុភូមិនិវត្តន៍​មកដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា​ឆ្នាំ​២០១៣ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស បានផ្តល់​បទសម្ភាសន៍​ដល់​បណ្តាញសារព័ត៌មាន​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ នូវ​អ្វីដែល​គណៈប្រតិភូ​កម្ពុជា បាន​តស៊ូ​ជាមួយ​ភាគី​ថៃ អំពី​បញ្ហា​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា នៅឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ នាទី​ក្រុងឡាអេ​។

ថ្ងៃទី 22 មេសា 2013
ដោយ: មុនីរាជ
CEN

​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា ” ក្នុង​មួយ​សប្តាហ៍​កន្លងទៅនេះ យើង​បាន​តស៊ូ​ជាមួយ​ថៃ អំពី​បញ្ហា​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ហើយ​មិនមែន​បញ្ហា​ប្រាសាទព្រះវិហារ​ទេ​។ បញ្ហា​ប្រាសាទព្រះវិហារ ថៃ​ទទួលស្គាល់ថា ជា​របស់​កម្ពុជា​ហើយ​។ បញ្ហា​គឺ​នៅត្រង់​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ហើយ​កម្ពុជា បានស្នើ​សុំ​ឲ្យ​តុលាការអន្តរជាតិ ធ្វើការ​បកស្រាយ លក្ខខណ្ឌ​ដែល​តុលាការ​បកស្រាយ​វិសាលភាព និង​សាលក្រម​អត្ថន័យ និង​វិសាលភាព​នៃ​សាលក្រម ឆ្នាំ​១៩៦២ ឲ្យ​តុលាការ​បកស្រាយ ហើយ​យើង​បាន​បកស្រាយ​តាមផ្លូវ​ច្បាប់ ថា​អត់​មានទំនាស់​ពី​អត្ថន័យ​នៃ​វិសាលភាព​នៃ​សាលក្រម​នៃ​ឆ្នាំ​១៩៦២ គឺ​ទំនាស់​តាំងពី​ឆ្នាំ​១៩៦២ ខែកក្កដា ប៉ុន្មាន​ថៃ្ង​ក្រោយពី​សាលក្រម​ខែមិថុនា ឆ្នាំ​១៩៦២ ថៃ​បានធ្វើ​របង​ខ្សែលួស មុខ​ប្រាសាទព្រះវិហារ ដែល​នៅ​ប៉ុន្មាន​ម៉ែត្រ​មុខ​ប្រាសាទ​នេះ ជា​អំពើ​ធ្វើ​ឯកតោភាគី​មិន​ស្របច្បាប់​របស់​ថៃ “​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បាន​បញ្ជាក់ថា ” ថៃ​បាន​លើកយក​ផែនទី​ជាច្រើន​មក​និយាយ ក្នុងនោះ​ផែនទី​បែងចែក​ទឹក ដែល​តុលាការ​បាន​ទាត់ចោល “​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​និយាយថា ចំពោះ​ការបកស្រាយ​សាលក្រម​យ៉ាងណា​នោះ មិនទាន់​បានកំណត់​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​តាម​ការប្រមើលមើល​រប​ស់លោក​ការបកស្រាយ អាច​មុន​ដំណាច់​ឆ្នាំនេះ​។ ខាង​កម្ពុជា​នៅ​រង់ចាំ​តុលាការ​បកស្រាយ ដោយ​កម្ពុជា​បាន​ពន្យល់​អំពី​មូលហេតុ​ច្បាស់​អស់ហើយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា ” ការ​តទល់​គ្នា​រវាង​កម្ពុជា​និង​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ អាកប្បកិរិយា​របស់​ថៃ បានបង្ហាញ​នូវ​ភាព​ក្រឡិចក្រឡុច ហើយ​បាន​យក​ផែនទី​ទឹក មក​និយាយ​ដដែលៗ បានធ្វើការ​មួលបង្កាច់​មកលើ​កម្ពុជា “​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹកថា ” សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​និយាយ​ជាមួយ​លោកស្រី យី​ង ឡាក់ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ព្រមទាំង​រូបលោក​ក៏​ធ្លាប់បាន​និយាយ​ជាមួយ​លោកស្រី យី​ង ឡាក់ ផងដែរ​ថា ទោះបីជា​តុលាការ​សម្រេច​យ៉ាងណាក្តី យើង​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម អនុវត្តន៍​ដោយ​ស្ងៀមស្ងាត់ ស្រុះស្រួល​គ្នា​អនុវត្តន៍​តាម​តុលាការ​នេះ “៕

What Next?

Recent Articles