ភ្នំពេញៈ ជាង១ខែហើយដែលជីវិត យាយ ណយ សំណាងពោរពេញទៅដោយភាពទុក្ខសោក និងភាពអាឡោះអាល័យចំពោះកូនប្រុសដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏មហារន្ធត់បង្កឡើងដោយរថយន្ដកុងតឺន័ររបស់ក្រុមហ៊ុន SK មកលើរថយន្តតារាចម្រៀង ខេមរៈ សេរីមន្ត ហើយពេលនេះសុខភាពរបស់តារាកំប្លែងជើងចាស់វ័យ៧០ឆ្នាំម្នាក់នេះបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងក្រោមការបើកភ្នែករង់ចាំការដោះស្រាយសំណងជំងឺចិត្ត។
Monday, 22 April 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារាសម្តែងជើងចាស់យាយណាងទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជននានា កាលពីពេលកូនប្រុសស្លាប់ភ្លាមៗ។ រូបថត សហការី
យាយ ណយ សំណាង បានពោលឲ្យដឹងថា៖« ដ្បិតថាខ្ញុំជាអ្នកសិល្បៈចម្រៀងអាយ៉ៃកំប្លែងសម្តែងក្នុងអាជីពនេះជិតមួយជីវិតក្តី តែខ្ញុំមិនមានទ្រព្យធនធំដុំសល់ទេ ក្រៅពីកូនប្រុសពីរនាក់រើកញ្ជើដើរនៅតាមដំបូលផ្ទះជួលនោះ»។
ក្នុងវ័យ៧០ឆ្នាំទាំងពាក្យសម្ដីរដិបរដុប អួលដើមកផងនោះ អ្នកសិល្បៈចាស់វស្សារូបនេះបានបញ្ជាក់ថា៖«អ្នកជំហរដោះស្រាយគ្រួសារធំនោះ គឺសពដែលស្លាប់ទៅនោះទេ។ វណ្ណៈ កូនខ្ញុំកាលពីគេនៅរស់គេមិនដែលឲ្យខ្ញុំពិបាកបង់ថ្លៃជួលផ្ទះនិងបន្ទុកក្នុងគ្រួសារឡើយ គេរ៉ាប់រងទាំងស្រុង។ មច្ចុរាជកុងតឺន័រ ឆក់យកជីវិតកូន វណ្ណៈពង្រាត់ពីខ្ញុំទៅ។ មិនត្រឹមតែកាត់ផ្តាច់មនោសញ្ចេតនា និងស្រមោលពីកែវភ្នែកម្តាយដ៏កម្សត់នេះទេ វាដូចជាការកាត់ផ្តាច់ប្រព័ន្ធសេដ្ឋកិច្ច និងផ្កាប់ឆ្នាំងបាយគ្រួសារខ្ញុំផងដែរ»។
យាយ ណាង បានបន្ថែមថា៖«កូនប្រុសរបស់ខ្ញុំ ឈ្មោះ អ៊ាច វណ្ណៈ ហៅ ដេវិដ គឺជាសិល្បករដែលចេះជំនាញច្រើនមុខ ដូចជា និពន្ធទំនុកភ្លេង រាំ សម្តែង ច្រៀង និង លេងភ្លេងជាដើម។ មួយខែគេអាចរកចំណូលបានដល់ទៅជាង២ពាន់ដុល្លារឯណោះ»។
យាយ ណយ សំណាង បានបញ្ជាក់ថា វណ្ណៈធ្លាប់មានប្រពន្ធម្តងរួចមកហើយ គឺរៀបការតាំងពី១៤ឆាំ្នមុនមកម៉្លេះ គេមានកូន៥នាក់សុទ្ធតែប្រុសទាំងអស់។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍របស់គេត្រូវបែកគា្នដោយទុកកូនទាំង៥នាក់ឲ្យលោកយាយ និង កូនប្រុសជាអ្នកមើលថែហើយនៅពេលនេះកូនច្បងរបស់គេអាយុ១៤ឆាំ្នហើយចំណែកកូនពៅអាយុជាងពីរឆាំ្នប៉ុណ្ណោះ។
យាយរៀបរាប់ថា៖«ពេលនេះ ក្រោយពីវណ្ណៈគេស្លាប់ហាក់រុញច្រានឲ្យជីវភាពគ្រួសារខ្ញុំធ្លាក់ដុនដាបមួយកម្រិតបន្ថែមទៀតហើយពេលនេះខ្វះខាតខ្លាំងស្ទើរតែរកអង្ករច្រកឆាំ្នងមិនបានផង»។
ស្ថិតក្នុងផ្ទះជួលជាន់ទី២ នៅក្បែរសាលាសងា្កត់ទួលទំពូងទី២ ក្នុងខណ្ឌចំការមន រាជធានីភំ្នពេញតារាកំប្លែងជើងចាស់វ័យ៧០ឆាំ្នរូបនេះនិយាយថា៖ «ខ្ញុំជាស្រ្តីមេម៉ាយ ហើយក៏មានវ័យកាន់តែច្រើនលែងសូវមានកម្លាំងប្រឡូក ក្នុងសិល្បៈដូចមុនហើយ ដូច្នេះក្រោយពេលកូនស្លាប់ទៅគឺទម្ងន់គ្រួសារទាំងមូលបានធ្លាក់មកលើខ្ញុំហើយស្របពេលនេះខ្ញុំចេញទៅសម្តែងច្រៀងរកលុយក៏លែងកើតទៀត។ ចាប់តាំងពីថ្ងៃកូនបាត់បង់ជីវិត រហូតមកដល់ពេលនេះ ខ្ញុំសម្តែងលែងកើតសោះតែម្តងសុខភាពក៏ធ្លាក់ខ្សោយខ្លាំងមែនទែន សព្វថ្ងៃត្រដរខ្យល់មានថ្ងៃខ្លះសន្លប់ពីរដងក៏មានដែរ»។
