នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​សរសើរ​ក្រុម​អ្នក​ច្បាប់​ទៅ​តតាំង​ជាមួយ​ថៃ នៅ​ទីក្រុង​ឡាអេ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​ក្រុម​អ្នក​ច្បាប់​កម្ពុជា និង​មេធាវី​បរទេស​ដែល​លើក​ទឡ្ហីករណ៍​នៅ​ក្នុង​រឿង​ក្តី​ទឹក​ដី​ប្រាសាទ​ព្រះវិហារ​នៅ​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ កាល​ពី​សប្តាហ៍​មុន។

 

Tuesday, 23 April 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍

 

ថ្លែង​ទៅ​កាន់​អ្នក​ភូមិ​រាប់​រយ​នាក់​នៅ​ក្នុង​អំឡុង​ពិធី​កាត់​ឫស​សីមា​វិហារ​វត្ត​សិរីឧត្តម ក្នុង​ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ថា សវនាការ​រយៈ​ពេល​៤ថ្ងៃ​បាន​ផ្តោត​លើ​ចំណុច​សំខាន់​ពីរ​គឺ​កម្ពុជា​ចង់​ឲ្យ​តុលាការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ទាក់​ទិន​នឹង​ទឹក​ដី​វិវាទ និង​មិន​បាន​កំណត់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ ចំណែក​ឯ​ថៃ​ទទូច​កុំ​ឲ្យ​តុលាការ​បក​ស្រាយ​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា ៖ «​ទោះ​ជា​យ៉ាង​ណា នេះ​ជា​សិទិ្ធ​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ យើង​គ្មាន​សិទិ្ធ​ទេ​»។

កម្ពុជា និង​ថៃ​បាន​តវ៉ា​គ្នា​លើ​ផ្ទៃ​ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ​តាម​បណ្តោយ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​ចំណែក​ទឹក​ដី​ដ៏​ចម្រូង​ចម្រាស​ដែល​កើត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ស្លាប់​ជីវិត​មនុស្ស​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​។ តុលាការ​យុតិ្តធម៌​អន្តរជាតិ​រំពឹង​ថា នឹង​សម្រេច​លើ​រឿង​ក្តី​នេះ​នៅ​ពេល​ក្រោយ ក្នុង​ឆ្នាំ​នេះ។

នេះ​ជា​លើក​ទី១ ដែល​លោក​ហ៊ុន សែន ថ្លែង​អំពី​សវនាការ ចាប់​តាំង​ពី​សវនាការ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​លោក​បាន​ឆ្លៀត ឱកាស​អំពាវនាវ​ឲ្យ​នៅ​ស្ងប់​ស្ងាត់ និង​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ ទោះ​ជា​មាន​លទ្ធផល​យ៉ាង​ម៉េច​ក៏​ដោយ។

លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា៖ «​ខ្ញុំ​បាន​ទាក់​ទង​លោក​ស្រី​នាយក​រដ្ឋ​មន្រ្តី យីង​ឡាក់ ស៊ីណាវ៉ាត្រា [ហើយ​បាន​និយាយ​] ថា​វា​មិន​សំខាន់​ទេ​ថា​តើ​តុលាការ​នឹង​ចេញ​សេចក្តី​សម្រេច​អ្វី​នោះ​កម្ពុជា និង​ថៃ​នឹង​មិន​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​ទេ ព្រោះ​កម្ពុជា​និង​ថៃ​ដូច​អណ្តាត​និង​ធ្មេញ ពួកគេ​មិន​អាច​ផ្តាច់​ចេញ​ពី​គ្នា​បាន​ឡើយ។ យើង​មិន​ខ្វល់​ទេ​ថា​តើ​អ្នក​ណា​ឈ្នះ ឬ​អ្នក​ណា​ចាញ់​»។

លោក ហ៊ុន សែន បាន​ព្យាករ​ថា តុលាការ​យុតិ្តធម៌​អន្តរជាតិ​ពិត​ជា​បក​ស្រាយ​ឡើង​វិញ​នូវ​សាលក្រម​ឆ្នាំ​១៩៦២ ជា​ជាង​បដិសេធ​មិន​បំភ្លឺ ឬ​ច្រាន​ចោល​រឿង​ក្តី​នេះ ព្រោះ​តុលាការ​ត្រូវ​តែ​សម្រេច​លើ​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន​ដែល​ខ្លួន​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១១ និង​ទី២ ចៅក្រម​តុលាការ​យុតិ្តធម៌​អន្តរជាតិ​បាន​ស្នើ​សុំ​ប្រទេស​ទាំង​ពីរ​ឲ្យ​ដាក់​ផែន​ទី​ជាមួយ នឹង​និយមន័យ​នៃ​ពាក្យ​ស្តី​ពី​ទី​បរិវេណ​ប្រាសាទ​ដែល​ជា​សញ្ញា​បង្ហាញ​ថា តុលាការ​នេះ​អាច​ប្រើ​សេចក្តី​សម្រេច​របស់​ខ្លួន​ដើម្បី​ដោះ​ស្រាយ​ការ​ទាមទារ​ជាន់​គ្នា។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា តុលាការ​តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ជា​លាយលក្ខណ៍​អក្សរ ពី​ភាគី​ទាំង​ពីរ នៅ​ត្រឹម​ថ្ងៃ​សុក្រ​គឺ​ថ្ងៃ​ទី ២៦ ខែ​មេសា ហើយ​ភាគី​ទាំង​ពីរ​ត្រូវ​ដាក់​ការ​ឆ្លើយ​តប​ចំពោះ​និយមន័យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ត្រឹម​ថ្ងៃ​ទី៣​ខែ​ឧសភា​។

