ភ្នំពេញៈ អតីតមេបញ្ជាការជាន់ខ្ពស់ខ្មែរក្រហម ប្រចាំនៅតំបន់ភ្នំវល្លិ លោកឈូក រិន ដែលបច្ចុប្បន្នជាទណ្ឌិតនៅពន្ធនាគារព្រៃស បានបដិសេធម្តងហើយម្តងទៀត មិនព្រមឆ្លើយទៅនឹងសំណួររបស់សហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហមឡើយស្ទើរពេញមួយព្រឹកម្សិលមិញជាអ្វីដែលសាក្សីរូបនេះ បានលើកហេតុផលថា ខ្លួនមានជំងឺឈឺក្បាលនិងឈឺក ហើយទាមទារឲ្យសាលាក្តីជួយធ្វើការព្យាបាលជាមុន។
Tuesday, 23 April 2013
Justine Drennan
ភ្នំពេញ ប៉ុស្តិ៍

ឈូក រិន អតីតមេបញ្ជាការកងទ័ពខ្មែរក្រហមប្រចាំនៅតំបន់ភ្នំវល្លិ ក្នុងខេត្តកំពត ឡើងធ្វើកាសិណ នៅសាលាក្ដីខ្មែរក្រហមកាលពីថ្ងៃម្សិលមិញ។ រូបថត ECCC Pool
លោក ឈូក រិន អាយុ ៦០ ឆ្នាំ ដែលជាទណ្ឌិត ជាប់ពន្ធនាគារព្រៃស ជាង១០ ឆ្នាំមកហើយ ក្នុងចំណោមទោសមួយជីវិតពីបទវាយឆ្មក់រថភ្លើងកាលពីឆ្នាំ១៩៩៤ ដែលបានសម្លាប់មនុស្សចំនួន១៣នាក់ ក្នុងនោះក៏មានជនបរទេស ៣ នាក់ផងដែរ បានចូលទៅឆ្លើយជាកស្សិណ ក្នុងនាមជាសាក្សី នៅសាលាក្តីខ្មែរក្រហម កាលពីម្សិលមិញ។
នៅមុនពេលបដិសេធ មិនព្រមឆ្លើយទៅនឹងសំណួររបស់សហព្រះរាជអាជ្ញា ឈូក រិន បានស្នើឲ្យសាលាក្តី ដោះលែងលោកខៀវ សំផន អតីតប្រធានគណប្រធានរដ្ឋក្នុងរបបខ្មែរក្រហម ជាអ្វីដែលសាក្សីរូបនេះ បានអះអាងថា ខៀវ សំផន មិនមានតួនាទីអ្វីសំខាន់ នៅក្នុងបក្សកុម្មុយនីស្តកម្ពុជាដែលបានដឹកនាំប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩នោះឡើយ។ ជាមួយគ្នានេះ ឈូក រិន ក៏បានស្នើឲ្យសាលាក្តី ពន្លឿនដំណើការក្តីឲ្យបានឆាប់ផងដែរ ដើម្បីឲ្យទាន់វ័យចាស់ជរារបស់នួន ជា បងធំទីពីរ បន្ទាប់ពីលោកស្រី អៀង ធីរិទ្ធ មានជំងឺបាត់បង់ការចងចាំ ហើយលោកអៀង សារី បានស្លាប់។
ក៏ប៉ុន្តែទន្ទឹមនឹងនេះ លោក រិន បានថ្លែងថា៖«សាលាក្តីដឹងហើយថា ខ្ញុំមានជំងឺឈឺក និងឈឺក្បាល មិនអាចឆ្លើយទៅនឹងសំណួរបានឡើយ»។ សាក្សីរូបនេះ បានទទូចឲ្យសាលាក្តីពន្យារពេលការឆ្លើយបំភ្លឺរបស់លោក ហើយធ្វើការព្យាបាលរូបលោកឲ្យបានជាសះស្បើយជាមុន ទើបលោកអាចមានស្មារតីគ្រប់គ្រាន់ឆ្លើយទៅនឹងសំណួរផ្សេងៗបាន។
