គណៈកម្មាធិការ កិច្ចការបរទេស បី ប្រទេសកម្ពុជា-វៀតណាមនិង-ឡាវ បានបើកកិច្ចប្រជុំលើកទី៥នៃគណ:កម្មការកិច្ចការបរទេសរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ខែមេសា២០១៣នៅ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយគ្រោងនិងបញ្ចប់នៅថ្ងៃនេះ។ លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំនេះ។
យូ វឍ្ឍន៏ះ
Thursday 25 April 2013
The Free Press Magazine
ពេលប្រជុំនេះសភាឡាវដឹកនាំដោយលោក គូកែវ អគ្គមន្ទ្រីប្រធានគណៈកម្មាធិការកិច្ចការបរទេស។សភាវៀតណាម ដឹកនាំដោយលោកត្រឹន វ៉ាន់ហាំង ប្រធានគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេស។កម្ពុជាជាម្ចាស់ផ្ទះដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព៌ត័មាន។
តាមការកំណត់ខេត្តជាប់ព្រំដែនប្រទេសទាំងបីមាន១៣ខេត្ត។កម្ពុជាមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ប្រទេសឡាវ មានខេត្តអាតាពើ(Attapeu),សេកុង(Xekhong), សារាវ៉ាន់(Saravan) និងខេត្តចំប៉ាសាក់ និងប្រទេសវៀតណាមវិញ មានខេត្តកន់ទុំ(Kon Tum),យ៉ាឡាយ(Gia Lai), ដាក់ឡាក់(DakLak),ប៊ិញភឿកនិងដាក់ណង(DakNong)។
លោក ឈាង វុន បានលើកឡើងថា រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំ របស់លោក ហេង សំរិន ក្នុងអាណត្តិកន្លងមក បានជំរុញឲ្យមានការអភិវឌ្ឍ និងកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសជាមិត្ត និងលើ សកលលោក ជាពិសេសជាមួយប្រទេសជិតខាង។
លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាកម្ពុជា បានមានប្រសាសន៏ថា ក្នុងនាមលោក ហេង សំរិន ប្រធានរដ្ឋសភា និងក្នុងនាមលោកផ្ទាល់ លោក មានសោមស្សរីករាយ ក្រៃលែង ក្នុងការចូលជាអធិបតី ក្នុងពិធីបើកសន្និសីទលើកទី៥នេះ ស្ថិតក្រោម ប្រធាន បទដ៏វិសេសវិសាលគឺ “ តួនាទីសភាដើម្បីគំាទ្រ ការអភិវឌ្ឍតំបន់ត្រីកោណ ប្រទេសទំាងបីកម្ពុជា ឡាវ វៀតណាម”។
លោក ងួន ញ៉ិល បានបព្ជាក់ថា តំបន់ត្រីកោណប្រទេសទាំងបី ត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា-ឡាវ-វៀតណាមកាលពីឆ្នាំ១៩៩៩នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងវៀងច័ន្ទប្រទេសឡាវ។ ការផ្តួចផ្តើមឲ្យមានសន្និសីទ ស្តីពីតួនាទីសភា ដើម្បីគំាទ្រការ អភិវឌ្ឍ តំបន់ត្រីកោណប្រទេសទំាងបី កម្ពុជា ឡាវ វៀតណាម គឺជាកត្តាចំាបាច់ ដែលមិនអាចខ្វះបាន ដើម្បីជួយគំាទ្រ រដ្ឋាភិបាលក្នុងការរៀបចំផែនការ គោលនយោបាយ និងយន្តការ ប្រកបដោយប្រសិទ្ឋភាព តាមរយៈការធ្វើច្បាប់ នានា សំដៅជួយកែលំអរផែនការមេ និងគោលនយោបាយរបស់ខ្លួន ឲ្យទទួលបានជោគជ័យដោយមានការចូល រួមយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋ។
គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភា នៃប្រទេសកម្ពុជា វៀតណាម និងឡាវ និងពិភាក្សារួម គ្នានៅក្នុងសន្និសីទលើកទី៥នេះ ក្នុងរយៈពេល ពីរថ្ងៃគឺថ្ងៃទី២៤និង២៥មេសា ឆ្នាំ ២០១៣។ នៅក្នុង សន្និសីទនេះ នឹងមានការពិភាក្សារិះរកបទពិសោធន៏ល្អៗនិងអនុសាសន៏ ថ្មីៗ ល្អៗ ក្នុងការជួយកែលំអរនូវ ការរៀបចំផែនការ របស់រដ្ឋាភិបាលនៃតំបន់ត្រីកោណប្រទេសទាំងបី កម្ពុជា-វៀតណាម និងឡាវ ក្នុងគោលដៅតែមួយគឺការអភិវឌ្ឍរួមគ្នា គ្រប់វិស័យ នៅ ក្នុងតំបន់ត្រីកោណនៃប្រទេស ទាំងបី៕
