លំនៅដ្ឋាន ៣ខ្នង ត្រូវអគ្គិភ័យ លេបត្របាក់ គ្មានសល់ នៅស្រុកអង្គរបុរី

លំនៅ​ដ្ឋាន​ប្រជា​ពលរដ្ឋ​ចំនួន​៣​ខ្នង ​ ដែល​សង់​អំពី​ឈើ​ ប្រក់​ក្បឿង​ជាប់ៗ​គ្នា​ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ ​ទាំង​កណ្ដាលអធ្រាត្រ ​ខ្ទេចខ្ទី​គ្មាន​សល់​ទាំង​សម្ភារ​ និង​ របស់របរប្រើបា្រស់ ​ក្នុង​ពេល​តែ​មួយ​ប៉ប្រិចភ្នែក​ ដោយ​មិនដឹង​មូលហេតុ។

 

យូ គីម
Thursday 25 April 2013
The Free Press Magazine

អគ្គិភ័យ​ដែល​កើតឡើង​ធ្វើ​ឱ្យ​ភ្ញាក់​ ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតៗ​ គ្នា​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​១២​និង​៣០នាទី​យប់​ថ្ងៃ​ទី២៣​ ខែមេសា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ផ្គាំ​ ឃុំ​ព្រៃ​ផ្គាំ​ ស្រុក​អង្គរបុរី​ ខេត្ដតាកែវ​ ។​

បើ​តាម​របាយការណ៍​របស់​មន្ត្រីសាលា​ស្រុក​អង្គរបុរី​បាន​ឲ្យ​ដឹង​ថា លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​បាន​ទទួល​រងគ្រោះ​ដោយសារ​ភ្លើង​ឆាបឆេះ​នោះ​មានផ្ទះ​មាន​ចំនួន​៣ខ្នង​ ដោយ​​២​ខ្នង​ទំហំ​៦​គុណ​នឹង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ បេតុង​ក្រោម រីឯ​មួយ​ខ្នង​ទៀត​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ​ ជា​កម្មសិទ្ធិ​ របស់​ទី១- ឈ្មោះ មុំ វ​ណ្ណី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ, ទី២- ឈ្មោះ យា ហួត ភេទ​ស្រី​អាយុ​៧៥​ឆ្នាំ,និង ទី​៣- ឈ្មោះ វ៉ាង វិបុល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ។ អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​ព្រៃ​ភ្គាំ​គ ឃុំ​ព្រៃភ្លុំ​ស្រុក​អង្គរបុរី ខេត្តតាកែវ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ បណ្ដាល​ឲ្យ​ទ្រព្យសម្បត្តិ ស្រូវ​អង្ករ​សំលៀកបំពាក់​របស់​ប្រើប្រាស់​ត្រូវ​ឆេះ​ខ្ទេចខ្ទី​គ្មាន​សល់។

នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ ព្រៃ​ផ្គាំ​ ស្រុក​អង្គរបុរី​ ខេត្ដតាកែវ​នេះ​ មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ ឬ​ក៏​ បាត់បង់​អាយុជីវិត​ឡើយ​ ប៉ុន្ដែ​ទ្រព្យ​សម្បត្ដិ​របស់​ប្រជាពលរដ្ឋ​ដែល​ពួក​គាត់​ ខិតខំ​សន្សំ​តាំងពី​បាតដៃ​ទទេ​ រហូត​មក​ ដល់​បច្ចុប្បន្ន​នេះ​គឺ​ត្រូវ​បាន​បំផ្លាញ​តែ​ មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​ ។​

បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សាលាស្រុក​អង្គរបុរី បាន​ឲ្យ​ដឹងថា ​ជា​ជំហាន​ដំបូង​បាន​ប៉ាន់​ ប្រមាណ​នៃ​ការ​ខូចខាត​ទាំងស្រុង​នូវផ្ទះ​ សម្បែង​របស់​ប្រជាពលរដ្ឋ​ រួម​ទាំង​លុយ​ កាក់​ សម្ភារ​ និង​របស់របរ​ចំនួន​៣​គ្រួសារ​ ដែល​រង​គ្រោះ​នេះ​ សរុប​ជា​ទឹកប្រាក់​ ចំនួន​ប្រមាណ​៣០២​លាន​រៀល​ តែ​ហេតុការណ៍​នេះ​បាន​កើតឡើង​ដោយ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ ៕

 

What Next?

Recent Articles