បន្ទាប់​ពី​បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ម្សិលមិញ ឧប​នាយករដ្ឋ​មន្ត្រី លោក ហោ ណាំហុង ដែល​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ដែល​ដឹក​នាំ​ប្រតិភូ​កម្ពុជា​ទៅ​កាន់​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​បាន​ថ្លែង​ថា លោក​បាន​ពិភាក្សា​ជាមួយ​នឹង​សមភាគី​ថៃ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ Surapong Tovichakchaiku ខណៈ​ប្រទេស​ទាំង​ពីរ​យល់​ព្រម​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ដោយ​ស្ងៀម​ស្ងាត់​។

លោក ហោ ណាំហុង បាន​ថ្លែង​បន្ត​ថា៖ «​យើង​បាន​ផ្តល់​មូល​ហេតុ​ទាំង​អស់​រួច​ហើយ ហើយ​ទុក​ឲ្យ​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ចេញ​សេចក្តី​សម្រេច​ក្នុង​រឿង​ក្តី​នេះ​»។

នៅ​ឯ​ប្រទេស​ថៃ ក្រុម​អ្នក​គាំទ្រ​ក៏​បាន​ស្វាគមន៍​សមាជិក​ក្រុម​អ្នក​ច្បាប់​ថៃ​ផង​ដែរ ក្នុង​ដំណើរ​វិល​មក​ដល់​ប្រទេស​ថៃ​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ។

យោង​តាម កាសែត​បាងកក ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រតិភូ​ថៃ​បាន​ទទួល​កម្រង​ផ្កា និង​បដា​ថ្លែង​អំណរគុណ​ពួកគេ​ចំពោះ​ការ​ងារ​យ៉ាង​សកម្ម​ក្នុង​ការ​តតាំង របស់​ខ្លួន​ចំនួន​បួន​ថ្ងៃ ក្នុង​ដំណើរការ​នៃ​សវនាការ​របស់​តុលាការ​អន្តរជាតិ​នាទី​ក្រុង​ឡាអេ​។

លោក Virachai Plisai Virachai ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ទីក្រុង​ឡាអេ បាន​ថ្លែង​ប្រាប់​បណ្តាញ​សារ​ព័ត៌មាន​នៅ​ពេល​មក​ដល់​ប្រទេស​ថៃ​ទៅ​កាន់​អ្នក​គាំទ្រ​ថា៖ «​ខ្ញុំ​បាន​ខិត​ខំ​អស់​ពី​សមត្ថភាព​ខ្ញុំ​ហើយ​»៕ TK

What Next?

Recent Articles

One Response to "នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​សរសើរ​ក្រុម​អ្នក​ច្បាប់​ទៅ​តតាំង​ជាមួយ​ថៃ នៅ​ទីក្រុង​ឡាអេ"

  1. *** says:

    បញ្ញាវ័ន្ដកូនខ្មែរអើយ!!! នេះឬប្រជាធិបតៃ របស់ប្រទេសយើង? ពេលចៅហ្វាយក្រុងឬចៅហ្វាយខេត្តចប់អាណាត់ក៏ចាប់អ្នកថ្មីមកជំនួសភ្លាមដោយគ្មានការឲ្យឈរឈ្មោះជាទូទៅសំរាប់ឲ្យរាស្រ្តប្រជាបោះឆ្នោតអញ្ចឹង???
    ហើយកូននាក់ធំអាចឈរជាបេក្ខជនតំណាងរាស្រ្ត ឯបញ្ញាវ័ន្ដកូនខ្មែរទាំងឡាយគ្មានសឹទ្ធិឈរជាបេក្ខជនតំណាងរាស្រ្តមកពីហេតុអ្វីសម្ដាចម៍??? ឬក៍ឪពុកម្តាយគេមិនបានធ្វើនយោបាយជាមួយសម្ដាចម៍???………………….???