យាយបន្តថា៖«ថ្លៃផ្ទះជួលថ្លៃហូបចុកថ្លៃទឹកភ្លើងនិងចៅៗចាយវាយទៅសាលារៀនគឺត្រូវចំណាយក្នុងមួយខែៗប្រហែលមិនក្រោម៥០០ដុល្លារនោះទេ។ពេលនេះខ្ញុំកំពុងជួបបញ្ហាពិបាកខ្លាំងណាស់។ រហូតថ្ងៃខ្លះមានលុយប្រមាណតែ៣-៤ពាន់រៀលសម្រាប់ទិញសាច់ជ្រូកបីជាន់និងស្ពៃយកមកស្ងោរឲ្យចៅៗហូប។ តែពេលទាល់ច្រកខ្លាំងនោះគឺមានតែមី២-៣កញ្ចប់ធ្វើជាម្ហូបប៉ុណ្ណោះ»។ យាយ ណយ សំណាង បញ្ជាក់ថា៖«ពេលនេះកំពុងតែត្រៀមរើកញ្ជើចុះដើររកផ្ទះជួលតម្លៃត្រឹម៥០ដុល្លារនាំចៅពួននៅកុំឲ្យតែទទឹកភ្លៀងទៅបានហើយ»។
ទន្ទឹមគ្នានោះយាយ ណយ សំណាង បានលើកជាចម្ងល់ជុំវិញការបង្កឲ្យកូនស្លាប់ថា៖«ខ្ញុំក៏ឆ្ងល់ណាស់ ឆ្ងល់ខាងអ្នកបង្ករថយន្តកុងតឺន័រ ក្រុមហ៊ុន SK មកដល់ពេលនេះនៅស្ងាត់ឈឹង មិនមានចេញមកដោះស្រាយសំណងយ៉ាងណានោះទេ ឬមួយក៏មើលមកជីវិតអ្នកដែលស្លាប់នោះមិនមានតម្លៃ តែការពិតបើនិយាយតែកូនខ្ញុំមួយក៏គេមានចំណេះនិងមានជំនាញសិល្បៈរកប្រាក់បាន១ខែៗ២-៣ពាន់ដុល្លារដែរ»។
តារាកំប្លែងជើងចាស់ នាយ កុយ ដែលមានកូនម្នាក់បាត់បង់ជីវិតក្នុងហេតុការណ៍នោះដែរបានអះអាងថា៖«នៅរង់ចាំមើលបន្តិចសិន បើរឿងនេះខាងភាគីបង្កមិនព្រមចូលខ្លួនមកដោះស្រាយទេនោះ ខ្ញុំនិងនាំគ្រួសាររងគ្រោះទាំងអស់ទៅជួបនាយករដ្ឋមន្រ្តីនិងសូមឲ្យលោកជួយដោះស្រាយលើកករណីនេះឲ្យខានតែបាន»៕

ជីវិតអ្នកសិល្បះ ពិតជាមិនដូចគ្នាមែន ។ អ្នកកំប្លែងខ្លះទើបល្បីសោះ ទិញផ្ទះ ទីញឡាន រស់នៅដោយ សុខស្រួល ។ សំរាប់ អ្នកខ្លះទៀត ពេល ឈឺ និង ជិតដល់ពេលស្លាប់ រកតែលុយធ្វើបុណ្យមិនបានផង ។
សូមចូលរូមចៃសៅកស,,,,,,,,
អ្នកសិល្បៈជំនាន់មុនជាច្រើនបានទទួលលទ្ធផលបែបនេះដូចគ្នា សម្បីតែគ្រួសារលោកស៊ិន ស៊ីសាមុត
ក៏ដូច្នេះដែរ ហេតុនេះហើយបានជាតរាវ័យក្មេងជាច្រើនសព្វថ្ងៃនេះ គេស្វែងរកតាឧកញ៉ា ជាបង្អែក
They shold have hired a lawyer to handle their case to the court of law. The truck wich cause an accident must have the life insurance to pay in their policy. If they don’t have an insurance, it is the government fault. And the government must resonsible for allawing the truck running in your coutry without insurance to take care the death on the roads.
Government must responsible on his own fault.
hi
hk
សូមសរសើរដល់លោកកុយ ដែលមានខ្នងសុទ្ឋតែសម្តេច បើអ្នកធម្មតាវិញមិនមានតំណែងដូចលោក ប្រកត់សូម្បីតែនឹកក៏នឹងហ៊ានដែរ តែទោះជាយ៉ាងណា ក៏សូមចូលរួមសោកស្តាយចំពោះការបាត់បង់នេះ ផងដែរ។ មួយខែរកបានជាង 2 ពាន់ដុល្លារាប់ឆ្នាំ មកហើយនៅនិយាយថាលំបាកទៀត ចុះទំរាំប្រជាជនខ្មែរដែលរកបានត្រឹម 5000រៀលឬតិចជាងនេះក្នុង មួយថ្ងៃ តើពិបាកយ៉ាងណា? សូមប្រិយមិត្តជួយពិចារណាផង នេះគ្រាន់តែជាការ ឆ្វេងយល់របស់ខ្ញុំប៉ុណ្ណោះ។