ប៉ុន្តែលោក និល ណុន ប្រធានអង្គជំនុំជម្រះ បានប្រាប់លោក រិន ថា បន្ទាប់ពីទទួលបានលិខិតរបស់គាត់ តុលាការបានសម្រេចថា គាត់នៅតែត្រូវផ្តល់ចម្លើយកសិ្សណ ដោយសារតែសារៈសំខាន់របស់គាត់ក្នុងនាមជាសាក្សី ហើយគ្មានលិខិតបញ្ជាក់អំពីជំងឺដែលនឹងប៉ះពាល់ដល់ការផ្តល់ចម្លើយកសិ្សណរបស់គាត់ឡើយ។
ប៉ុន្តែ យ៉ាងណាក្តី លោក រិន នៅតែបន្តបដិសេធដោយមិនឆ្លើយសំណួរទេ ដោយថ្លែងជាដដែលៗតបវិញថា លោកមានជំងឺ។
លោកចៅក្រម Silvia Cartwright បានថ្លែងថា៖ «លោក ឈូក រិន លោកត្រូវតែឆ្លើយសំណួរនៅពេលនេះពីព្រោះវាមិនច្រើនទេហើយក្នុងពេលនេះ យើងអាចស្តាប់បានព័ត៌មានមានប្រយោជន៍ពីលោក។ ដូច្នេះ ខ្ញុំសូមស្នើលោកកុំខ្ជះខ្ជាយពេលវេលាអី»។
លោក Victor Koppe មេធាវីការពារក្តីលោក នួន ជា បានកត់សម្គាល់ថា៖ «វាច្បាស់ចំពោះយើង និងអ្នករាល់គ្នានៅតុលាការថា សាក្សីម្នាក់នេះជាអ្នកចរចាដ៏រឹងម្នាក់»។
ដោយហៅលោក រិន ថាជា «សាក្សីអរិភាព» ម្នាក់លោក Keith Raynor សហព្រះរាជអាជ្ញាអន្តរជាតិ បានស្នើលើកចម្លើយកាលពីមុនរបស់លោក រិន ហើយស្នើលោករិន គ្រាន់តែបញ្ជាក់ថាពិត ឬមិនពិត។
ប៉ុន្តែលោក រិន បានឆ្លើយតបនឹងសំណួរជាច្រើនដោយគ្រាន់តែនិយាយថា៖ «សូមបន្តអានសូមអានបន្ត»។
ទោះជាយ៉ាងណា នៅពេលជិតដល់ថ្ងៃត្រង់ លោក រិន បានចាប់ផ្តើមបញ្ជាក់អំពីសេចក្តីថ្លែង និងកែតម្រូវថ្ងៃខែ។ មុនពេលថ្ងៃត្រង់ លោកបានផ្តល់ចម្លើយដ៏វែងបើទោះបីជាមិនចំសំណួរក៏ដោយ។
ថ្លែងអំពីការធ្វើវិសុទ្ធកម្មជាញឹកញាប់ក្នុងជួរខ្មែរក្រហម លោកបានប្រាប់តុលាការថា៖ «យើងជាកម្មាភិបាលជាន់ទាប ពេលយើងចូលមិនអាចចេញបានទេ… យើងជាឧបករណ៍ដែលប្រើប្រាស់ដោយបក្ស»។ ពេញមួយថ្ងៃ លោក រិន បានចង្អុលលោក នួន ជា ថាជាមេគំនិតនៃសកម្មភាពបក្ស។ លោក រិន បានបន្តថា៖ «សម័យនោះ លោក នួន ជា បានបញ្ជាខ្ញុំឲ្យធ្វើកិច្ចការនានា…ខ្ញុំភ័យខ្លាចគេសម្លាប់ខ្ញុំ ប្រសិនបើខ្ញុំមិនធ្វើទេនោះ»។ លោក រិន បានប្រាប់តុលាការទៀតថា៖ «ជាមេបញ្ជាការខ្មែរក្រហម ខ្ញុំមិនមែនជាមនុស្សដូចលោក នួន ជា ដែលមិនទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តនោះទេ»៕ TK
